ពីនេះ ពីនោះ
ពាក្យ​«​អី​វិ​ន​» មានន័យថា​«​ជាដើម​, ល ឬ​…»
15, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​អី​វិ​ន​» គឺជា​ពាក្យ​គ្រាមភាសា ដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា តែងតែ​និយាយ​យ៉ាង​រត់មាត់​។ តើ​ពាក្យ​នេះ មាន​អត្ថន័យ​ដូចម្តេច​?
​បើ​គេ​ផ្អែកលើ​សំណង់​ប្រយោគ​របស់​ពលរដ្ឋ ដែល​តែង​និយាយ​ពាក្យ​«​អី​វិ​ន​» នៅ​ខាងចុង​ប្រយោគ ឬ​ឃ្លា គឺ​គេ​អាច​សន្និដ្ឋានបានថា ពាក្យ​«​អី​វិ​ន​» ស្មើ​និង​ពាក្យ «​ជាដើម​, ល , …»​។

 


​ឧទាហរណ៍​៖ 
១)​រត់​តុ រត់​ម៉ូតូឌុប និង​លក់​កាសែត​ជាដើម គឺ​ខ្ញុំ​ធ្លាប់ធ្វើ​អស់ហើយ កាល​រៀន​នៅ​មហាវិទ្យាល័យ​។ 
២) លែង​គប់​វង់​យក​ស្មៅ លេង​ឈូស​ទ្រនាប់ជើង លេងអុក លេង​ខ្លាស៊ីគោ​អី​វិ​ន គឺជា​ល្បែង​ដែល​ខ្ញុំ​ចូលចិត្ត​ណាស់ កាល​ខ្ញុំ​ឃ្វាលគោ​នៅ​ស្រុកកំណើត​។ 
៣) សត្វ​គោ មាន់ និង​ទា​អី​វិ​ន អ្នកស្រុក​ខ្ញុំ​ឥឡូវ​នាំគ្នា​ចិញ្ចឹម​ច្រើនណាស់​។ 
៤) ការ​គេ​យប់មិញ រាំ​បាន​ពីរ​បទ ដឹង​អាណា​វ៉ៃ​គ្នា​ពេញ​ហ្នឹង ហើយ​អញ អា​ភ័​ក្រ អាចយ អា​ឆែត អា​តឿ​អី​វិ​ន រត់​បាតជើង​ស​ព្រាត​។     
​ជាទូទៅ ពាក្យ​ថា អី​វិ​ន គឺ​គេ​ច្រើន​ឮ​ពលរដ្ឋ​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ និង​កំពត ជា​អ្នក​និយាយ ដើម្បី​បញ្ជាក់​ពី​ការរៀបរាប់​អ្វីមួយ​ដែល​សល់​បន្តទៀត​។  ប្រសិនបើ គេ​មិន​ប្រើពាក្យ​«​អី​វិ​ន​» ដោយ​ជំនួស​ពាក្យ​«​ជាដើម​,​ល ឬ​…» ក៏​ឃ្លា ឬ​ប្រយោគ​ទាំងនោះ មានន័យ​ដូចគ្នា​ផងដែរ​។ 

​ឧទាហរណ៍​៖
១) រត់​តុ រត់​ម៉ូតូឌុប និង​លក់​កាសែត​ជាដើម គឺ​ខ្ញុំ​ធ្លាប់ធ្វើ​អស់ហើយ កាល​រៀន​នៅ​មហាវិទ្យាល័យ​។
២) លែង​គប់​វង់​យក​ស្មៅ លេងអុក លេង​ខ្លាស៊ីគោ ល ជា​ល្បែង​ដែល​ខ្ញុំ​ចូលចិត្ត​លេង​ណាស់ កាល​ឃ្វាលគោ​នៅ​ស្រុកកំណើត​។  
៣)​សត្វ​គោ មាន់ ទា​…​អ្នកស្រុក​ខ្ញុំ​ឥឡូវ​នាំគ្នា​ចិញ្ចឹម​ច្រើនណាស់​៕   


Tag:
 អី​វិ​ន
© រក្សាសិទ្ធិដោយ thmeythmey.com