កីឡាជាតិ
ជាតិ
Davis Cup៖ កម្ពុជា​ទម្លាក់​អូ​ម៉​ង់ ដើម្បី​បាន​កៅអី​លេងនៅក្រុម III ប្រចាំ​​អាស៊ី​/​អូ​សេ​អា​នី វិញ
08, Apr 2017 , 6:01 pm        
រូបភាព
ដោយ: រួបរួម
​ក្រុមកីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា ទទួលបាន​កៅអី​ឆ្ពោះទៅកាន់​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ Davis Cup ប្រចាំ​តំបន់​អាស៊ី​/​អូ​សេ​អា​នី Group III នៅ​ឆ្នាំ​២០១៨ បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះ ២-០ លើ​អូ​ម៉​ង់ នា​ការប្រកួត​វគ្គ​ខ្វែង Group IV នៅ​ក្រុង​អ៊ី​សា ប្រទេស​បា​រ៉ែ​ន នា​ថ្ងៃ​សៅរ៍ ទី​៨ ខែមេសា នេះ​។​



​កាលពី​ឆ្នាំ​២០១៦ កម្ពុជា បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​ពូ​ល B ដែលមាន​៥​ក្រុម ហើយ​បន្ត​ចាញ់​តួ​កមេ​នី​ស្ថាន ២-១ នា​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៩ ។ កម្ពុជា បាន​ធ្លាក់​មកលេង Group IV វិញ​។ សម្រាប់​ការប្រកួត​នៅក្នុង​ទីក្រុង​អ៊ី​សា ប្រទេស​បា​រ៉ែ​ន នៅ​ឆ្នាំ​២០១៧​នេះ ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក លោក Aneiros Braen និង​ប្រធាន​ក្រុម លោក ទេព រិទ្ធី​វិត បានបង្ហាញ​សមត្ថភាព​យ៉ាង​អស្ចារ្យ​នា​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល A ដោយបាន​យកឈ្នះ​មី​យ៉ាន់​ម៉ា កៀ​ហ្ស៊ី​ស៊ី​ស្ថាន ម្ចាស់ផ្ទះ​បា​រ៉ែ​ន និង​អា​រ៉ា​ប៊ី​សា​អូឌីត ជា​បន្តបន្ទាប់​។​

​ឈានដល់​ការប្រកួត​វគ្គ​ខ្វែង​ជាមួយ​អូ​ម៉​ង់​ដែលជា​ក្រុម​លេខ​ពីរ ពូ​ល B កីឡាករ ឡុង សំនៀង និង ប៊ុន កេ​ន្នី សុទ្ធ​បំពេញ​តួនាទី​យ៉ាង​ល្អ​ក្នុង​ការប្រកួត​វិញ្ញាសា​ទោល ដោយ​ទទួលបាន​ជ័យជម្នះ​ផ្ទួនៗ​លើ​កីឡាករ​អូ​ម៉​ង់ ដោយ​មិនចាំបាច់​ឈានដល់​ការប្រកួត​វិញ្ញាសា​វាយ​ជា​គូ​។​

​សម្រាប់​ការប្រកួត​ទីមួយ ឡុង សំនៀង បាន​ប្រឹង​វាយបក​ដើម្បី​យកឈ្នះ Mohammed Al Nabhani ២-១ ។ នៅ​សិត​ទី​១ កីឡាករ​អូ​ម៉​ង់ បាន​យកឈ្នះ ៦-៣ ប៉ុន្តែ​សំនៀង មានការ​រៀបចំខ្លួន​បាន​យ៉ាង​ល្អ​រហូត​ទទួលបាន​ជ័យជម្នះ ៦-២, ៦-៤ វិញ​។​

​ឈានដល់​ការប្រកួត​គូ​ទី​ពី​រលើ​វិញ្ញាសា​ឯកត្តជន​ដដែល ប៊ុន កេ​ន្នី បាន​តទល់​ជាមួយ Abdullah Al Barwani​។ ក្នុងការ​ប្រកួត​នេះ កីឡាករ​លំដាប់​ទីមួយ​របស់​កម្ពុជា យកឈ្នះ​ក្នុង​លទ្ធផល ២-០ (៦-២, ៦-១ )​។​

​សារព័ត៌មាន​ថ្មីៗ នឹង​ផ្តល់ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត​ទាក់ទង​នឹង​លទ្ធផល​នៃ​ការប្រកួត​នេះ​៕

Tag:
 Davis Cup
  វាយកូន​បាល់ជម្រើស​ជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com