ពីនេះ ពីនោះ
មេដឹកនាំ​ដែល​ល្អ មិន​ធ្វើ​ឲ្យ​កូនចៅ​ខ្លាច​ទេ តែ​ធ្វើ​ឲ្យ​កូនចៅ​គោរព​
08, Apr 2017 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ

មេដឹកនាំ​មាន​ច្រើន​ប្រភេទ​។ មេដឹកនាំ​ខ្លះ ចូលចិត្ត​ធ្វើ​ឲ្យ​កូនចៅ​ខ្លាច​នៅ​ចំពោះមុខ ដូចជា ស្តីបន្ទោស​កូនចៅ​នៅ​ចំពោះមុខ​អ្នកដទៃ​, ប្រើពាក្យ​សម្លុត​តាមរយៈ​ពាក្យសម្តី ឲ្យ​កូនចៅ​ខ្លាច​តែម្តង​។ មេដឹកនាំ​ខ្លះទៀត ទន់ភ្លន់ គោរព និង​ឲ្យ​តម្លៃ​កូនចៅ​។ គាត់​ចេះ​គិតពិចារណា សួររក​ហេតុ និង​ផល មុននឹង​ស្តីបន្ទោស​កូនចៅ​ណា​ម្នាក់​។ មិន​ជឿ​ការចាក់​ចុច​របស់​នរ​ណា​ម្នាក់​ឡើយ​។ រីឯ អ្នកដឹកនាំ​ខ្លះទៀត ចូលចិត្ត​ប្រើ​ធម៌​ក្តៅ​ខ្លះ និង​ធម៌​ត្រជាក់​ខ្លះ​រួមគ្នា​តែម្តង​ដើម្បី​ឲ្យ​កូនចៅ​ដើរ​ផ្លូវ​ល្អ​។



​តើ​មេដឹកនាំ​ដែល​កូនចៅ​គោរព​មាន​លក្ខណៈសម្បត្តិ​យ៉ាងដូចម្តេច​?

​ទី​១៖​ជា​មេដឹកនាំ និយាយ​អ្វី ធ្វើ​ហ្នឹង ពោល គឺ​គោរ​ពាក្យសន្យា​របស់ខ្លួន​។ បើ​ផ្លាស់ប្តូរ​សម្តី​ត្រូវមាន​ការពន្យល់ និង​បកស្រាយ​ឲ្យ​ច្បាស់លាស់​ជូន​បុគ្គលិក​ថ្នាក់ក្រោម​។

​ទី​២៖​ជា​មេដឹកនាំ​ចិត្តធ្ងន់ មិន​ងាយ​ខឹងច្រឡោត​ដោយ​គ្មាន​ស្តាប់​ហេតុផល​។ មិន​ងាយ​ជឿ​ការចាក់​ចូ​ចរ​បស់​កូនចៅ​ខូចៗ​។

​ទី​៣៖ ជា​មេដឹកនាំ​ដែលមាន​ចិត្ត​សន្តោស​ដល់​កូនចៅ​។ មានចិត្ត​ធម៌ មិន​យកទោស​ពៃ​កូនចៅ​គ្រប់​តែ​រឿង​។

​ទី​៤៖ ជា​មេដឹកនាំ​ប្រតិបត្តិ​កិច្ចការ​តាម​គោលការណ៍​កំណត់ ពោលគឺ​មិនមែន​ដឹកនាំ​ឬ​បញ្ជា​តាម​អារម្មណ៍​របស់​ខ្លួនឯង​។

​ទី​៥៖ ជា​មេដឹកនាំ​ទន់ភ្លន់ តែ​ហ្មត់ចត់ និង​ទី​៦ គឺជា​មេដឹកនាំ​ដែល​ដឹកនាំ​ដោយ​គោរព​ការសម្រេចចិត្ត​នៃ​មតិ​ភាគច្រើន​(​មតិ​ភាគច្រើន​ល្អ និង​គ្រប់​ជ្រុងជ្រោយ​)៕


© រក្សាសិទ្ធិដោយ thmeythmey.com