អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​ប្រជាជន​មី​យ៉ាន់​ម៉ា រំពឹង​ខ្ពស់​ពេក​លើ​ការដឹកនាំ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​?
15, Apr 2017 , 3:30 pm        
រូបភាព
កាលពីដើម​ខែមេសា មី​យ៉ាន់​ម៉ា​រៀបចំ​ការបោះឆ្នោត​ដើម្បី​បំពេញ​អាសនៈ​សភាជាតិ​និង​សភា​តំបន់​ដែល​នៅសល់​ចំនួន ១៩ ។ វា​ជាការ​បោះឆ្នោត​លើ​ដំបូង​ក្នុង​ចាប់ពី​ពេលដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ចុងឆ្នាំ ២០១៥​មក​នោះ​។ ការបោះឆ្នោត កើតឡើង​ស្រប​ពេលដែល​ប្រជាជន​មី​យ៉ាន់​ម៉ាប​ន្ត​សំឡឹងមើល​លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី ដែល​កំពុង ដឹកនាំ​នាវា​មី​យ៉ាន់​ម៉ា​ទាំង​លំបាកលំបិន​ប្រឈម​បញ្ហា​ច្រើន​ជំពូក ក្នុងពេល​មួយឆ្នាំ​មកនេះ​។ បញ្ហា​គឺថា ការសន្យា​ប្តូរ​មី​យ៉ាន់​ម៉ា​របស់​លោកស្រី ហាក់ដូចជា​មិនទាន់​ក្លាយជា​ការពិត​ឡើយ ហើយ​អ្នកផ្តល់​ក្តីសង្ឃឹម​ខ្លាំងពេក​ដល់​លោកស្រី​ហាក់​អន់ចិត្ត​ខ្លាំង​ដែរ​។​

 
នៅដើម​ខែ​មេសា ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​ច្រើនជាង ២​លាន​នាក់​ដែល​ស្តិ​ត​នៅ​រដ្ឋ​និង​តំបន់​ចំនួន​៨ ចូលរួម​បោះឆ្នោត​ដើម្បី​ជ្រើសរើស​តំណាង​របស់ខ្លួន​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​ដែល​នៅសល់​ចំនួន ១៩​។ ការបោះឆ្នោត​បំពេញ​អាសនៈ​នៅសល់​នេះ ជាការ​បោះឆ្នោត​លើកដំបូង​ចាប់ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី កាន់អំណាច​។​
 
១.​ការបោះឆ្នោត​គ្មាន​ឥទ្ធិពល​លើ​ការដឹកនាំ​របស់​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​
 
​តាមពិតទៅ លទ្ធផល​បោះឆ្នោត​នេះ​មិន​ប៉ះពាល់​ដល់​គណបក្សកាន់អំណាច​សម្ព័ន្ធ​ដែល​កំពុង​ដឹកនាំ​ប្រទេស​ឡើយ​ព្រោះ​គណបក្ស​នេះ​បាន​កាន់កាប់​អាសនៈ​ភាគច្រើន​រួចទៅហើយ​។ ប៉ុន្តែ​ការបោះឆ្នោត​នេះ​កើតឡើង​ស្រប​ពេលដែល​ប្រជាជន​មី​យ៉ាន់​ម៉ា​មួយចំនួន​ហាក​ខកចិត្ត​ចំពោះ​ការដឹកនាំ​របស់​បក្ស​កាន់អំណាច​ដែល​កំពុង​ត្រដរ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ផង​, កែទម្រង់​នយោបាយ​ផង និង​ព្យាយាម​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ដែល​កើតឡើង​អស់​រាប់​ទសវត្សរ៍​មក​នេះ​ផង​។​
 
Win Htein មេដឹកនាំ​ម្នាក់​នៃ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ បាន​ប្រាប់​ទី​ភ្នា​ក់​ព័ត៌មាន Reuters​ថា គណបក្ស​លោក​ប្រឈម​បញ្ហា​ខ្លះ ក្នុងពេល​បោះឆ្នោត​បំពេញ​អាសនៈ​លើក​នេះ ក្នុងនោះ​មាន​ទាំង​បញ្ហា​ភាសា​និង​បញ្ហា​ផ្សេងទៀត​ដែល​កើតឡើង​ជាមួយ​ក្រុម​ប្រដាប់អាវុធ​នៅ​រដ្ឋ សាន​។ 
«​យើង​កំពុង​សម្រួល​បញ្ហា​នៅ​រដ្ឋ​សាន​។ ប្រជាជន​នៅក្នុង​តំបន់​នេះ​មិន​យល់​ពី​ភាសា​ភូមា​ឡើយ ដូច្នេះ​យើង​ត្រូវ​បកប្រែ​រាល់​គោលនយោបាយ​យើង​ទៅជា​ភាសា​ជនជាតិ​សាន​»​។​នេះ​ជាការ​បញ្ជាក់​របសលោក Win Htein​។ 
 
២.​មី​យ៉ាន់​ម៉ា​រំពឹង​ខ្ពស់​ពេក​លើ​ការដឹកនាំ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី 
 
​មុន​ការបោះឆ្នោត​មកដល់ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ថា លោកស្រី​ទទួលស្គាល់​ការខកចិត្ត​របស់​សាធារណជន​មី​យ៉ាន់​ម៉ា​ចំពោះ​ភាពយឺតយ៉ាវ​នៃ​ការកែទម្រង់​នយោបាយ និង​កំណើនសេដ្ឋកិច្ច ក៏ដូចជា​ការអភិវឌ្ឍ​ជាដើម​នេះ​។ ប៉ុន្តែ​អតីត​អ្នកទោសនយោបាយ​វ័យ ៧១​ឆ្នាំ​រូបនេះ​បាន​សន្យា​ជាថ្មី​ថា រឿង​អាទិភាព​សម្រាប់​របប​ដឹកនាំ​លោកស្រី​នៅតែ​ជាការ​បញ្ចប់សង្គ្រាម​ជនជាតិភាគតិច​ដែល​កើតឡើង​រាប់​ទសវត្សរ៍​ពោលគឺ​ក្រោយ​ប្រកាស​ឯករាជ្យ​ពី​អង់គ្លេស​មក​នោះ​។​
 
​ការខកចិត្ត​គ្រប់យ៉ាង វា​កើតឡើង​ដោយសារ​ការរំពឹង​ខ្ពស់​ហួរ​ប្រមាណ​។ ជាក់ស្តែង ប្រជាជន​មី​យ៉ាន់​ម៉ា​ទូទៅ​ហាក់​មាន​មោទនភាព និង រំពឹង​ខ្ពស់​ពេក​ចំពោះ​វត្តមាន​លោកស្រី អ៊ុង​សាង ស៊ូ​ជី ក្នុង​ឆាកនយោបាយ​។ គេ​ចាត់ទុក​លោកស្រី​ជា​ព្រះ ឬ​ទេវតា​ជាជាង​មេដឹកនាំ​ធម្មតា ហើយ​គេ​នាំគ្នា​លើក​ឲ្យ​លោកស្រី​កាន់តំណែង​ច្រើន​រហូត​បី​ឬ​បួន​ដោយ​មិន​ប្រមាណ​សមត្ថភាព​ទៀត​ពេល​រៀបចំ​រដ្ឋាភិបាល​ជា​លើកដំបូង​។ ចុងក្រោយ​លោកស្រី​សុខចិត្ត​កាន់តំណែង​រដ្ឋ​មន្ត្រី​ការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ដែលជា​តំណែង​កំពូល​ផុត​ប្រធានាធិបតី​។ តំណែង​នេះ​ត្រូវ​បង្កើតឡើង​ដើម្បី​ផ្តល់​អំណាច​ឲ្យ​លោកស្រី​ដឹកនាំ​ប្រទេស​ព្រោះ​រដ្ឋធម្មនុញ្ញ​បន្សល់ទុក​ពី​សម័យ​យោធា​រារាំង​លោកស្រី​កាន់តំណែង​ប្រធានាធិបតី​។ ពួកគេ​រំពឹងថា វា​នឹងមាន​ការប្រែប្រួល​ឬ​ផ្លាស់ប្តូរ​ច្រើន ពេលដែល​លោកស្រី ស៊ូ​ជី  ស្ថិតក្នុង​តំណែង​កំពូល​របស់​មី​យ៉ាន់​ម៉ា​នេះ​។​
 
​បន្ថែម​ពីនេះ លោកស្រី អ៊ុង​សាន ស៊ូ​ជី ខ្លួនឯង​ក៏មាន​មោទនភាព​ជ្រុល​ពេក​ដែរ​ចំពោះ​ជ័យជម្នះ​របស់​បក្ស​លោកស្រី​កន្លងមក និង មាន​សុទិដ្ឋិនិយម​ខ្លាំង​បន្តិច​ចំពោះ​ដំណើរការ​កែទម្រង់​ន​យោ​បាន​និង​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​។  គេ​ត្រូវ​ចាំ​ថា រាល់​ការ​ទម្រង់​ត្រូវការ​ពេលវេលា​សមស្រប មិនមែន​សម្រេច​មួយឆ្នាំ ពីរ​ឆ្នាំ ឬ​ដប់ឆ្នាំ​ឡើយ​។ ជោគជ័យ​លឿន​ឬ​យឺត​អាស្រ័យ​លើ​បរិបទ​សង្គម​និង​នយោបាយ​ប្រទេស​នីមួយៗ ហើយ​វា​ក៏​ជា​រឿង​ដែល​មិនអាច​ធ្វើបាន​តាមចិត្ត​ចង់​ដែរ​។    វារឹតតែ​លំបាក​ខ្លាំង​នៅពេលដែល​មី​យ៉ាន់​ម៉ា​ប្រឈម ជម្លោះ​ជាតិពន្ធុ​និង​សាសនា​ដែល​ចាក់រឹស​ជ្រៅ ហើយ​ម្យ៉ាង​បក្ស​កាន់អំណាច​បច្ចុប្បន្ន​ក៏​គ្មាន​អំណាច​ពេញដៃ​ក្នុងការ​សម្រេច​កិច្ចការ​របស់ខ្លួន​ដែរ​។ វា​មានន័យថា ក្រុម​យោធា​នៅតែមាន​ឥទ្ធិពល​ច្រើន​លើ​ការសម្រេចចិត្ត​និង​អនុវត្ត​គោលនយោបាយ​ជាតិ​ដដែល​។ ដូច្នេះហើយ​វា​ត្រូវការ​ការអត់ធ្មត់​, ការចូលរួម និង​ការ​សហការគ្នា​ស្វែងរក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​ប្រឈម​និង​ព​ន្លឿ​ន​ការកែទម្រង់​ប្រទេសជាតិ​នោះ​។​
 
​ក្រៅពី​ភាពយឺតយ៉ាវ​ក្នុងការ​កែទម្រង់​ប្រព័ន្ធគ្រប់គ្រង រដ្ឋាភិបាល​និង​លោកស្រី ស៊ូ​ជី រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ជាពិសេស​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ផង ពាក់ព័ន្ធ​ការបន្ត​រំលោភបំពាន​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​ប្រឆាំង​ជនជាតិ​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​។ រដ្ឋាភិបាល​លោកស្រី ធ្វើ​អ្វី​មិនបាន​ច្រើន​ឡើយ​ក្រៅពី​សុំ​ឲ្យ​គ្រប់គ្នា​រក្សា​ការអត់ធ្មត់​ចាំ​រដ្ឋាភិបាល​ដោះស្រាយ  ហើយ​រដ្ឋាភិបាល​លោកស្រី​ក៏​ធ្វើគ ធ្វើ​ថ្លង់​ខ្លះ​ផង​ពេល​ឃើញ​ការបំពាន​សិទ្ធិមនុស្ស​នេះ ព្រោះ​វា​ជា​រឿង​ពាក់ព័ន្ធ​ជាតិ​សាសន៍​និង​សាសនា​រដ្ឋ​ដ៏​រសើប​ផង និង​ជា​រឿង​ដែល​បង្កឡើង​ដោយ​ក្រុម​យោធា​ផង​៕

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com