កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​លាលែង​ពី​តំណែង លោក Kiatisuk រិះគន់​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​យ៉ាង​ចាស់ដៃ​
06, Apr 2017 , 8:39 am        
រូបភាព
​អតីត​គ្រូបង្វឹក​កីឡាបាល់ទាត់​ជម្រើសជាតិ​ថៃ លោក Kiatisuk Senamuang ដែល​គេ​និយម​ហៅថា «Zico»​បាន​រិះគន់​សហព័ន្ធ​កីឡា​បា ល់ ទាត់​ថៃ (FAT) ធ្ងន់ៗ ដោយ​លោក​បាន​អះអាងថា ការកំណត់​មហិច្ឆតា ខ្ពស់​ពេក​ក្នុងការ​ប្រកួត World Cup ជាដើម​ចម​ដែល​នាំ​ឲ្យ​លោក​ចាក​ចេញពី​តំណែង​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​



Kiatisuk Senamuang បាន​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រោយ​ដឹកនាំ​ក្រុម​ថៃ​ចាញ់ អា​រ៉ា​បី​សា​អូឌីត ៣-០ និង​ចាញ់​ក្រុម​ជប៉ុន ៤-០ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣ World Cup ២០១៨ នៅ​រុស្ស៊ី​។ ការ​ចាញ់​ផ្ទួនៗ​គ្នា​នេះ​បានធ្វើ​ឲ្យ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​លោក Somyot Poompunmuang  រិះគន់ថា​ជា​បរាជ័យ​ដ៏​អាម៉ាស និង​ខ្មាស​គេ​បំផុត​។​

៧​ប្រកួត​ក្រោម​ការដឹកនាំ​របស់ Zico ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​វគ្គ​ទី​៣​ក្នុង​តំបន់​អាស៊ី​នេះ ថៃ​ដែល​ស្ថិតក្នុង​ពូ​ល​B រកបាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ ក្នុងចំណោម​៧​ប្រកួត ដោយ​ស្មើ​ម្តង និង​ចាញ់​៦​ដង​ ហើយ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ដោយ​ស្វ័យប្រវត្តិ​តែម្តង បើ​ទោះ​សល់​៣​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏ដោយ​។​



«​ខ្ញុំ​លាលែង​ពី​តំណែង​គ្រូបង្វឹក​ជម្រើសជាតិ​ថៃ​កាលពី​ថ្ងៃទី​៣១ ខែមេសា ដើម្បី​ឲ្យ FAT រីកចម្រើន​ទៅមុខទៀត​។ ខ្ញុំ​សូមទោស ដែល​ខ្ញុំ​មិនអាច​នាំ​ក្រុម​ជម្រើសជាតិ​ថៃ​ឆ្ពោះ​ទៅលេង World Cup នៅ​រុស្ស៊ី​ឆ្នាំ​ក្រោយនេះ​»​។ នេះ​ជាការ​លើកឡើង​របស់​អតីត​អ្នកចាត់ការ​វ័យ​៤៣​ឆ្នាំ​ក្នុង​បទសម្ភាសន៍​លើកដំបូង​កាលពី​លោក​លាលែង​ពី​តំណែង​។

​លោក​បាន​បន្ថែមទៀតថា​៖« អ្វីដែល​អ្នក​ទាំងអស់គ្នា​ចង់បាន​គឺ​ខ្ពស់​ពេក​ហើយ​ដូច្នេះ​ខ្ញុំ​ត្រូវតែ​ចាកចេញ ដើម្បី​ទុក​ផ្លូវ​ឲ្យ​អ្នកថ្មី​មក​ជំនួស​តំណែង​នេះ​។ វា​ពិបាក​ណាស់​ដើម្បី​សម្រេច​គោលដៅ​មួយ​នេះ​។ ឈ្នះ​ចាញ់ ឬ​ស្មើ  ជាការ​ប្រកួត​ក្នុង​កីឡា​ប៉ុណ្ណោះ យើង​មិនអាច​ឈ្នះ​រហូត​បានឡើយ​។ យើង​ចាញ់​ក្នុងការ​ប្រកួត ប៉ុន្តែ​យើង​ឈ្នះ​ទឹកចិត្ត​អ្នកគាំទ្រ​។ ប៉ុន្តែ​ទាំងអស់​ខាងលើនេះ ជា​អ្វីដែល​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ និង​គណៈ​គ្រប់គ្រង ចង់​ឲ្យ​ខ្ញុំ​ធ្វើ​វា​ឲ្យ​បាន​»​។​

​អតីត​កីឡាករ Huddersfield Town ធ្លាប់​ដឹកនាំ​ក្រុម​ដំរី​សង្គ្រាម​ឈ្នះ​ពាន Suzuki Cup ២​ដង មេដាយមាស​ស៊ី​ហ្គេម​ម្តង និង​ជួយ​ថៃ​ក្លាយជា​ក្រុម​តែមួយគត់​របស់​អាស៊ាន​ដែល​បាន​ឈានទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​លំដាប់​ពិភពលោក World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​៕


Tag:
 បាល់ទាត់​
  Zico
  World Cup
  Kiatisuk Senamuang
© រក្សាសិទ្ធិដោយ thmeythmey.com