ពីនេះ ពីនោះ
ធ្វើជា​មនុស្ស កុំ «​ហុត​ទឹក សម្លឹង​កាក​» !
03, Apr 2017 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ «​ហុតទឹកសម្លឹងកាក​» គឺជា​សុភាសិត​មួយ​របស់​ខ្មែរ ដែល​បាន​បង្ក​ប់ទាំង​ន័យត្រង់ និង​ន័យ​ប្រៀបធៀប​។ សុភាសិត​នេះ គឺ​ចង់​រិះគន់​បុគ្គល​ណាមួយ ដែល​លាក់​ពុតត្បុត ដើម្បី​កេងចំណេញ​ផលប្រយោជន៍​ពី​អ្នកដទៃ​។



​បើ​បកស្រាយ​ពី​ន័យត្រង់ គឺ​ងាយ​យល់​ណាស់​ចំពោះ​សុភាសិត​នេះ​។ ជា​ន័យត្រង់ «​ហុត​ទឹក សម្លឹង​កាក​» ចង់​សំដៅ​ដល់​អ្នក​បរិភោគ​បាយ ដោយ​ធ្វើជា​ហុត​ទឹក​សម្ល តែ​ភ្នែក បែរជា​រំពៃ​សម្លឹងមើល​សាច់​ទៅវិញ​។ លុះ​ពេល​ហុត​ទឹក​សម្ល​រួចហើយ គេ នឹង​ចាប់យក​ដុំ​សាច់​នោះមក​ទទួលទាន​បន្ដ​។​

​ជា​ន័យ​ប្រៀបធៀប «​ហុត​ទឹក ស​ម្លឹ​ក​កាក​» គឺ​ចង់​សំដៅ​ដល់​បុគ្គល​ណា​ម្នាក់ ដែល​បាន​ចាប់ធ្វើ​អ្វីមួយ ដោយមាន​ចិ​ត្ដ រំពឹង​គិតដល់​ផលប្រយោជន៍ និង​គោលដៅ នា​ថ្ងៃក្រោយ​។ សេចក្ដី​នេះ​លោក​សំដៅ ដល់​បុគ្គល​ពួក​ខ្លះ ដែល​សម្រេច​ធ្វើ​អ្វីមួយ លុះត្រា​តែសម្លឹង​ឃើញ​ផលប្រយោជន៍ ជាមុនសិន​។

​ជា​ឧទាហរណ៍ បុរស​ម្នាក់ តែងតែ​ទិញ​ចំណីអាហារ យកទៅ​ផ្គាប់​ចិ​ត្ដ​ឪពុកម្ដាយ​របស់​នារី​ម្នាក់​ដោយមាន​ក្តី​រំពឹង​ក្នុង​ចិត្ត​ថា រូបគេ នឹង​បាន​នារី​នោះ ធ្វើជា​ភរិយា​។ ជា​សេចក្តី​ឧបមា​មួយទៀត អ្នកនយោបាយ​ខ្លះ ប្រឹង​ធ្វើ​ពើ​ជា​ស្រឡាញ់​និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​រំពឹងថា នឹង​ទទួលបាន​ការគាំទ្រ ពេល​បោះឆ្នោត​។  

​យ៉ាងណា បុរាណ​លោក មិន​សរសើរ​ឡើយ ចំពោះ​ទង្វើ​ណា ដែល​មិន​ផុស​ចេញពី​ដួង​ចិ​ត្ដពិត​ប្រាកដ​។ នៅក្នុង​សង្គម មនុស្ស​គ្រប់រូប គប្បី​ចេះ​ជួយ​គ្នា​ដោយ​សុទ្ធ​ចិ​ត្ដ ពោលគឺ​មិនត្រូវ​ប្រើ​កលល្បិច ដើម្បី​លាភសក្ការៈ នោះទេ​។

​ការបកស្រាយ​នេះ គឺ​យោងទៅតាម​សៀវភៅ​សុភាសិត​ខ្មែរ ដែល​រៀបរៀង​ដោយ លោក លី ថៃ​លី​៕


Tag:
 សុភាសិត​ខ្មែរ​
  ហុត​ទឹក សម្លឹង​កាក
© រក្សាសិទ្ធិដោយ thmeythmey.com