ពីនេះ ពីនោះ
តើ​ពាក្យ​«​ជនជាតិ និង​សញ្ជាតិ​» មាន​អត្ថន័យ​ខុសគ្នា​ដូចម្តេច​?
08, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ ពាក្យ​ថា ជនជាតិ គឺជា​ជាតិ​សាសន៍​ដើម ដែលមាន​វប្បធម៌ ភាសា សាសនា ទំនៀមទម្លាប់​…​និង​ការរស់នៅ​ស្រដៀង​គ្នា​លើ​ភូមិសាស្ត្រ​ជាក់លាក់​ណាមួយ​។ ចំណែក ពាក្យ​ថា​«​សញ្ជាតិ​» គឺ​សំដៅលើ​អត្តសញ្ញាណ​នៃ​ក្រុមមនុស្ស ដែល​រស់នៅក្នុង​ប្រទេស​មួយ ទោះ​មាន​ជនជាតិ​ចម្រុះ សាសនា​ចម្រុះ វប្បធម៌​…​ចម្រុះ​ក៏ដោយ​។


    
​ជនជាតិ​(​ន​) គឺជា​ជាតិ​សាសន៍ ដែលមាន​ឈាមជ័រ​តែមួយ និង​មាន​ប្រវត្តិសាស្ត្រ ភាសា វប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅ​…​ដូចគ្នា​។

​សញ្ជាតិ​(​ន​) មានន័យថា ការកើត​ឯង​,​ការ​ដុះ​ឯង​,​កន្លែង​ដែល​កើត​,​ស្រុកកំណើត​(​នេះ​ជាការ​ឲ្យ​និយមន័យ​របស់​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​)​។ តាមពិតទៅ ពាក្យ​ថា​«​សញ្ជាតិ​»​មានន័យ​ទូលំទូលាយ​ជាង​នេះ ពីព្រោះ ច្បាប់​ប្រទេស​ខ្លះ ទោះបី​បុគ្គល​នោះ មិនកើត​លើទឹក​ដី​គេ​ក៏ដោយ ឲ្យ​គោរព​តាម​លក្ខ​ខ័​ណ្ឌ​នៃ​ច្បាប់​របស់គេ​នោះ គេ​នឹង​ឲ្យ​ចូលសញ្ជាតិ​របស់គេ​តែម្តង​។ 

​ភាពខុសគ្នា​រវាង​សញ្ជាតិ និង​ជនជាតិ គឺ​នៅត្រង់ថា​៖

​ជនជាតិ គឺ​គ្រាន់តែ​កិច្ចព្រមព្រៀង​មួយ​របស់​មនុស្ស ដែល​ចងសម្ព័ន្ធ​គ្នា​រស់នៅ​ជា​ពួក ក្រុម និង​សហគមន៍ ដែលមាន​វប្បធម៌ ភាសា សាសនា ទំនៀមទម្លាប់ និង​ការរស់នៅ​ដូចគ្នា​។ ជាទូទៅ ពាក្យ​ថា​«​ជនជាតិ​» គឺ​ប្រហែល​មិន​ផ្លូវការ​ច្រើនជាង ពោល គឺ​មិនមាន​លក្ខណៈ​សាកល​។ ឧទាហរណ៍​៖ ពេលធ្វើ​អត្តសញ្ញាណប័ណ្ណ គេ​ដាក់ថា​៖«​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​»​។ ហេតុអ្វី​គេ​មិន​ដាក់​អត្តសញ្ញាណប័ណ្ណ​ជនជាតិខ្មែរ​?  ឧទាហរណ៍​៖ ជនជាតិខ្មែរ ជនជាតិ​វៀតណាម ជនជាតិ​ឡាវ ជនជាតិ​ថៃ ជនជាតិ​ភូមា​…​។ ពួកគេ គឺ​ជាតិ​សាសន៍​ដើម និង​ជា​ម្ចាស់​ស្រុក​។

​សញ្ជាតិ គឺជា​ទំនាក់ទំនង​ផ្លូវច្បាប់​រវាង​បុគ្គល និង​រដ្ឋ​។ ឧទាហរណ៍​៖ អ្នកមាន​សញ្ជាតិ​ខ្មែរ ត្រូវតែ​គោរព​ច្បាប់ ទំនៀមទម្លាប់ ប្រពៃណី និង​សីលធម៌​នៃ​ការរស់នៅ​របស់​ប្រទេស​ខ្មែរ​។ បើ​មិន​អនុវត្តន៍​តាម​នោះទេ រដ្ឋ​មាន​សិទ្ធិ​អនុវត្តន៍​ច្បាប់​ប្រទេស​។ 

​សញ្ជាតិ មាន​ពីរ​ប្រភេទ គឺ​សញ្ជាតិ​ដើម និង​សញ្ជាតិ​ជាតូបនីយកម្ម​។  សញ្ជាតិ​ដើម គឺជា​ក្រុមមនុស្ស​ដែលមាន​ឈាមជ័រ​តែមួយ​។ ឧទាហរណ៍​៖ ពលរដ្ឋ​ខ្មែរ មាន​សញ្ជាតិ​ជា​ខ្មែរ​។ ឧទាហរណ៍​៖ ពលរដ្ឋ​វៀតណាម មាន​សញ្ជាតិ​វៀតណាម​។ ដោយឡែក សញ្ជាតិ​តូបនីយកម្ម គឺ​សំដៅលើ​ការចូល​សញ្ជាតិ​របស់​ជាតិ​សាសន៍​មួយ​ទៅជា​តិ​សាសន៍​មួយទៀត​។ ឧទាហរណ៍​៖ ពលរដ្ឋ​ខ្មែរ​ចូលសញ្ជាតិ​អាមេរិក​។  ពលរដ្ឋ​វៀតណាម​ចូលសញ្ជាតិ​ខ្មែរ​។

​ជាទូទៅ សញ្ជាតិ​តូបនីយកម្ម គឺ​អាស្រ័យ​លើ​ច្បាប់​របស់​ប្រទេស​រៀងខ្លួន​។  ច្បាប់​សញ្ជាតិ​ប្រទេស​ខ្លះ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ម្នាក់​មាន​សញ្ជាតិ​ពីរ​នោះទេ ខណៈ​ច្បាប់​សញ្ជាតិ​ប្រទេស​ខ្លះ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ម្នាក់​មាន​សញ្ជាតិ​ពីរ​។ ឧទាហរណ៍​៖ ច្បាប់​សញ្ជាតិ​របស់​កម្ពុ​ជា បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ម្នាក់ មាន​សញ្ជាតិ​ខ្មែរ​ផង និង​សញ្ជាតិ​ប្រទេស​ផ្សេង​មួយ​ទៀតផង​។ ឯ​ច្បាប់​សញ្ជាតិ​ប្រទេស​វៀតណាម​មិន​ដូច្នេះ​ឡើយ ពោល បើ​ពលរដ្ឋ​វៀតណាម​ណា​ម្នាក់​ចង់​ចូលសញ្ជាតិ​ផ្សេង ពលរដ្ឋ​នោះ ត្រូវតែ​បោះបង់​សញ្ជាតិ​វៀតណាម​ជាមុនសិន​៕    


Tag:
 ជនជាតិ​
 ​ សញ្ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com