ជាតិ
រដ្ឋាភិបាល បញ្ឈប់​ដំណើរការ​ក្រុមហ៊ុន​ទឹកដោះគោ​អាមេរិក ដែល​ទិញ​ទឹកដោះ​ស្ត្រី​ខ្មែរ​ទៅ​ផលិត​
28, Mar 2017 , 4:16 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បានសម្រេច​បញ្ឈប់​ដំណើការ​របស់​ក្រុមហ៊ុន «​គុណមាតា​» ដែលជា​សាខា​ក្រុមហ៊ុន Ambrosia របស់​អាមេរិក ដែល​បាន​ទិញ​ទឹកដោះ​ស្ត្រី​ខ្មែរ យកទៅ​ផលិត​ជា​ទឹកដោះគោ ឬ​ជា​របប​អាហារ​សម្រាប់​កុមារ នៅក្នុង​ទីផ្សា​រសហរដ្ឋអាមេរិក​។



​ក្រុមហ៊ុន Ambrosia ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Utah សហរដ្ឋអាមេរិក បានចាប់ផ្ដើម​ដំណើការ នាំចេញ​ទឹកដោះមនុស្ស ទៅ​លក់​នៅ​ទីផ្សារអាមេរិក​ដំបូង​គេ​បង្អស់ សម្រាប់​មាតា​ដែល​ត្រូវការ​ទឹកដោះ ជំនួស​របប​អាហារ​របស់​កូន​ពួកគេ ជាពិសេស​ស្ត្រី​ដែល​ខ្វះ​ទឹកដោះ​។ ក្រុមហ៊ុន​នេះ បាន​ដើរ​ប្រមូល​ទិញ​ទឹកដោះ​នៅក្នុង​ប្រទេស​កម្ពុជា ​ជាង​មួយឆ្នាំ​ហើយ ដោយ​យកទៅ​ក្លាស្សេ​ឲ្យ​បានល្អ មុននឹង​នាំចេញ​ទៅ​លក់​ក្នុង​ទីផ្សារ​អាមេរិក ​ជា​ទីដែល​ទឹកដោះ​ត្រូវយកទៅ​កម្ចាត់​មេរោគ ហើយ​លក់​ក្នុងតម្លៃ​២០​ដុល្លារ ក្នុង​មួយកញ្ចប់ ដែលមាន​រង្វាស់​១៤៧​មី​ល្លី​លីត្រ​។​

​ក្រោយពី​ពិនិត្យ​លើ​សំណើសុំ​បន្តដំណើ​ការទិញ​ទឹកដោះ​ពី​ស្ត្រី​ខ្មែរ​រួចមក រដ្ឋាភិបាល ក៏​បានចេញ​សេចក្ដីសម្រេច​ មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន «​គុណមាតា​» ដែលមាន​ឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​ហៅថា Ambrosia Labs នេះ នាំចេញ​ទឹកដោះ​ស្ត្រី​ខ្មែរ​ទៅ​ផលិត​ជា​របប​អាហារ​លក់​ក្នុង​ទីផ្សារ​អាមេរិក​ឡើយ​។​

​លិខិត​សម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២៨ មីនា​នេះ បាន​ទៅប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដូច្នេះ​ថា​៖«​ត្រូវ​ចាត់ការ​ទប់ស្កាត់​ជាបន្ទាន់​ ចំពោះ​ការប្រមូលទិញ និង​នាំចេញ​ទឹកដោះ​ម្ដាយ​ពី​កម្ពុជា​។ បើទោះជា​កម្ពុជា​ក្រលំបាក​យ៉ាងណា ក៏​មិន​ដល់​កម្រិត​លក់​ទឹកដោះ​ម្ដាយ​ដែរ​»​។​

​កន្លងមក​មូលនិធិ​សង្គ្រោះ​កុមារ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ UNICEF ក៏បាន​ចេញមុខ​ថ្គោល​ទោស​ចំពោះ​ក្រុមហ៊ុន Ambrosia ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Utah សហរដ្ឋអាមេរិក​មួយ​នេះ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចុះ​អន្តរាគមន៍​ទប់ស្កាត់​បញ្ហា​នេះ​ផងដែរ​។ មន្ត្រី​អង្គការ UNICEF ប្រចាំ​កម្ពុជា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​ផលិត​ទឹកដោះ​នេះ មិនគួរ​ឲ្យ​មានដំណើ​ការប្រមូលទិញ​ទឹកដោះ​ពី​ស្ត្រី​ខ្មែរ​ទេ ព្រោះ​វា​ជា​ជំនួញ​ដែល​បឺត​ជញ្ជក់​ញើស​ឈាម​របស់​ស្ត្រី​ក្រីក្រ ដើម្បី​ផលចំណេញ​របស់​ពួកគេ​នោះទេ​។ ពីព្រោះ​ទឹកដោះ​ គឺជា​កោសិកា​របស់​មនុស្ស ដូចជា​នឹង​សរសៃឈាម​ដែរ ដូច្នេះ​ជំនួញ​បែបនេះ គួរតែ​ត្រូវបាន​ហាមឃាត់​»​។

​ទាក់ទង​នឹង​ការនាំចេញ​ទឹកដោះស្រស់​របស់​មនុស្ស ទៅ​លក់​នៅ​ទីផ្សា​រអាមេរិក​នេះ ស្ថាបនិក​ក្រុមហ៊ុន Ambrosia លោក Bronzson Woods ដែលមាន​គំនិត​បង្កើត​គម្រោង​នេះ​ឡើង បាន​អះអាង​ការពារ​មុខ​ជំនួញ​នេះ​ថា វា​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ត្រី​នោះទេ តែ​ផ្ទុយទៅវិញ​ វា​គឺជា​ការជំរុញ​ឲ្យ​ស្ត្រី​ដែល​រស់នៅ​តំបន់​ក្រីក្រ អាចមាន​លទ្ធភាព​រក​ប្រាក់​ចិញ្ចឹម​កូន តាមរយៈ​ការលក់​ទឹកដោះ​​។ លោក Bronzson Woods ធ្លាប់បាន​បង្ហោះ​វី​ដេ​អូ​តាម​បណ្ដាញ YouTube ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល ​អនុញ្ញាត​ឲ្យ​លោក បន្ត​ការនាំចេញ​ផលិតផល​ទឹកដោះស្រស់​របស់​មនុស្ស​ ទៅ​លក់​នៅ​អាមេរិក​នេះ​ផងដែរ​៕


Tag:
 ទឹកដោះ​
  ​អាមេរិក​
  Ambrosia
© រក្សាសិទ្ធិដោយ thmeythmey.com