ពីនេះ ពីនោះ
ស្តាប់​រឿង​បុគ្គលិក និង​ថៅកែ​ឈ្លោះ​គ្នា​!
04, Apr 2017 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ

​កំណាព្យ​បទ ពាក្យ​៧
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!



-​ថ្លែង​រឿង​បុគ្គលិក​និង​ថៅកែ​    ​    ​កើតរឿង​ហូរហែ​មិនសូវ​ស្ងាត់​
​បុគ្គលិក​ថា​ថៅកែ​បំបាត់​    ​    ​កើប​លុយ​ស្ងាត់ៗ​ធ្វើ​សេដ្ឋី​។​

-​ពួកយើង​ធ្វើការ​នឿយហត់​ណាស់​    ​ថៅកែ​ទ្រព្យ​ក្រាស់​មិន​ខ្វះ​អី​
​មិន​គិត​ជួយ​យើង​ផុត​ក្រក្រី​    ​    ​ធ្វើ​ថៅកែ​អី​បេះ​មិន​ចេញ​។​

-​យើង​ធ្វើការ​ហត់​ឡើង​ចត់​បាយ​    ​ថៅកែ​គេ​ចាយ​បាន​ចំណេញ​
​យើង​យឺត​តិចតួច​លួច​សួរ​ដេញ​    ​ចង់តែ​ដើរចេញ​ឈប់​ធ្វើការ​។​

-​រីឯ​ថៅកែ​ក៏​តប​វិញ​    ​    ​    ​ថា​សព្វ​ទំនិញ​មិនធម្មតា​
​ចាយ​ឡើង​លើស​ខ្ទង់​លង់​ហើយ​ណា​    ​បាន​ប្រាក់​ពី​ណា​នឹង​ថែម​ឲ្យ​។​

-​បុគ្គលិក​ឃើញតែ​ស្រែក​ទាមទារ​    ​ចង់បាន​គ្រប់គ្នា​ទាំងមុខ​ក្រោយ​
​ការមិន​សូវ​ខំ​ខ្លះ​បណ្តោយ​    ​    ​ខ្ញុំ​មិន​ស្តី​ឲ្យ​ហៅ​គ្រាន់បើ​។​

-​ការពិត​ថៅកែ​ពឹង​បុគ្គលិក​    ​    ​ដូច​ទូក​ពឹង​ទឹក​ក្រុមហ៊ុន​ដើរ​
​បុគ្គលិក​ធ្វើការ​ថៅកែ​ប្រើ​    ​    ​ផ្តល់ប្រាក់​ខែ​តើ​តាម​ការងារ​។​

-​ក្រុមហ៊ុន​រោងចក្រ​ដូច​ឆ្នាំងបាយ​    ​បុគ្គលិក​គ្រប់​កាយ​ត្រូវ​រួមគ្នា​
​ជួយ​ឲ្យ​ក្រុមហ៊ុន​កើន​ទ្រព្យា​    ​    ​បុគ្គលិក​គ្រប់គ្នា​ក៏​ចម្រើន​៕

© រក្សាសិទ្ធិដោយ thmeythmey.com