អន្តរជាតិ
កូរ៉េខាងជើងគំរាមវាយទ័ពអាមេរិកនិងកូរ៉េខាងត្បូង បើហ៊ានបំពានអធិបតេយ្យខ្លួនតែបន្តិច
× កូរ៉េខាងជើងព្រមានវាយប្រហារវិញបើសិនជាកងទ័ពអាមេរិកនិងកូរ៉េខាងត្បូងដែលកំពុងធ្វើសមយុទ្ធរួមគ្នានោះហ៊ានបំពានអធិបតេយ្យឬប៉ះពាល់ដល់ខ្លួននោះ។ ក្រោយភាពតានតឹងកើនឡើង អាមេរិកបានដំឡើងខែលការពារមីស៊ីលនៅកូរ៉េខាងត្បូងនិងបញ្ជូនសព្វាវុធរបស់ខ្លួនដូចជាយន្តហោះទម្លាក់គ្រាប់បែកនិងយន្តហោះគ្មានអ្នកបើកទៅឧបទ្វីបកូរ៉េដូចគ្នា។
ក្រុងព្យុងយ៉ាងបានព្រមានប្រើប្រាស់កម្លាំងវាយប្រហារលើទ័ពអាមេរិកនិងកូរ៉េខាងត្បូងដោយមិនប្រណីឡើយ បើសិនជាកងទ័ពដែលកំពុងធ្វើសមយុទ្ធរួមគ្នានេះហ៊ានរំលោភអធិបតេយ្យនិងធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ខ្លួននោះ។ កូរ៉េខាងជើងសំដៅដល់ នាវាដឹកយន្តហោះអាមេរិក Carl Vinson បច្ចុប្បន្នកំពុងដឹកនាំនាវានិងកងទ័ពអាមេរិកនិងកូរ៉េខាងត្បូងដើម្បីបន្តធ្វើសមយុទ្ធរួមគ្នា។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Reuters ក្រុងព្យុងយ៉ាងបានព្រមានដូច្នេះ៖« ប្រសិនបើពួកគេរំលោភអធិបតេយ្យឬប៉ះពាល់ដល់កូរ៉េខាងជើងតែបន្តិចនោះ ទាហានកូរ៉េខាងជើងនឹងវាយប្រហារវិញពីលើអាកាស, លើដី, លើទឹក និងពីក្រោមទឹកផងដោយមិនអន់ឱនឲ្យឡើយ»។
ទីភ្នាក់ងារដដែលនោះបានបន្តថា៖«កាលពីថ្ងៃ១១ មីនាតែមួយថ្ងៃ នាវាដឹកយន្តសត្រូវច្រើនគ្រឿងធ្វើដំណើរក្បែកដែនទឹករបស់កូរ៉េខាងជើងដើម្បីធ្វើសមយុទ្ធយោធាដោយមានការទម្លាក់គ្រាប់និងបំពេញប្រតិបត្តិការវាយឆ្មក់លើសត្រូវជាដើម»។
បើតាមអ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក នាវាដឹកយន្តហោះ Carl Vinson កំពុងស្ថិតក្នុងប្រតិបត្តិការប្រចាំឆ្នាំដោយមកកាន់តំបន់ដើម្បីចូលរួមលំហាត់យោធាជាមួយកងទ័ពសម្ព័ន្ធមិត្តកូរ៉េខាងត្បូង។
កូរ៉េខាងជើងព្រមានអាមេរិកនិងកូរ៉េខាងត្បូងជាថ្មី ក្រោយរបបនេះបានបាញ់មីស៊ីលបាលីស្ទិកចំនួន ៤គ្រាប់កាលពីដើមខែមីនាកន្លងទៅ។ ការបាញ់សាកល្បងមីស៊ីលនេះជាការគំរាមនិងឆ្លើយតបចំពោះសកម្មភាពសមយុទ្ធយោធារបស់កូរ៉េខាងត្បូងនិងអាមេរិកផងដែរ ហើយរបបដឹកនាំក្រុងព្យុងយ៉ាងក៏មើលឃើញថា វាជាការត្រៀមលក្ខណៈធ្វើសង្គ្រាម។
កាលពីខែមុន លោក ដូណាល់ ត្រាំ ព្រមានចាត់វិធានការប្រឆាំងកូរ៉េខាងជើងផងដែរដើម្បីកុំឲ្យកូរ៉េខាងជើងបន្តបង្ករឿងនិងក្អេងក្អាង។ កាលពីសប្តាហ៍មុនដែរ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបានថ្លែងបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកកំពុងវាយតម្លៃជាថ្មីចំពោះវិធានការដែលត្រូវប្រើប្រាស់ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង ហើយរាល់វិធានការទាំងអស់ក្តៅឬត្រជាក់ស្ថិតក្នុងជម្រើសដូចគ្នា។
ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចបញ្ជូនខែលការពារមីស៊ីល THAAD ទៅកាន់កូរ៉េខាងត្បូង ហើយលោកក៏បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅសម្ញែងកម្លាំងទ័ពនៅឧបទ្វីបកូរ៉េទៀត។ មហាយក្សចិនដែលជាសម្ព័ន្ធមិត្តកូរ៉េខាងជើងនោះខឹងសម្បារជាខ្លាំងពេលដែលខែលការពារមីស៊ីលអាមេរិកត្រូវបានដំឡើងនៅកូរ៉េខាងត្បូងដែលស្ថិតនៅមិនឆ្ងាយពីព្រំដែនរបស់ខ្លួននោះ។
ខណៈដែលភាពតានតឹងបន្តកើនឡើង រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson ត្រៀមមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ជប៉ុន និងចិនចាប់ពីថ្ងៃសុក្រខាងមុខនេះ ហើយគេរំពឹងថាបញ្ហាកូរ៉េខាងជើងនឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សាថែមទៀតផង។
Tag:
កូរ៉េខាងជើង
ដូណាល់ ត្រាំ
Carl Vinson
THAAD
Rex Tillerson
© រក្សាសិទ្ធិដោយ thmeythmey.com