អន្តរជាតិ
អាមេរិក​និយាយ​បាតដៃ​ខ្នងដៃ​រឿង​អនាគត​របស់ បា​សា អាល់​អាសាដ
04, Apr 2017 , 9:19 pm        
រូបភាព
​ទោះបីជា​ទម្លាក់​លោក បា​សា អាល់​អាសាដ មិនមែនជា​អ្វីដែល​អាមេរិក​ចង់បាន​ក៏ដោយ ប្រមុខ​ការទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ជឿជាក់ថា ប្រជាជន​ស៊ី​រី​លែង​ចង់បាន​មេដឹកនាំ​បច្ចុប្បន្ន​ទៀតហើយ​។ អាមេរិក​លែង​តាម​ទម្លាក់​អាសាដ មិនមែន​មានន័យថា អាមេរិក​ព្រម​ទទួលយក​វត្តមាន​របស់ អាសាដ ក្នុងការ​បោះឆ្នោត​ខាងមុខ​ឡើយ ហើយ​អាមេរិក​ចង់​នាំ អាសាដ​មក​កាត់ទោស​ផង​។ វា​ប្រៀបដូចជា​អាមេរិក​និយាយ​បាតដៃ​ខ្នងដៃ​ដែរ​ជុំវិញ​អនាគត​នៃ​មេដឹកនាំ​ស៊ី​រី​ដោយសារ​រង​ការរិះគន់​ពី​សម្ព័ន្ធមិត្ត​ពេក​។​



​កាលពី​អញ្ជើញ​ទៅ​ទស្សនកិច្ច​តួ​ក​គី រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson បាន​លើកឡើងថា រាល់​តួនាទី​របស់​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ នឹងត្រូវ​សម្រេច​ដោយ​ប្រជាជន​ស៊ី​រី​ដោយផ្ទាល់​មិនមែន​អ្នក​ក្រៅ​ឡើយ ។ សម្តី​នេះ​មានន័យថា​ល្មម​អាច​យល់ថា អាសាដ អាច​ជាប់ឆ្នោត​ឬ​មិន​ជាប់ឆ្នោត​ដើម្បី​ដឹកនាំ​ប្រទេស​ទៀត​អាស្រ័យ​លើ​ប្រជាជន​ស៊ី​រី​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្តី​នេះ ត្រូវបាន​បេសកជន​ពិសេស​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បកស្រាយ​ផ្សេង​ទៅវិញ​។​

​ក្នុង​វេទិកា​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការធ្វើជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​ខែមេសា​នេះ លោកស្រី Nikki Haley បាន​ថ្លែង​យ៉ាងច្បាស់​ថា អ្វីដែល​លោក Rex Tillerson បាន​និយាយ​នោះ​មិនមែន​មានន័យថា អាមេរិក​នឹង​ទទួលយក​វត្តមាន លោក អាសាដ ក្នុង​ប្រជែង​យក​កៅអី​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​ឡើយ​។ លោកស្រី​សង្កត់ធ្ងន់ថា គ្មាន​ប្រជាជន​ស៊ី​រី​ណា​ចង់​ឲ្យ​មនុស្ស​ដូច អាសាដ ធ្វើជា​មេដឹកនាំ​ខ្លួន​ទៀតឡើយ​។​

«​ខ្ញុំ​មិន​គិតថា ប្រជាជន​ស៊ី​រី​ចង់បាន អាសាដ ជា​មេដឹកនាំ​ទៀតឡើយ​។ យើង​មិន​គិតថា អាសាដ នឹង​ក្លាយជា​មនុស្ស​ដែល​ប្រជាជន​ចង់​បានទេ​។ យើង​គ្មាន​ក្តី​អនុគ្រោះ​ឯណា​ទៀត​សម្រាប់​អាសាដ​ទេ ព្រោះ​យើង​បាន​និយាយ​ច្បាស់​ហើយ​»​។ យើង​គិតថា អាសាដ នេះ​ជា​ឧបសគ្គ​ធំ​សម្រាប់​ការបង្កើត​សន្តិភាព​យូរអង្វែង ហើយ​អាសាដ​ជា​ឧក្រិដ្ឋជន​សង្គ្រាម​។ អ្វីដែល​គេ​បានធ្វើ​លើ​ពលរដ្ឋ​ខ្លួន​នោះ​គឺ​គួរ​ឲ្យ​ខ្ពើមរអើម​បំផុត​»​។​

​តាមពិតទៅ មន្ត្រី​ទូត​អាមេរិក​កំពុង​ប្តូរ​សម្តី​និង​បកស្រាយ​ខុសពី​អ្វីដែល​ខ្លួន​ធ្លាប់​និយាយ​ផង​។ កា​ពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ទាំង​លោក Rex Tillerson និង​លោកស្រី Nikki Haley សុទ្ធតែ​និយាយថា ការបណ្តេញ អាសាដ ពី​តំណែង​មិនមែនជា​រឿង​អាទិភាព​សម្រាប់​អាមេរិក​ទៀតឡើយ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​ទាំងពីរ​ក៏​មិនបាន​និយាយ​រឿង​ហាមប្រាម​អាសាដ​ចូលប្រឡូក​ក្នុង​នយោបាយ​ដែរ​។ ផ្ទុយទៅវិញ​គេ​ត្រឹម​ព្រលយ​ថា អនាគត​របស់លោក អាសាដ មិន​ស្ថិតនៅលើ​អាមេរិក​ឡើយ តែ​ស្ថិតក្នុង​កណ្តាប់ដៃ​របស់​ប្រជាជន​ស៊ី​រី​តែប៉ុណ្ណោះ​។

​ស្រាប់តែ​ដល់​ថ្ងៃអាទិត្យ​ទី ២​មេសា លោកស្រី Nikki Haley បាន​ប្រាប់​សារព័ត៌មាន ABC ថា លោក អាសាដ នៅតែ​ជា​រឿង​អាទិភាព​សម្រាប់​អាមេរិក ហើយ​អាមេរិក​ចង់​នាំ​អាសាដ ទៅ​កាត់ទោស​ថែមទៀត​។​

​គេ​អាច​ដឹង​ច្បាស់​ថា មន្ត្រី​ទូត​អាមេរិក​លោកស្រី Nikki Haley ព្យាយាម​បកស្រាយ​ផ្សេង​បាតដៃ​ខ្នងដៃ​ដូច្នេះ​ដោយសារ​ការផ្លាស់ប្តូរ​ជំហរ​របស់​អាមេរិក​ចំពោះ​របប​ដឹកនាំ​ស៊ី​រី​នេះ​បាន​រង​ការរិះគន់​ខ្លាំង​ជាពិសេស​ពី​សម្ព័ន្ធមិត្ត​ខ្លួន​នៅ​អឺរ៉ុប​។​

​សូមបញ្ជាក់ថា លោក បា​សា អាល់​អាសាដ បាន​បង្ក្រាប​ចលនា​បាតុកម្ម​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ ២០១១ រហូតដល់​បង្ក​ឲ្យ​មាន​សង្គ្រាមស៊ីវិល​រាប់​ឆ្នាំ និង​អនុញ្ញាត​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​ប្រើប្រាស់​ទឹកដី​ស៊ី​រី​នេះ​ជា​មូលដ្ឋាន​និង​ជម្រក​របស់ខ្លួន​ផង​។ សង្គ្រាម​ប៉ុន្មាន​ឆ្នាំ​មកនេះ​បាន​បង្ក​ឲ្យ​មនុស្ស​ច្រើនជាង ៤​សែន​នាក់​ស្លាប់​និង​មនុស្ស​ច្រើន​លាន​នាក់​ផ្សេងទៀត​បាត់បង់​ជម្រក​និង​រត់​ភៀសខ្លួន​ផងដែរ​៕


Tag:
 បា​សា អាល់​អាសាដ​
  Nikki Haley
  Rex Tillerson
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com