ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា ត្រូវ​ធ្វើជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​?
30, Mar 2017 , 5:31 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ បន្ទាប់ពី​ជួបពិភាក្សា​គ្នា ជុំវិញ​បញ្ហា​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៩ មីនា រួចមក ក្រសួងមហាផ្ទៃ នៅតែ​អះអាងថា សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ទុយ​ពី​លក្ខន្តិក​បក្ស ដែល​បានដាក់​តម្កល់​នៅ​ក្រសួង​កាលពី​ឆ្នាំ​២០១៣ ទាក់ទង​នឹង​ការរៀបចំ​ក្បាលម៉ាស៊ីន​ប​ក្ស ក្រោយពី​បាត់បង់​ប្រធាន​គណបក្ស​។ ក្រសួងមហាផ្ទៃ ទំនងជា​ចង់​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ជ្រើសរើស​ប្រធាន​បក្ស​បានទេ ពោលគឺ​ត្រូវ​មានតែ​ប្រធានស្តីទី​គណបក្ស​ប៉ុណ្ណោះ​។​


 
​ក្នុង​សន្និសីទកាសែត​នា​រសៀល​នេះ អនុ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហ៊ុន បាន​ពិនិត្យឃើញថា ការ​ធ្វើសមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយបាន​បោះឆ្នោត​ជ្រើសតាំង​ឯកឧត្តម កឹម សុខា ជា​ប្រធាន លោក ប៉ុល ហំ​ម លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ធ្វើជា​អនុប្រធាន គឺ​មិន​ត្រឹមត្រូវ​ឡើយ​។ 
 
​ត្រង់ចំណុច​នេះ​លោក ប៊ុន ហ៊ុន បាន​រំ​ឮ​ក​ភ្លាម​ពី​ប្រកា​៤៧ នៃ​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចែងថា បើ​ប្រធាន​បាត់បង់​សមត្ថភាព​ដឹកនាំ​គណបក្ស ដែល​បញ្ជាក់​ដោយ​គណៈកម្មាធិកា​រ​នាយក ហើយ​អាណត្តិ​នៅសល់​តិចជាង​១៨ ខែ អនុប្រធាន​គណបក្ស​ត្រូវ​ទទួល​នាទី​ជា​ប្រធានស្តីទី។ ហើយ​គណៈកម្មាធិការ​នា​យក ត្រូវ​រៀបចំ​ជ្រើសរើស​អនុប្រធាន​គណបក្ស​ថ្មី​មួយរូប ក្នុង​រយៈពេល​៣០​ថ្ងៃ​យ៉ាងយូរ​ពី​ក្នុងចំណោម​សមាជិក​របស់ខ្លួន ដោយ​សំឡេង​ដាច់ខាត​៥០​បូក​១ នៃ​សមាជិក​គណៈកម្មាធិការ​នាយក​ទាំងមូល ដើម្បី​ជួយ​ការងារ​ប្រធានស្តីទី​គណបក្ស​រហូតដល់​ចប់​អាណត្តិ​។​

ដូច្នេះ​បញ្ហា​ខាងលើនេះ ក្រសួងមហាផ្ទៃ ទំនង​ចង់​រំ​ឮ​កថា ក្រោយពី​លោក សម រង្ស៊ី បាន​លាលែង​ចេញពី​តំណែង​ប្រធាន​បក្ស​នោះ គឺ​មិនមាន​សល់​រយៈពេល​១៨​ខែ ដូច​ចែង​ក្នុង​លក្ខន្តិកៈ​របស់​គណបក្ស​ទេ ។ ហេតុនេះហើយ​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនអាច​ជ្រើស​ប្រធាន​គណបក្ស ជំនួស​លោក សម រង្ស៊ី ដែល​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃទី​១១ កុម្ភៈ បានឡើយ​។ ហើយ​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​បក្ស​កាលពី​ថ្ងៃទី​២ មីនា នោះ ត្រូវ​មកកាន់​តួនាទី​ជា​ប្រធានស្តីទី​គណបក្ស​វិញ រហូតដល់​ចប់​អាណត្តិ​នេះ​។​
 
​ចំណែក​អនុប្រធាន​៣​រូបនេះ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើសតាំង​នោះ ក៏​មិនអាច​អនុញ្ញាត​ឲ្យ​កាន់តំណែង​ជា​អនុប្រធាន​បានដែរ ពោលគឺ​លក្ខន្តិកៈ​ចាស់​របស់​គណ​បក្ស បានកំណត់​ឲ្យ​មានតែ​អនុប្រធាន​តែ​មួយរូប​ប៉ុណ្ណោះ​។​
 
​តែ​យ៉ាងណា​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​កែប្រែ​លក្ខន្តិកៈ​គណបក្ស​ថ្មី ត្រង់​ប្រការ​៤៥ និង​ប្រការ​៤៧ យកទៅដាក់​តម្កល់​នៅ​ទី​ក្រសួងមហាផ្ទៃ​ហើយ​ដែរ ដើម្បី​សម្រួល​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​សមាជ​របស់ខ្លួន​។ បើ​ផ្អែកលើ​លក្ខន្តិកៈ​គណបក្ស​ថ្មី ដែល​បាន​កែប្រែ​ត្រង់​ប្រការ​៤៧ នោះ បានចែងថា បើ​ប្រធាន​គណបក្ស​បាត់បង់​សមត្ថភាព​ដឹកនាំ​គណបក្ស ដែល​បញ្ជាក់​ដោយ​គណៈកម្មាធិកា​រ​នាយក ហើយ​អាណត្តិ​នៅសល់​តិចជាង​១៨ ខែ អនុប្រធាន​គណបក្ស​ដែលមាន​អាយុ​ច្រើនជាងគេ ត្រូវ​ទទួល​នាទី​ជា​ប្រធាន​គណបក្ស​។ ហើយ​បើ​គ្មាន​អនុប្រធាន​គណបក្ស គណៈកម្មាធិការ​នាយក ត្រូវ​រៀបចំ​ជ្រើសរើស​អនុប្រធាន​គណបក្ស​ថ្មី​យ៉ាងតិច​មួយរូប ក្នុង​រយៈពេល​៣០​ថ្ងៃ​យ៉ាងយូ​ពី​ក្នុងចំណោម​សមាជិក​របស់ខ្លួន ដោយ​សំឡេង​ដាច់ខាត​៥០​បូក​១ នៃ​សមាជិក​គណៈកម្មាធិការ​នាយក​ទាំងមូល ដើម្បី​ជួយ​ការងារ​ប្រធានស្តីទី​គណបក្ស​រហូតដល់​ចប់​អាណត្តិ​។​
 
​បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ កែប្រែ​លក្ខន្តិកៈ​ថ្មី ឲ្យ​ត្រឹមត្រូវ​ស្របតាម​សមាជ​គណបក្ស​ខ្លួន​ក្តី តែ​ក្រសួងមហាផ្ទៃ នៅតែ​អះអាងថា ការជ្រើសតាំង​ប្រធាន​ថ្មី​មួយរូប និង​អនុប្រធាន​ថ្មី​៣​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ ខុសពី​លក្ខន្តិកៈ ប្រការ​៤៧ ចាស់ និង​ប្រការ​៤៧​ថ្មី របស់​គណបក្ស​ដដែល​៕
 
 
 

Tag:
 ​កឹម សុខា​
 ​មហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com