ពីនេះ ពីនោះ
កុំ​យល់ច្រឡំ​ថា ពាក្យ «​វិជ្ជា និង វិទ្យា​» មានន័យ​ខុសគ្នា​!
31, Mar 2017 , 7:30 am        
រូបភាព
ភ្នំពេញ៖ ​អ្នកខ្លះ​អះអាងថា ពាក្យ «​វិជ្ជា និង វិទ្យា​» មានន័យ​ខុសគ្នា​។ ប៉ុន្តែ អ្នក​ខ្លះទៀត ថា​មានន័យ​ដូចគ្នា​។​



​តាម​ការពិត គ្មាន​ឡើយ​ភាពខុសគ្នា​រវាង​ពាក្យ «​វិជ្ជា និង វិទ្យា​»​។ ពាក្យ​ទាំងពីរ​នេះ ថ្វីដ្បិតតែ​សរសេរ​និង​បញ្ចេញ​សំឡេង​ខុសគ្នា​ក៏ពិតមែន តែមាន​អត្ថន័យ​ដូចគ្នា​ទាំងស្រុង​។ ពាក្យ «​វិជ្ជា និង វិទ្យា​» មានន័យថា ការចេះដឹង ឬ ចំណេះដឹង ដូច​តែ​គ្នា​ទេ គ្រាន់តែ ពាក្យ «​វិជ្ជា​» សរសេរ​តាមបែប​បាលី ចំណែកឯ ពាក្យ «​វិទ្យា​» វិញ សរសេរ​តាមបែប​សំស្ក្រឹត ប៉ុណ្ណោះ​។

​ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​មួយចំនួន បាន​បែងចែក​ពាក្យ​ទាំងពីរ​នេះ ថា​មាន​អត្ថន័យ​និង​ការប្រើប្រាស់​ទីទៃ​ពីគ្នា​។  អ្នកខ្លះ​យល់ថា ពាក្យ​ណា​ទាក់ទង​នឹង​សង្គម ត្រូវ​ប្រើ «​វិជ្ជា​» ដូចជា សង្គមវិជ្ជា​, ទស្សនវិជ្ជា​, សិល្ប៍វិជ្ជា និង ចំណេះវិជ្ជា ជាដើម​។ ចំណែកឯ​អ្នក​ខ្លះទៀត យល់ថា ពាក្យ​ណា​ទាក់ទង​នឹង​វិទ្យាសាស្ត្រ ត្រូវ​ប្រើ «​វិទ្យា​» ដូចជា គណិតវិទ្យា​, រូបវិទ្យា និង ជីវវិទ្យា អ៊ីចឹងទៅ​។ ពាក្យ​ទាំងពីរ​នេះ គ្មាន​ការបែងចែក​ដូច្នេះ​ឡើយ​។​

​យើង​អាច​ប្រើប្រាស់​ពាក្យ​ទាំងពីរ​នេះ បាន​គ្រប់​កាលៈទេសៈ ដូចជា វិទ្យាល័យ​ឬ​វិជ្ជាល័យ​, វិទ្យាស្ថាន​ឬ​វិជ្ជា​ស្ថាន​, គណិតវិទ្យា​ឬ​គណិត​វិជ្ជា​, វិទ្យាសាស្ត្រ​ឬ​វិជ្ជា​សាស្ត្រ​, ទស្សន​វិទ្យា​ឬ​ទស្សនវិជ្ជា ។​ល​។​

​ក្រៅពី​ពាក្យ «​វិជ្ជា និង វិទ្យា​» នៅមាន​ពាក្យ​ជាច្រើន​ទៀត ដែល​មានន័យ​ដូចគ្នា តែ​សរសេរ ខុសគ្នា ពោលគឺ មួយ តាមបែប​បាលី និង​មួយទៀត តាមបែប​សំស្ក្រឹត​។ ពាក្យ​ទាំងនោះ មានដូចជា ចិត្ត ជា​ភាសាបាលី តែ ចិត្រ ជា​ភាសាសំស្ក្រឹត​, មិត្ត ជា​ភាសាបាលី តែ មិត្រ ជា​ភាសាសំស្ក្រឹត​, សច្ចាប័ន ជា​ភាសាបាលី តែ សត្យា​ប័ន ជា​ភាសាសំស្ក្រឹត​, សច្ចាធិដ្ឋាន ជា​ភាសាបាលី តែ សត្យាធិដ្ឋាន ជា​ភាសាសំស្ក្រឹត ជាដើម​។

​ការបកស្រាយ​ខាងលើនេះ គឺ​ផ្នែក​តាម​វចនានុក្រម សម្តេច ជួន ណាត ជា​មូលដ្ឋាន​៕


Tag:
 ពន្យល់ពាក្យ
  វិទ្យានិងវិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com