កីឡាជាតិ
ជាតិ
ក្រុម​ជម្រើសជាតិ​កម្ពុជា​ដឹកនាំ​ដោយ​លោក Vitorino មកដល់​មាតុប្រទេស​នៅថ្ងៃនេះ​
30, Mar 2017 , 1:46 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក Leonardo Vitorino បាន​ចាក​ចេញពី​ប្រទេស​ហ្ស៊​កដា​នី ដោយ​គ្រោង​មកដល់​កម្ពុជា​នៅថ្ងៃនេះ​។ បើតាម​មន្ត្រី​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាករ​បាល់ទាត់​កម្ពុជា ក្រុម​គោព្រៃ​កម្ពុជា​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​វេលា​ម៉ោង​ប្រមាណ​ជា​៣​រសៀល​នេះ​។



​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោយ​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ហ្ស៊​កដា​នី ៧-០ នា​ការប្រកួត​បើកឆាក​ពូ​ល C នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ កាលពី​យប់​ថ្ងៃទី​២៨ ខែមីនា នៅ​ទីក្រុង Amman​។ ក្រុម​គោព្រៃ​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក Leonardo Vitorino នឹង​មកដល់​មាតុប្រទេស​វិញ​នៅថ្ងៃនេះ​។ 

​បើតាម​មន្ត្រី​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក ច័ន្ទ មិថុនា ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​វេលា​ម៉ោង​២:៥៥​នាទី​រសៀល​ថ្ងៃទី​៣០ ខែមីនា នេះ​។ ពេលវេលា​នៃ​ការមកដល់​នេះ គឺមាន​ការប្រែប្រួល​ប្រមាណ​ជាជាង​២​ម៉ោង បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​ជើងហោះហើរ ដោយ​ដំបូង​ក្រុម​គោព្រៃ​កម្ពុជា​គ្រោង​មកដល់​កម្ពុជា​ចន្លោះ​ពី​ម៉ោង​១២​ថ្ងៃត្រង់​ទៅ​ម៉ោង​១​រសៀល​។

​គួរ​បញ្ជាក់ថា វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់ AFC Asian Cup 2019 ក្រោយ​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ហ្ស៊​កដា​នី ក្រុម​ជម្រើសជាតិ​កម្ពុជា​កំពុង​ឈរ​បាត​តារាង​ដោយមាន​០​ពិន្ទុ ខណៈ​ហ្ស៊​កដា​នី​ឈរ​កំពូល​តារាង​ដោយមាន​៣​ពិន្ទុ​។ រីឯ​វៀតណាម​ឈរ​លំដាប់​លេខ​២​ដោយមាន​១​ពិន្ទុ ខណៈ​អាហ្គានីស្ថាន​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​១​ពិន្ទុ​ដូចគ្នា​។ គួររំលឹកថា វៀតណាម និង​អាហ្គានីស្ថាន​ក្នុងជំនួប​បើកឆាក​វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់ AFC Asian Cup 2019 ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​ស្មើ ១-១៕   


Tag:
 ​បាល់ទាត់​
  ក្រុម​ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com