អន្តរជាតិ
លោកស្រី ប៉ាក ហ្គឺ​ន​ហេ សុំទោស​ប្រជាជន​កូរ៉េខាងត្បូង ពេល​ចូល​បំភ្លឺ​ករណី​ពុករលួយ​
21, Mar 2017 , 2:50 pm        
រូបភាព
​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ បាន​សុំទោស​ប្រជាជន​កូរ៉េខាងត្បូង ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​របស់ខ្លួន​។ ការសុំ​អភ័យទោស​នេះ​កើតឡើង ខណៈ​លោកស្រី​ចូលខ្លួន​បំភ្លឺ​តាម​ការកោះហៅ​នៅឯ​ការិយាល័យ​រដ្ឋអាជ្ញា​នៅ​ថ្ងៃទី​២១ ខែមីនា​។ ប្រធានាធិបតី​អស់តំណែង​រូបនេះ ក៏បាន​សន្យា​សហការ​ជាមួយ​រដ្ឋអាជ្ញា​ផងដែរ ដើម្បី​ស្វែងរក​ការពិត​នៃ​រឿងអាស្រូវ​នេះ​។​



​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បាន​ចូលខ្លួន​បំភ្លឺ​នៅ​ការិយាល័យ​រដ្ឋអាជ្ញា​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ក្នុងនាម​ជា​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជាច្រើន​ដូច​ជាការ​សូកប៉ាន់​, រំលោភ​អំណាច​, ការគំរាមកំហែង និង​ការ​បែកធ្លាយ​ឯកសារ​រដ្ឋ​។ លោកស្រី បាន​សុំទោស​ជា​សាធារណៈ ពេលទៅដល់​ការិយាល័យ​រដ្ឋអាជ្ញា ដែល​ត្រូវបាន​រឹតបន្តឹង​សន្តិសុខ​យ៉ាងខ្លាំង​។ ហើយ​លោកស្រី ក៏​ប្ដេជ្ញា​ផ្ដល់​ចម្លើយ​ដោយស្មោះ​ត្រង់​ក្នុងពេល​សាកសួរ​ដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នៅមុន​ការសាកសួរ​ចាប់ផ្ដើម អតីត​ប្រធានាធិបតី​រូបនេះ ក៏បាន​ជួប​ជាមួយ​រដ្ឋអាជ្ញា​ជាន់ខ្ពស់ Roh Seung-kwon ហើយ​លោក​ក៏​ស្នើ​ឲ្យ​លោកស្រី ប៉ាក ចូលរួម​សហការ និង​ត្រូវ​ប្រាប់​ការពិត​ក្នុងពេល​សាកសួរ​នេះ​។ យ៉ាងណាក្ដី គ្មាន​ការថត​សំឡេង ឬ​ថត​ជា​វីដេអូ​ឡើយ​ក្នុងពេល​សាកសួរ​ចម្លើយ ព្រោះ​លោកស្រី ប៉ាក និង​មេធាវី​ការពារ​របស់លោក​ស្រី មិន​យល់ព្រម​។ មេធាវី ២​រូប នឹងដាក់​វេន​គ្នា​អង្គុយ​ជាមួយ​លោកស្រី ប៉ាក ក្នុងការ​សួរចម្លើយ ដែល​អាចធ្វើ​ដល់​យប់​។​

​ការសួរចម្លើយ​ប្រធានាធិបតី​អស់តំណែង​រូបនេះ ធ្វើ​ក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​ខ្លាំង​។ ប៉ូលិស​ប្រមាណ​២​ពាន់​នាក់ ត្រូវបាន​ពង្រាយ​ជុំវិញ​ការិយាល័យ​រដ្ឋអាជ្ញា ខណៈដែល​អ្នកគាំទ្រ​លោកស្រី ប៉ាក ជាច្រើន​ពាន់​នាក់ ក៏បាន​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​កន្លែង​សួរចម្លើយ និង​ផ្ទះ​លោកស្រី ដើម្បី​ទាមទារ​ឲ្យ​លុបចោល​ការសម្រេចចិត្ត​ដកតំណែង​ប្រធានាធិបតី​លោកស្រី​។

​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង នឹង​សួរចម្លើយ​លោកស្រី ប៉ាក លើ​ករណី​ទាំង​អម្បាលម៉ាន​ខាងលើ រួមទាំង​ការបរិច្ចាគ​លុយ​យ៉ាងច្រើន​របស់​ក្រុមហ៊ុន​ក្នុងស្រុក ទៅ​ឲ្យ​មូលនិធិ​ចំនួន​២​ដែល​ចាត់ចែង​ដោយ​លោកស្រី Choi Soon-sil ជា​មិត្ត​ភ​ក្កិ​លោកស្រី ប៉ាក ផ្ទាល់ ដើម្បី​ជា​ថ្នូរ​ការទទួល​ផលប្រយោជន៍​រកស៊ី​។ ដោយសារ​រឿងនេះ ប្រធាន​ក្រុមហ៊ុន Samsung ក៏ត្រូវ​មកជា​ប់​ពាក់ព័ន្ធ​លើ​ករណី​សូកប៉ាន់ និង​ត្រូវ​ចាប់ខ្លួន​ដែរ ទោះជា​លោក​បដិសេធ​ក្ដី​។

​លោកស្រី ប៉ាក ផ្ទាល់​ក៏​ទាត់ចោល​រាល់​ការចោទប្រកាន់​ទាំងអស់​មកលើ​លោកស្រី ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ឡើយ ក្នុង​ការជួយ​រក្សា​តំណែង​ប្រធានាធិបតី​នោះ​។ នៅ​ថ្ងៃទី​៩ ខែធ្នូ សភា​កូរ៉េខាងត្បូង ក៏​បោះឆ្នោត​ទម្លាក់​លោកស្រី​ចេញពី​តំណែង ហើយ​មកដល់​ថ្ងៃទី​១០ មីនា តុលាការ​ធម្មនុញ្ញ​ក៏​យល់ព្រម​លើ​ការបោះឆ្នោត​នេះ ដែល​ធ្វើ​ឲ្យ​លោកស្រី​បាត់បង់​អ​ភ៏​យ​ឯកសិទ្ធិ​ទាំងអស់​។ អស់តំណែង​មិនទាន់បាន​ប៉ុន្មាន​ផង រដ្ឋអាជ្ញា ក៏​ចេញ​ដីកាកោះ​លោកស្រី ឲ្យ​ចូលខ្លួន​បំភ្លឺ ព្រោះ​លោកស្រី​អស់​អ្វី​ការពារ​ខ្លួន​ពី​ការចោទប្រកាន់​ទៀតហើយ​៕  

Tag:
 កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ន​ហេ​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com