ពីនេះ ពីនោះ
សុភាសិត​១៥​ឃ្លា​របស់​ព្រះពុទ្ធ បង្កប់​អត្ថន័យ​ជ្រាលជ្រៅ ដែល​យើង​នឹកស្មាន​មិន​ដល់​
09, Apr 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះពុទ្ធ បាន​បន្សល់​ទស្សនៈ​ជាច្រើន ដើម្បី​អប់រំ​មនុស្ស​នៅក្នុង​សង្គម​។ ទ្រឹស្តី​របស់​ព្រះអង្គ ត្រូវបាន​មនុស្ស​ទូទាំង​ពិភពលោក ចាត់ទុកថា មាន​ភាព​វិទ្យាសាស្ត្រ ពោល គឺមាន​ភាព​ពិត​ច្រើន​លើសលប់ ជាពិសេស ទ្រឹស្តី​ព្រះអង្គ បាន​ចាក់​ជ្រៅ​ក្នុង​គំនិត​មនុស្ស និង​ធម្មជាតិ​។ ព្រះអង្គ មាន​សុភាសិត​ជាច្រើន ប៉ុន្តែ យើង​សូម​ដកស្រង់​សុភាសិត​សំខាន់​មួយចំនួន ដើម្បី​ចុះផ្សាយ​ចែកចាយ​ដល់​អ្នកអាន​សារព័ត៌មាន​ថ្មីៗ​។

   


១) បើសិនជា​វា​មិន​ស្របតាម​ហេតុផល និង​សុភ​វិនិច្ឆ័យ​របស់​អ្នក ចូរ​កុំ​ជឿ​លើ​អ្វីដែល​អ្នក​បាន​អាន ឬ​ដោយសារ​អ្នកដទៃ​ពោល សូម្បីតែ​អ្វីដែល​តថាគត បាន​ពោល​ក៏ដោយ​។
២) ការរស់នៅ​អស់កាល​មួយរយ​ឆ្នាំ​របស់​បុគ្គល​ល្ងង់ខ្លៅ ពុំ​គាប់ប្រសើរ​ស្មើ​និង​ការរស់នៅ​ប្រកបដោយ​បញ្ញា​ឈ្លាសវៃ និង​ចេះ​គិត​សូម្បីតែ​មួយថ្ងៃ​។
៣) បុគ្គល​មាន​សេចក្តី​ព្យាយាម​ខ្ជាប់ខ្ជួន​រស់នៅ​មួយថ្ងៃ ប្រសើរ​ជាង​ការរស់នៅ​មួយរយ​ឆ្នាំ​របស់​បុគ្គល​ខ្ជិលច្រអូស ស្ពឹក​ស្រពន់​ខ្ជះខ្ជាយ​។
៤) វាចា​មិន​ប្រកបដោយ​បទ​ដែលមាន​ប្រយោជន៍​នោះ មួយ​ពាន់​ម៉ាត់​ក៏​មិនមែនជា​វាចា​ប្រសើរ​ឡើយ​។ ឯ​វាចា​ដែល​ប្រកបដោយ​ប្រយោជន៍ សូម្បី​តែមួយ​ម៉ាត់​ដែល​ឲ្យ​បុគ្គល​ស្តាប់​ហើយ​ស្ងប់រំងាប់​ចិត្តបាន បទ​នោះ​ប្រសើរ​ជាង​។
៥) ចូរ​កុំ​អាល័យ​និង​ប្រព្រឹត្តិការណ៍​ពី​អតីតកាល ចូរ​កុំ​ស្រើបស្រាល​អំពី​អនាគត តែ​ចូរ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ជីវិត​បច្ចុប្បន្ន​។  
៦) ទោស​អ្នកដទៃ​រមែង​មើលឃើញ​ដោយ​ងាយ​។ ឯ​ទោស​ខ្លួនឯង​រមែង​មើលឃើញ​ដោយ​កម្រ​ដូច​ព្រានព្រៃ​បិទបាំង​រាងកាយ​ដោយ​គ្រឿង​បំភាន់​យ៉ាង​នោះឯង​។
៧) ភាព​អផ្សុក​បង្កើត​ឲ្យ​មាន​ជន​ញៀន​ល្បែង​ច្រើនជាង មនុស្ស​កំណាញ់​បង្កើត​ឲ្យ​មាន​ជន​ប្រមឹក​ច្រើនជាង សេចក្តីស្រេកឃ្លាន នឹង​អាច​នាំ​ឲ្យ​មានការ​ធ្វើអត្តឃាត​ច្រើន​ដូច​ការ​ខូចចិត្ត​អស់សង្ឃឹម​។
៨) ពូកែ​ព្រុស​មិនមែន​ហៅថា ជា​សុនខ​ល្អ​ទេ​។ យ៉ាងណាមិញ​បុគ្គល​ម្នាក់​ក៏​មិនទាន់​ជា​បុគ្គល​ដ៏​ប្រសើរ​ដោយហេតុ​ពូកែ​និយាយ​យ៉ាង​នោះដែរ​។ 
៩) បុគ្គល​ល្ងង់ខ្លៅ ដែល​ដឹងថា ខ្លួនឯង​ល្ងង់ខ្លៅ អាច​នឹង​ក្លាយជា​បណ្ឌិត​បាន​ដោយសារ តែ​ដឹងថា ខ្លួន​ល្ងង់ខ្លៅ​។ ឯ​បុគ្គល​ណា ជា​អ្នក​ល្ងង់ខ្លៅ​តែ​តាំង​ខ្លួនឯង​ថា ជា​បណ្ឌិត បុគ្គល​នោះ តថាគត​(​ព្រះ​) ហៅថា ជា​អ្នក​ល្ងង់ខ្លៅ​ពិតប្រាកដ​។    
១០) សូម្បី​ក្អម​ទឹក​គង់​ពេញ​ដោយ​ដំណក់ទឹក​ដែល​ធ្លាក់ចុះ​។ យ៉ាងណាមិញ​ជនពាល ឬ​សាង​បុណ្យ​ក៏​គង់​ពេញ​ដោយ​បាបកម្ម​ឬ​បុណ្យ​ដូច្នេះ​ដែរ​។​(​តក់ៗ​ពេញ​បំពង់​)​។
១១) អ្វីៗ​ទាំងអស់​លេចឡើង និង​រលាយបាត់​ទៅវិញ​(​ធ្លាក់​ទៅក្នុង​ហិន​ភាព ឬ​ឡើងទៅ​កាន់​ឧត្តមភាព​) ដោយ​ការយល់ព្រម​គ្នា​រវាង​ហេតុ និង​បច្ច័យ ដោយ​ពុំមាន​អ្វីមួយ​កើតឡើង​ដោយ​ឯកឯង​ទេ ពីព្រោះ អ្វី​គ្រប់យ៉ាង​តែងមាន​ទំនាក់ទំនង​ជាមួយ​អ្វីមួយ​ផ្សេងទៀត​។ 
១២) បាបកម្ម​(​កំហុស​)​គ្រប់យ៉ាង​កើតចេញពី​ចិត្ត​។ ដូច្នេះ​រាល់​បុគ្គល​គប្បី​ហាមឃាត់​ចិត្ត​ឲ្យ​វៀរចាក​អារម្មណ៍​បាបកម្ម​ផងទាំងពួង​។ បើ​ចិត្ត​(​អារម្មណ៍​)​អាច​ផ្លាស់ប្តូរ​បាន​រឿង​អី​មនុស្ស​នៅតែ​បន្ត​ប្រព្រឹត្ត​កំហុស​។​
១៣) គំនិត​ទស្សនៈ​ដែល​ត្រូវបាន​បង្កើត ហើយ​យកមក​អនុវត្តន៍​រមែង​គាប់ប្រសើរ​ជាង​ទស្សនៈ​ដែល​គ្រាន់តែ​ជា​ទស្សនៈ​(​ជា​ទ្រឹស្តី​នៅក្នុង​សៀវភៅ ឬ​គំនិត​នៅក្នុង​ចិត្ត​)​។
១៤) បុគ្គល​មិន​គប្បី​សេពគប់​និង​បាបមិត្ត​ឡើយ​។ គួរ​សេពគប់​និង​កល្យាណមិត្ត​តែ​ម្យ៉ាង ដ្បិត​បាបមិត្ត​គួរ​ជាទី​ភ័យខ្លាច​ជាង​សត្វ​សាហាវ​ទាំងពួង ព្រោះ​សត្វ​សាហាវ​បៀតបៀន​ត្រឹម​រាងកាយ​ប៉ុណ្ណោះ តែ​មិត្ត​ចិត្តអាក្រក់​មិន​ស្មោះត្រង់​ទាំងឡាយ​រមែង​ញ៉ាំង​ចិត្ត​អ្នក​ឲ្យ​ដល់​ទុគតិ​(​ធ្វើ​ឲ្យ​ចិត្ត​របួស​,​នាំ​ចិត្ត​អ្នក​ឲ្យ​លុះ​ក្នុង​សេចក្តី​អាក្រក់​)​។

១៥) មុនី​(​បណ្ឌិត​)​គប្បី​យក​ប្រយោជន៍​ពី​អ្នកដទៃ​ប្រៀបដូចជា​ភមរី​(​មេ​ឃ្មុំ ឬ​កន្លង់​) មិន​ធ្វើ​ឲ្យ​អស់​សម្រស់ និង​ពិដោរ​នៃ​បុ​ផ្ផា​ជាតិ ដោយសារ​ក្រេបជញ្ជក់​យកតែ​រស់ គឺ​កេសរផ្កា​ហើយ​ហោះហើរ​ទៅ​យ៉ាង​ដូច្នោះ​ឯង​។ […]

​ប្រភព​៖ «​ទស្សនវិជ្ជា​ពិភពលោក​,​ព្រះពុទ្ធសាសនា​»​រៀបរៀង និង​និពន្ធ​ដោយ ខឿន សា​ឃាង 
  


Tag:
 ​ព្រះពុទ្ធ​
 ​ សុភាសិត
© រក្សាសិទ្ធិដោយ thmeythmey.com