អន្តរជាតិ
មិន​ត្រឹមតែ​មិន​ខ្លាច កូរ៉េខាងជើង ថែមទាំង​គំរាម​កម្ទេច​អាមេរិក​ឲ្យ​ក្លាយជា​ផេះ​
21, Mar 2017 , 5:15 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប (រូបថត Xinhua)
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប (រូបថត Xinhua)
​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ ហាក់​តានតឹង​ខ្លាំង​នាពេល​ចុងក្រោយ ដោយមាន​ការឆ្លើយ​ឆ្លង និង​ការគំរាមកំហែង​គ្នា​ទៅវិញទៅមក​រវាង​កូរ៉េខាងជើង និង​អាមេរិក​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson អំឡុង​ទស្សនកិច្ច​នៅ​អាស៊ី បានលើកឡើង​ពី​លទ្ធភាព​ដែល​អាមេរិក​ប្រើ​កម្លាំងយោធា​វាយប្រហារ​មុន​លើ​កូរ៉េខាងជើង​។ ប៉ុន្តែ​កូរ៉េខាងជើង មិន​ព្រឹស​ម្បុ​រ​ព្រោះ​ការ​គំរាម​នេះឡើយ តែ​រដ្ឋ​នេះ​គំរាម​វាយ​អាមេរិក និង​កូរ៉េខាងត្បូង​ឲ្យ​ក្លាយជា​ផេះ បើ​ហ៊ាន​បំពាន​ទឹកដី​ខ្លួន​នោះ​។​



​កូរ៉េខាងជើង នៅ​ថ្ងៃទី​២០ ខែមីនា បាន​ព្រលះ​ធ្ងន់ៗ​លើ​ការព្រមាន​របស់​ប្រមុខ​ការទូត​អាមេរិក Rex Tillerson ដែល​ចង់​ប្រើ​ទណ្ឌកម្ម ឬក៏​ដល់​ថ្នាក់​ប្រើ​ទ័ព​បង្ខំ​ឲ្យ​ខ្លួន​បញ្ឈប់​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​បន្តទៀត​។ កូរ៉េខាងជើង​និយាយថា ខ្លួន​មិន​ខ្លា​ចការ​គំរាម​របស់​អា​មេ​រិ​កឡើ​យ ហើយ​កងទ័ព​ប្រជាជន​កូរ៉េ ក៏​ត្រៀមខ្លួន​រួចរាល់​ដែរ​ដើម្បី​វាយបក​លើ​បច្ចាមិត្ត​ទាំងឡាយ ដែល​បំពាន​អធិបតេយ្យ​ខ្លួន​។

​មិនតែប៉ុណ្ណោះ កូរ៉េខាងជើង ក៏​គំរាម​វាយកម្ទេច​អាមេរិក និង​កូរ៉េខាងត្បូង​ឲ្យ​ក្លាយជា​ផេះផង់​ទៀតផង បើ​ប្រទេស​ទាំងនេះ​ហ៊ាន​វាយប្រហារ​ខ្លួន​មុន​នោះ​។ ការ​គំរាម​នេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងត្បូង​ព្រមាន​ថា កូរ៉េខាងជើង​បានទទួល​ជោគជ័យ​ក្នុងការ​សាកល្បង​ម៉ាស៊ីន​បាញ់​រ៉ុក្កែត ដែល​អាច​បាញ់​មី​ស៊ី​ល​បាន​។ បើតាម​សារព័ត៌មាន Daily Express ក្រសួងការបរទេស​កូរ៉េខាងជើង បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​គំរាម​កម្ទេច​មូលដ្ឋាន​នៃ​ការឈ្លានពាន ដើម្បី​ការពារ​សេចក្ដីសុខ​រប​ស់​ប្រជាជន​កូរ៉េខាងជើង​។​

​ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក និង​កូរ៉េខាងត្បូង សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់ថា ពួក​បច្ចាមិត្ត នឹងត្រូវ​កម្ទេច​ដោយ​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​បំពាក់​ក្បាល​នុយក្លេអ៊ែរ​។ បើ​ទោះ​គេ​តែង​ឃើញ​កូរ៉េខាងជើង គំរាម​គេឯង​ជា​ញឹកញាប់​ក្ដី លើក​នេះ​កូរ៉េខាងជើង​ហាក់​ប្រើ​សម្ដី​ខ្លាំង​ជាង​មុន ដោយ​ហ៊ាន​គំរាមថា​ទាំង​អាមេរិក ទាំង​កូរ៉េខាងត្បូង អាច​រាប​ដល់​ដី​ទាំង​មិនទាន់បាន​វាយ​កូរ៉េខាងជើង​ផង​។ 

​រដ្ឋមន្ត្រីការបរទេស Rex Tillerson ទើបតែ​បញ្ចប់​ទស្សនកិច្ច​លើកដំបូង​នៅ​អាស៊ី ដោយ​លោក​បាន​ទៅ​ទស្សនកិច្ច​នៅ ជប៉ុន និង​កូរ៉េខាងត្បូង មុននឹង​ហោះ​ទៅកាន់​ក្រុង​ប៉េកាំង ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​កូរ៉េខាងជើង​។ នៅ​កូរ៉េខាងត្បូង ប្រមុខ​ការបរទេស​អា​មេ​រិ​ក​និយាយ​ច្បាស់ៗ​ថា នយោបាយ​នៃ​ការអត់ធ្មត់​បានបញ្ចប់​ហើយ​។ អាមេរិក​កំពុង​សិក្សា​វិធានការ​ផ្សេងទៀត​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង រួមទាំង​ការប្រើប្រាស់​កម្លាំង​ទ័ព​ដែរ​។

​ជាការ​ឆ្លើយតប​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង បែរជា​ស្នើ​ឲ្យ​អាមេរិក​ទទួលស្គាល់​កូរ៉េខាងជើង ជា​រដ្ឋ​នុយក្លេអ៊ែរ​ដែលមាន​ឆន្ទៈ និង​សមត្ថភាព​ពេញលេញ​ក្នុង​ការតបត​សង្គ្រាម​ដែល​អាមេរិក​បញ្ឆេះ​ឡើង​។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង ក៏​ត្រៀម​បញ្ជាក់ថា យុទ្ធសាស្ត្រ​របស់​អាមេរិក ពិតជា​មិនអាច​បន្លាច​កូរ៉េខាងជើង​បានឡើយ ហើយ​ថែមទាំង​អាច​រង​ការ​សងសឹក​ពី​អាវុធ​ដ៏​មាន​ឥទ្ធិពល​របស់​កងទ័ព​កូរ៉េ​ទៀតផង​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ឧបទ្វីប​កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com