ពីនេះ ពីនោះ
ពាក្យ​«​ដ្បិត​,​ត្បិត​»​មាន​សូរ​ដូចគ្នា តែមាន​អត្ថន័យ​មិន​ដូចគ្នា​ទេ​!
13, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្មេរ​ជាច្រើន តែង​សរសេរ​ពាក្យ​«​ដ្បិត​,​ត្បិត​» ខុសពី​អត្ថន័យ​ដើមរ​បស់ពាក្យ​នេះ​។ ប្រយោគ​ខ្លះ គេ​ត្រូវ​សរសេរ​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​«​ត្បិត​» តែ​ស្មេរ​ខ្លះ បែរជាយក​ពាក្យ​«​ដ្បិត​»​មក​ដាក់​ទៅវិញ​។ តាមពិតទៅ ពាក្យ​ទាំងពីរ​មាន​អត្ថន័យ​មិន​ដូចគ្នា​ឡើយ បើទោះបី​ពួកវា​មាន​សូរសំឡេង​ដូចគ្នា​ក៏ដោយ​។

 

​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖

​ត្បិត​(​និ​) ពាក្យ​បរិយាយ​ដែល​ភ្ជាប់​ជាមួយ​ពាក្យ «​រឹត​» ដែល​ស្មើ «​រឹតត្បិត​»​។ រឹតត្បិត គឺ​ការ​ប្រឹង​រឹត​ខ្លាំង​។
​ឧទាហរណ៍​៖ ពួកយើង​កុំ​បណ្តែតបណ្តោយ​ពេក ត្រូវតែ​រឹតត្បិត​បន្តិច​ទៅ​។ ខ្ញុំ​ត្រូវ​ចាយប្រាក់​រឹតត្បិត​បន្តិច​ហើយ ព្រោះ​ប្រាក់ខែ​របស់ខ្ញុំ មាន​ចំនួន​តិច​ណាស់​។  សូមកុំ​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញមតិ​ពេក បើ​អ្នក​ចង់​ឲ្យ​ប្រទេស​នេះ មាន​ប្រជាធិបតេយ្យ​។      

​ចំណាំ​៖ ពេក​ត្បិត មាន​ស្មេរ​ខ្លះ សរសេរ​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​«​ថ្វី​»(​ថ្វី​ត្បិត​) ដែល​នេះ គឺជា​កំហុសឆ្គង​។ តាមពិតទៅ ពាក្យ​ថា​«​ថ្វី​» គេ​ប្រើតែ​ជាមួយ​ពាក្យ​ថា​«​ដ្បិត​»(​ថ្វី​ដ្បិត​)​ប៉ុណ្ណោះ​។

​ដ្បិត (​និ​) មានន័យថា ផ្លូវ គន្លង​, ហេតុ​,​ហេតុការណ៍​។ ពាក្យ​នេះ ក៏មាន​ន័យ​ស្មើ ព្រោះតែ​,​ដ្បិតថា​,​ដ្បិតអ្វី​។ 
​ឧទាហរណ៍​៖ ព្រឹក​នេះ ខ្ញុំ​មិនបាន​ទៅ​ខេត្តកំពត​ទេ ដ្បិត​ខ្ញុំ​វិលមុខ​ខ្លាំងណាស់​។ 

​សម្គាល់​៖ ពាក្យ​នេះ ក៏​គេ​ប្រើ​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​«​ថ្វី​»​។ ថ្វី មានន័យថា ពាក្យ​សម្រាប់​សួររក​ហេតុ​,​រក​ដំណើរ​។ ឧទាហរណ៍​៖ គេ​ប្រើ​ប្រយោគ​សំណួរ​«​ថ្វី​បាន​ឯង​យំ​?» ជំនួស​ឲ្យ​ប្រយោគ​«​ហេតុអ្វី​ក៏​ឯង​យំ​?​។ ថ្វី​ដ្បិត ការសិក្សា​មានការ​លំបាក និង​ប្រើពេល​យូរ តែ​វា​នឹង​ផ្តល់​អនាគត​ភ្លឺស្វាង​ដល់​មនុស្ស​៕        



Tag:
 ដ្បិត​
  ​ត្បិត
© រក្សាសិទ្ធិដោយ thmeythmey.com