កីឡាជាតិ
ជាតិ
ចិន​ជួយ​សង់​កីឡដ្ឋាន​មរតក​តេ​ជោ​ដំណាក់កាល​ទី​២ ដែល​គ្រោង​ចំណាយ​១៥៧​លាន​ដុល្លារ​
04, Apr 2017 , 12:10 pm        
រូបភាព
 
​កីឡដ្ឋាន​ធំ ឬ​កីឡដ្ឋាន​បាល់ទាត់ នៃ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ បានចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​៤ ខែមេសា​នេះ​។ ជាការ​សាងសង់​ដំណាក់កាល​ទី​២ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ចំនួន​១៥៧​លាន​ដុល្លារ ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។​


​សម្តេច ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ដំណាក់កាល​ទី​១  និង​បើក​ការដ្ឋាន​សាងសង់​កីឡដ្ឋាន​ដំណាក់កាល​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នៅ​ថ្ងៃទី​៤ ខែមេសា​ថា ការសាងសង់​នឹង​បញ្ចប់​ក្នុង​រយៈពេល​៤០​ខែ ពោលគឺ​នៅ​ឆ្នាំ​២០២០ ឬ​២០២១​ខាងមុខ​។​
 
​កីឡដ្ឋាន​បាល់ទាត់​ថ្មី​នេះ អាច​ផ្ទុក​មនុស្ស​បាន​រហូត​ប្រមាណ ៥​ម៉ឺន ៥​ពាន់​នាក់ និង​កន្លែង​បម្រុង ៥​ពាន់​កន្លែង ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សង្គ្រោះបាន​រហ័ស ការពារ​បញ្ហា​កើតឡើង​ជាយថាហេតុ​ណាមួយ​។ 
 
​សមិទ្ធផល​មួយចំនួន នៃ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ដែលជា​ការសាងសង់​ដំណាក់កាល ទី​១  ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៤ ខែមេសា​នេះ ក្រោម​វត្តមាន សម្តេច នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ សមិទ្ធផល​ទាំងនោះ​រួមមាន អាង​ហែល​ទឹក​កម្រិត​អន្តរជាតិ និង​សាល​សម្រាប់​ប្រកួត​កីឡា​។​
 
​អាង​ហែល​ទឹក​ចំនួន ៣ គឺ​អាង​កំដៅ​សាច់ដុំ អាង​សម្រាប់​ហែល​ប្រកួត និង​អាង​លោតទឹក​។ កន្លែង​អង្គុយ​ទស្សនាការ​ហែល​ទឹក មាន​ចំណុះ ៣​ពាន់​នាក់​។ ចំពោះ​អគារ​សម្រាប់​ប្រកួត​កីឡា​ក្នុង​សាល មាន​កន្លែង​សម្រាប់​ប្រកួត​កីឡា​ប្រយុទ្ធ និង​កីឡា​ផ្សេងៗ​ទៀត ដូចជា​បាល់ទះ វាយ​សី វាយ​កូនឃ្លី​លើ​តុ បាល់បោះ និង​ប្រភេទ​កីឡា​នានា​ជាច្រើន​ទៀត​។​
 
​សូមបញ្ជាក់ថា ពហុ​កីឡដ្ឋាន​ថ្មី​«​មរតក​តេ​ជោ​» ត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ ៨៥​ហិត​តា នៅតាម​បណ្តោយ​ផ្លូវលោក​ឧកញ៉ា លី យ៉ុង​ផាត់​៕

Tag:
 កីឡដ្ឋាន​ធំ​
  ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ
© រក្សាសិទ្ធិដោយ thmeythmey.com