អន្តរជាតិ
កូហ្វី អាណាន់ និយាយ​ឌឺដង​ឲ្យ ត្រាំ ថា «​តើ​សេដ្ឋកិច្ច​លូតលាស់​មានន័យ​អ្វី បើ​អ្នក​មិន​ទាំង​អាច​ដកដង្ហើម​បាន​ផង​?»
30, Mar 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិភពលោក​ព្រួយបារម្ភ​ថា លោក ដូ​ណា​ល់ ត្រាំ នឹង​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​នៅពេល​ខាងមុខ​។  រដ្ឋបាល​ត្រាំ នៅតែ​ជឿថា ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​បោកប្រាស់​បង្កើតឡើង​ដោយ​ចិន​ដើម្បី បង្អាក់​ការលូតលាស់​នៃ​សេដ្ឋកិច្ច​អាមេរិក​ជាដើម​។ ពាក់ព័ន្ធ​បញ្ហា​នេះ អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កូហ្វី អាណាន់ (Kofi Annan) បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​លើ​ពិភពលោក​ប្រឹងប្រែង​សហការគ្នា​ដើម្បី​គាំទ្រ​ការអនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ​ដើម្បី​ប្រយោជន៍​មនុស្សជាតិ​ទូទាំង​ពិភពលោក ទោះជា​អាមេរិក​ដើរចេញ​ក៏ដោយ​។ ប៉ុន្តែ​លោក​ចោទសួរ​គ្រប់គ្នា​ផងដែរ​ថា​៖«​តើ​សេដ្ឋកិច្ច​លូតលាស់​មានន័យ​អ្វី បើសិន​អ្នក​មិន ទាំង​អាច​ដកដង្ហើម​បាន​ផង​?» ដែល​សារ​នេះ​ហាក់ដូចជា​ឌឺដង​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ដែល​ខ្វល់​តែ​ពី​សេដ្ឋកិច្ច​រហូត​ភ្លេច​គិតពី​បរិស្ថាន​ដែល​ជួយ​ទ្រទ្រង់​ជីវិត​មនុស្ស​នោះ​។​



​សប្តាហ៍​នេះ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានចេញ​ក្រឹត្យ​លុបចោល​គោលនយោបាយ​ថ្នាក់ជាតិ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​ដែលជា​មរតក​របស់រ​ដ្ឋ​បាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ ក្នុងពេល​ចុះហត្ថលេខា​លើ​ក្រឹត្យ​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​អង្គភាព​ការពារ​បរិស្ថាន (EPA) ចាប់ផ្តើម​នីតិវិធី​ដើម្បី​ដក​និង​រៀបចំ​ឡើងវិញ​រាល់​បទបញ្ញត្តិ​ស្តីពី «​ផែនការ​ថាមពល​ស្អាត​»​ដែល​បង្កើតឡើង​ក្នុង​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។  ផែនការ​នេះ​មាន​គោលដៅ​បិទ​ចោល​រោងចក្រ​ថាមពល​ធ្យូងថ្ម​ជាច្រើន​កន្លែង​និង​ជំនួស​មកវិញ​ដោយ​ការបង្កើត​កសិដ្ឋាន​ដែល​ផលិត​ថាមពល​ស្អា​តករ​កើតឡើង​វិញ​មាន​កង្ហារ​ខ្យល់​និង​បន្ទះ​សូ​ឡា​។​

​យោងតាម​សារព័ត៌មាន New York Times បទបញ្ជា​របស់ ប្រធានាធិបតី​អាមេរិក ដែល​បញ្ចប់​ការប្រឹងប្រែង​របស់​អាមេរិក​ដែលជា​មហាអំណាច​បំពុល​ពិភពលោក​ជាងគេ​លេខ​រៀង​ទី​២ ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ បានធ្វើ​ឲ្យ​បណ្តា​អ្នកការទូត​ទូទាំង​ពិភពលោក​ព្រួយបារម្ភ​ខ្លាំង​។ វា​ក៏​បង្ហាញ​ឲ្យ​ឃើញថា លោក ដូ​ណា​ល់ ត្រាំ នៅតែ​មិន​ជឿថា ការប្រែប្រួល​អាកាសធាតុ​នេះ​ជា​រឿ​ត​ពិតប្រាកដ ហើយ​លោក​ចិញ្ចឹមចិត្ត​គិតថា វា​ជា​រឿង​បោកប្រាស់​បង្កើត​ដោយ​ក្រុង​ប៉េកាំង​ដើម្បី​ពន្យឺតការ​លូតលាស់​អាមេរិក​ថែមទៀត​។​

​យ៉ាងណាក៏ដោយ  វា​មាន​ភាគរយ​ច្រើន​ដែល​រដ្ឋបាល​លោក ត្រាំ នេះ​នឹង​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ប៉ារីស​ដែល​សម្រេចបាន​កាល​ចុងឆ្នាំ​២០១៥ ទៀត ថ្វីបើ​ដូ​ណា​ល់ ត្រាំ មិនទាន់​សម្រេច​ចិត្តជា​ផ្លូវការ​ក៏ដោយ​។​

​តាមពិតទៅ កិច្ចព្រមព្រៀង​អាកាសធាតុ​ដែល​គេ​សម្រេចបាន​នៅ​ចុងឆ្នាំ​២០១៥​នេះ ជា​លិ​ខិ​តូ​បក​រណ៍​អន្តរជាតិ​ដ៏​មាន​សារសំខាន់​មួយ​។ ប្រទេស​ជិត​២០០ ក្លាយជា​រដ្ឋ​ហត្ថលេខី ដោយ​វា​មាន​គោលដៅ​ចម្បង​ទប់ស្កាត់​ការ​កើន​កម្តៅ​ច្រើនជាង ៣,៦ អង្សា​ដែល​តាម​ការវាយតម្លៃរ​បស់​អ្នកវិទ្យាសាស្ត្រ កម្រិត​នេះ​នឹង​បង្កើត​បញ្ហា​ធ្ងន់ធ្ងរ​ជាពិសេស​គ្រោះរាំងស្ងួត ទឹកជំនន់ ការកើនឡើង​នៃ​កម្រិត​នីវ៉ូទឹក​សមុទ្រ និង​គ្រោះ​ទុរភិក្ស​កង្វះ​ស្បៀង​ជាដើម​នាពេល​អនាគត​។

​ការដើរ​ចេញ​របស់​អា​មេ​រិ​ក​នាពេល​ណាមួយ​ខាងមុខ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​របស់​ពិភពលោក​ផងដែរ​។ អាមេរិក​ជា​ប្រទេស​បំពុលបរិយាកាស​លេខ​រៀង​ទី​២ បន្ទាប់ពី​ចិន ហើយ​អាមេរិក​នៅ​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ប្រឹងប្រែង​ខ្លាំង​ដើម្បី​បញ្ចុះបញ្ចូល​ចិន​ឲ្យ​ទទួលខុសត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នេះ ប៉ុន្តែ​ពេលនេះ​អាមេរិក​ខ្លួនឯង​ជា​អ្នក​ដកខ្លួន​ទៅវិញ​។​

១.​ទោះ​អាមេរិក​ដើរចេញ​ក៏ដោយ ពិភពលោក​ត្រូវ​បន្ត​គាំទ្រ​កិច្ចព្រមព្រៀង​អាកាសធាតុ​
 
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក កូហ្វី​អាណាន់ បានលើកឡើង​ក្នុង​វេទិកា​ស្តីពី​អនាគត​នៃ​វិស័យ​កសិកម្ម​លើក​ទី​១០​នាទី​ក្រុង​ព្រុ​ច​សែ​ល​ដើម​សប្តាហ៍​នេះ​ថា វា​ជា​រឿង​មិន​ច្បាស់លាស់​ឡើយ​ពាក់ព័ន្ធ​ការបន្ត​ប្តេជ្ញាចិត្ត​គាំទ្រ​យុទ្ធនា​ការប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​របស់​អាមេរិក​នេះ​។ ប៉ុន្តែ​លោក​បាន​អំពាវនាវ​យ៉ាងទទូច​សុំ​ឲ្យ​ប្រទេស​នានា​លើ​ពិភពលោក​ជា​សមាជិក​កិច្ចព្រមព្រៀង​នេះ​បន្ត​ប្រឹងប្រែង​គាំទ្រ​និង​សហការគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​គ្រោះថ្នាក់​នេះ​។​

​យោងតាម​សារព័ត៌មាន African News លោក កូហ្វី អាណាន់​បានលើកឡើង​ដូច្នេះ​៖«​អាមេរិក​ប្រហែលជា​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ ដោយសារ​គោល​ន​យ​បាយ​លោក ដូ​ណា​ល់ ត្រាំ​។ ប៉ុន្តែ​ប្រទេស​ឯទៀត​នឹង​នៅ​បន្ត​ទៅមុខ​»​។

​ក្នុងករណី​ដែល​អាមេរិក​ចាកចេញ បណ្តា​រដ្ឋ​អឺរ៉ុប​ដែលមាន​សេដ្ឋកិច្ច​ធំៗ​ប្រហែលជា​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​គ្នា​ដើម្បី​ដឹកនាំ ប៉ុន្តែ​បច្ចុប្បន្ននេះ​គេ​មើលឃើញ​សក្តានុពល​របស់​ចិន​ក្នុងការ​ចូលមក​ជំនួស​តំណែង​របស់​អាមេរិក​ក្នុង​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។ គេ​មិនទាន់​អាចសន្និដ្ឋាន​បាន​នៅឡើយ​ទេ​ថា ចិន​មាន​ឆន្ទៈ​ធ្វើជា​ក្បាលម៉ាស៊ីន​ដឹកនាំ​យុទ្ធនាការ​សង្គ្រោះ​ពិភពលោក​នេះ​កម្រិតណា​ដែរ​។​

២.​កូហ្វី អាណាន់ ចោទ​សួរថា សេដ្ឋកិច្ច​លូតលាស់​បាន​ប្រយោជន៍​អ្វី បើ​មនុស្ស​ដកដង្ហើម​មិនបាន​ផង​?

​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ​ក៏​ព្យាយាម​រិះគន់​បណ្តា​ប្រទេស​ដែល​មិន​ចូលរួម​ក្នុង​យុទ្ធនា​ការប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​ដោយ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាង​ប្រយោជន៍​មនុស្សជាតិ​ទូទាំង​ពិភពលោក​ដូចជា​អាមេរិក​នេះដែរ​។ លោក​សួរ​ក្នុង​របៀប​ឌឺដង​ផ្លែផ្កា​ថា​៖ «​តើ​កំណើនសេដ្ឋកិច្ច​នោះ​មាន​ប្រយោជន៍​អ្វី បើ​អ្នកឯង​មិន​ទាំង​អាច​ដកដង្ហើម​បាន​ផង​?»​។ 

​លោក កូហ្វី អាណាន់ បាន​កត់សម្គាល់ថា ប្រែប្រួល​អាកាសធាតុ​នេះ​ជា​ឧបសគ្គ​ធំ​បំផុត​សម្រាប់​ការ​អ​ភ​វិ​ឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​របស់​ពិភពលោក​។  បើ​គ្មាន​ដំណោះស្រាយ​ទាន់ពេលវេលា​ទេ គ្រោះមហន្តរាយធម្មជាតិ​មាន​រាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និង​គ្រោះ​ទុរភិក្ស​ជាច្រើន​ផ្សេងទៀត ដែល​អាច​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ប្រឈម​ការអត់ឃ្លាន​និង​កង្វះខាត​អាហារូបត្ថម្ភ​ដោយសារ​អសន្តិសុខ​ស្បៀង​ជាដើម​។ ដូច្នេះ វា​ជា​ពេលដែល​ពិភពលោក​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​លើ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឲ្យ​បាន​ជោគជ័យ ដើម្បី​ប្រយោជន៍​មនុស្សជាតិ​ទាំងមូល​។​

«​ដល់ពេល​យើង​ប្តូរ​ក្តីសង្ឃឹម​របស់​យើង​ទៅជា​សកម្មភាព​និង​ចាប់​ផ្តើមកសាង​សមត្ថភាព​ដើម្បី​ធានា​សន្តិសុខ​ស្បៀង​និង​លើកកម្ពស់​ការ​អ​ភ​វិ​ឌ្ឍ​ន៍​ដោយ​និរន្ត​ភាព​និង​ប្រកបដោយ​វិបុលភាព​»​។ នេះ​ជាការ​លើ​ឡើង​របស់លោក កូហ្វី​អាណាន់​។​

​លោក​បន្តថា ដំណោះស្រាយ​គឺ ប្រទេស​អភិវឌ្ឍ ត្រូវ​រួមចំណែក​វិនិយោគ​ក្នុងប្រទេស​ក្រីក្រ​ដើម្បី​លើក​ស្ទូ​យ​វិស័យ​កសិកម្ម​និង​ប្រព័ន្ធ​ចំណីអាហារ​។ វា​ត្រូវការ​ទាំង​បច្ចេកទេស​និង​ធនធាន​ដើម្បី​ធានាថា ប្រទេស​ក្រីក្រ​អាច​ផលិត​អាហារ​បាន​ច្រើនជាង​មុន​និង​ប្រើប្រាស់​ធនធាន​តិច​៕


Tag:
 កូហ្វី អាណាន់​
  ដូ​ណា​ល់ ត្រាំ​
  COP 21
  កិច្ចព្រមព្រៀង​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com