ពីនេះ ពីនោះ
ក្រម​ង៉ុ​យ​ផ្តាំ​យុវជន​ថា ចេះ​ឲ្យ​ប្រាកដ នោះ​ប្រាក់​នឹង​រត់តាម​ហៅ
08, Apr 2017 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ យុវជន​ជាច្រើន តែងតែ​រអ៊ូរទាំ​យ៉ាងខ្លាំង ចំពោះ​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា ប៉ុន្តែ ទន្ទឹមគ្នា​នេះដែរ ក៏មាន​យុវជន​មិនតិច​ទេ ដែល​គ្មាន​ជំនាញ​ច្បាស់លាស់​នោះ​។ បញ្ហា​នេះ បានធ្វើ​ឲ្យ​ពួកគេ​ចំណាកស្រុក​ទៅ​លក់​កម្លាំង​ពលកម្ម​សុទ្ធ​នៅ​បរទេស ដូចជា ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ជប៉ុន​ជាដើម​។ ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុ​យ បាន​ទូន្មាន​ថា យុវជន​ត្រូវតែមាន​ជំនាញ​ឲ្យ​ពិតប្រាកដ ដើម្បី​ងាយស្រួល​ស្វែងរក​ការងារ​ធ្វើ ជាពិសេស ថៅកែ ឬ​ក្រុមហ៊ុន នឹង​តាម​ហៅ​យើង​ដល់ផ្ទះ​ក៏មានដែរ​។

 

[…]​បើ​ចង់​ស្រាល​ខ្លួន     ​    ​រៀនសូត្រ​ឲ្យ​មួន     ​    ​ឲ្យ​មាំ​ឲ្យ​ស្ទាត់
​កុំ​ចេះ​ស្ទាក់ស្ទើរ     ​    ​ល្ងីល្ងើ​ឥត​បទ     ​    ​    ​បើ​ចេះ​ប្រាកដ
​ប្រាក់​រត់តាម​ហៅ​។

​កុំ​ថ្នមកម្លាំង     ​    ​    ​កាប់​ជីក​ចូក​ចាំង     ​    ​កុំ​ថា​រងា​ក្តៅ​
​រៀន​អ្វី​ឲ្យ​ឆ្អិន     ​    ​    ​កុំ​ឲ្យ​ខ្លោច​ឆៅ     ​    ​    ​កុំ​ដេក​តែ​ខ្លៅ
​ក្រ​ក្រៅ​សណ្តាប់​។​

​បើ​ល្ងង់​ឲ្យ​ចេះ     ​    ​    ​រក​រៀន​តម្រិះ     ​    ​    ​រិះរក​តម្រាប់​
​ឥន្ទ្រី​យ៍​ឆ្វេង​ស្តាំ     ​    ​    ​កុំ​ចាំ​គេ​ប្រាប់     ​    ​    ​រៀន​ស្តី​រៀន​ស្តាប់​
​រៀន​មើល​ឲ្យ​ស្តែង​។​

​កើត​មកជា​មនុស្ស     ​    ​ទាំងស្រី​ទាំងប្រុស     ​    ​មិនដែល​ចេះ​ឯង​
​បើ​ក្រ​ឲ្យ​មាន     ​    ​    ​វិញ្ញាណ​ចេះ​ក្រែង     ​    ​គិត​គ្រប់កន្លែង​
​កុំ​ដេក​តែ​ក្រ​។ […]  

​ប្រភព​៖ «​ច្បាប់ក្រម​ង៉ុ​យ​»​ការផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធ​សន​បណ្ឌិត្យ​កម្ពុជា ឆ្នាំ​១៩៧២    



Tag:
 ​ក្រម​ង៉ុ​យ
© រក្សាសិទ្ធិដោយ thmeythmey.com