ជាតិ
ស្ពានថ្ម​ចំនួន​៣​ឆ្លងស្ទឹង​សៀមរាប​គ្រោង​ដាក់​ឲ្យ​ដំណើរការ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​
09, Mar 2017 , 4:43 pm        
រូបភាព
​សៀមរាប​៖ ក្រោយ​ដំណើរ​ការសាងសង់​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ ស្ពានថ្ម​ថ្មី​ដែល​សង់​ឆ្លងកាត់​ស្ទឹង​សៀមរាប គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។ តាម​គម្រោង​ស្ពាន​នេះ គ្រោង​នឹង​បញ្ចប់​រួចរាល់​នៅ​ចុងខែ​ឧសភា ឆ្នាំ​២០១៧​។​



​លោក កង ចាន់​ត្រា អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ស្ពានថ្ម​ថ្មី​ចំនួន​៣​ដែល​ឆ្លងស្ទឹង​សៀមរាប នឹងដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នៅ​ដើមខែ​មេសា ខាងមុខនេះ​។ ការបើក​ឲ្យ​ដំណើរ​នេះ ក៏​ដោយសារតែ​ក្តីបារម្ភ​ចំពោះ​ការកកស្ទះ​ក្នុងពេល​ចូលឆ្នាំ ដែលជា​ទូទៅ​នៅ​ខេត្តសៀមរាប​នៅ​រាល់ពេល​បុណ្យចូលឆ្នាំ​ម្តងៗ មាន​ប្រជាពលរដ្ឋ​ច្រើន​បានធ្វើ​ដំណើរ​មក​កម្សាន្ត ជាពិសេស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។​



​តាម​ការបញ្ជាក់​របស់​លោក កង ចាន់​ត្រា គម្រោង​សាងសង់​ស្ពានថ្ម​ថ្មី​នេះ គឺជា​ថវិកា​រាជរដ្ឋាភិបាល​ក្នុង​គម្រោង​ឥណទាន​ឆ្នាំ​២០១៦ និង​២០១៧ ដែល​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​ជា​អ្នក​អនុវត្តន៍​។ អ្វីដែល​ពិសេស​នោះ លោក ចាន់​ត្រា​ពន្យល់ថា គឺ​ស្ពានថ្ម​ទាំង​៣​ខាងលើនេះ សង់​ទៅតាម​រចនាប័ទ្ម​បុរាណ​ខ្មែរ​សុទ្ធសាធ​។​



​គួរ​បញ្ជាក់ថា ស្ពានថ្ម​ទាំង​៣​ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរ​នាពេល​ខាងមុខនេះ ទីមួយ​មាន​ទីតាំងនៅ​វត្ត​ឥន្ទ​កោសា ទី​ពីរ​មុខ​វត្ត​ពោធិ៍​លង្ការ និង​ទី​បី មុខ​ព្រះរាជដំណាក់ គឺ​សង់​ធ្វើជា​ស្ពាន​ភ្លោះ​ទៅមក ខណៈ​ស្ពានថ្ម​ចាស់​ពីមុន​ដាក់​ជា​ផ្លូវ​ឯកទិស​នោះ​។ ស្ពាន​នេះ​បាន​បើក​ការដ្ឋាន​នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់​រយៈពេល​៧​ខែ​៕






Tag:
 ស្ពាន​
  ស្ទឹង​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com