ជាតិ
មន្ត្រីមហាផ្ទៃជាន់ខ្ពស់ ១៣ រូបទទួលបានគោរមងារ «សន្តិបណ្ឌិត» ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ
× ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ បានចេញព្រះរាជក្រឹត្យតែងតាំងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃចំនួន ១៣រូប ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញដឹកនាំបញ្ជាកងកម្លាំងនគរបាល ជា«សន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា តបតាមសំណើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្តេច សាយ ឈុំ បានបញ្ជាក់ក្នុងព្រះរាជក្រឹត្យថា ការបង្កើតគោរមងារ «សន្តិបណ្ឌិត» នៃបណ្ឌិត្យសភា នគរបាលកម្ពុជាមានគោលបំណងសម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃដែលបានទទួលសញ្ញាបត្រកិត្តិយសជំនាញនានា ក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
ព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចប្រមុខរដ្ឋស្តីទីចុះថ្ងៃទី ៣ មេសានេះ បានត្រាស់បង្គាប់ឲ្យបង្កើតគោរមងារជូនមន្ត្រីចំនួន ១៣ រូបដែលបានធ្វើការដឹកនាំបញ្ជាកម្លាំងនគរបាលកន្លងមក។ មន្ត្រីជាន់ខ្ពស់មហាផ្ទៃដែលទទួលបានគោរមងារនេះ រួមមាន លោក ឯម សំអាន, លោក តេង សាវង្ស, លោក អ៊ុក គឹមលេខ និងលោក ឌុល គឿន ដែលសុទ្ធតែជារដ្ឋលេខាធិការ, លោក លួ រ៉ាមីន លោក ហេង ហាក់ លោក ចាន់ អ៊ាន សុទ្ធតែជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក ម៉ៅ ប៊ុណ្ណារិន ជាអគ្គនាយកភ័ស្តុភារ និងហិរញ្ញវត្ថុលោក សុខ ផល ជាអគ្គនាយកអន្តោប្រវេសន៍លោក ម៉ៅ ច័ន្ទតារា ជាអគ្គនាយក អត្តសញ្ញាណកម្មលោក ខៀវ សុភ័គ នាយកខុទ្ទកាល័យលោករដ្ឋមន្ត្រី និងលោក ចាន់ គឹមសេង អគ្គនាយកពន្ធនាគារ។
ព្រះរាជក្រឹត្យផ្តល់គោរមងារដែលបានស្នើឡើងដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថាថ្នាក់ដឹកនាំទាំង ១៣ រូបបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសជំនាញក្នុងវិស័យ «សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ»។
បើតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត សន្តិមានន័យថា សេចក្តីស្ងប់ សេចក្តីសាន្តត្រាណ...។ រីឯពាក្យបណ្ឌិត មានន័យថា អ្នកប្រាជ្ញ៕
Tag:
សាយ ឈុំ
នគរបាល
មហាផ្ទៃ
សន្តិបណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com