ជាតិ
សេដ្ឋកិច្ច
ការវិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា ចាប់ផ្ដើម​ទទួលបាន​ការចាប់អារម្មណ៍
09, Apr 2017 , 10:20 pm        
រូបភាព
អ្នកសរសេរកូដ​ និង​បុគ្គលិក​ក្រុមហ៊ុន​ Pathmazing​ អង្គុយក្នុងការិយាល័យរបស់ខ្លួន​ក្រោយ​ពីពិនិត្យ​មើល​កូដ​របស់​ខ្លួន​ឡើងវិញ​ កាល​ពីថ្ងៃទី​២៦​ខែ​មករា​ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)
អ្នកសរសេរកូដ​ និង​បុគ្គលិក​ក្រុមហ៊ុន​ Pathmazing​ អង្គុយក្នុងការិយាល័យរបស់ខ្លួន​ក្រោយ​ពីពិនិត្យ​មើល​កូដ​របស់​ខ្លួន​ឡើងវិញ​ កាល​ពីថ្ងៃទី​២៦​ខែ​មករា​ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)
ដោយ: VOA

​ភ្នំពេញ ៖ ខណៈដែល​អ្នកវិនិយោគ​ក្នុងស្រុក ហាក់​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​បោះទុន​វិនិយោគ​លើ​ផ្នែក​បច្ចេកវិទ្យា សហគ្រាស​បង្កើត​ថ្មី​ឬ startup ខ្មែរ​មួយចំនួន បានទទួល​ទុនវិនិយោគ​ផ្ទាល់​ពី​អ្នកវិនិយោគ​នៅ​តំបន់​បច្ចេកវិទ្យា Silicon Valley របស់​សហរដ្ឋអាមេរិក​។ សហគ្រាស​បង្កើត​ថ្មី​ទាំងនេះ រំពឹងថា ជាមួយ​ទុនវិនិយោគ​ពី​ខាងក្រៅ​នេះ ពួកគេ នឹងមាន​លទ្ធភាព​ពង្រីក​ពាណិជ្ជកម្ម​របស់ខ្លួន ដើម្បី​ប្រកួតប្រជែង​នៅក្នុង​តំបន់​និង​នៅ​ជុំវិញ​ពិភពលោក​ថែម​ទៀតផង​។​



​គេហទំព័រ «​ខ្មែរ​ឡូត​» (Khmerload.com) ដែល​បាន​បង្កើតឡើង​រយៈពេល​ប្រាំ​ឆ្នាំ​មកហើយ និង​ផ្ដល់ព័ត៌មាន​កម្សាន្ត​និង​សង្គម​ដែល​ទាក់ទាញ​អ្នកមើល​ច្រើន​ដោយ​ការយក​លំនាំ​តាម​គេហទំព័រ Buzzfeed របស់​អាមេរិក បាន​ក្លាយជា​សហគ្រាស​ប​ង្កើ​ត​ថ្មី​ឬ startup ខ្មែរ​ដំបូង​ដែល​ទទួលបាន​ការវិនិយោគ​ផ្ទាល់​ពី​អ្នកវិនិយោគ​នៅ​តំបន់​បច្ចេកវិទ្យា Silicon Valley របស់​សហរដ្ឋអាមេរិក​។​

​ក្រុមហ៊ុន​នេះ បានទទួល​ការវិនិយោគ​ចំនួន ២០០.០០០ ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​វិនិយោគ 500 Startups ហើយ​ការវិវត្ត​នេះ អាចជួយ​ឲ្យ​មានការ​ប្រែក្លាយ​និង​ជំរុញ​វិស័យ​បច្ចេកវិទ្យា​និង​ក្រុមហ៊ុន startup កាន់តែខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​ដ៏​ក្រីក្រ​បំផុត​មួយ​នៅ​អាស៊ី​។​



​លោក អ៊ិន វិចិត្រ ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន «​ខ្មែរ​ឡូត​» ថ្លែងប្រាប់ VOA ថា​ការវិនិយោគ​ថ្មី នេះ​អាចជួយ​ដល់​អ្នកវិនិយោគ​បរទេស​ឲ្យ​ស្គាល់​ក្រុមហ៊ុន startup នៅ​កម្ពុជា​។​

«​ពេលដែល​ខ្ញុំ​ធ្វើ​ផែនការ​ដើម្បី​ទទួល​វិនិយោគ​ពី Silicon Valley ទឹកចិត្ត​ខ្ញុំ​មួយ​គឺ​ខ្ញុំ​ចង់​បង្ហាញថា​កូន​ខ្មែរ​អាចធ្វើ​បាន អាចធ្វើ​ឲ្យ​ក្រុមហ៊ុន Silicon Valley ហ្នឹង អាច​ទុកចិត្ត​នៅ​ក្រុមហ៊ុន​ដែល​អាចបង្កើត​ដោយ​កូន​ខ្មែរ​បាន​»​។​

​ប៉ុន្តែ ការ​ទៅរក​អ្នកវិនិយោគ​នៅក្រៅ​ប្រទេស មិនមែនជា​រឿង​ងាយស្រួល​នោះទេ​សម្រាប់​ក្រុមហ៊ុន​ថ្មីថ្មោង​ដែល​ត្រូវ​ធានា​ឲ្យ​ខ្លួន​អាច​ដំណើរការបាន​ផង​នោះ​។ មូលហេតុ​មួយ​ដែល​លោក អ៊ិន វិចិត្រ ទាក់ទង​អ្នកវិនិយោគ​នៅ​តំបន់ Silicon Valley ក៏​ដោយសារ​អ្នកវិនិយោគ​ក្នុងស្រុក​មើលរំលង​សក្ដានុពល​វិស័យ​បច្ចេកវិទ្យា​ជាង​វិស័យ​ផ្សេងទៀត​ដោយ​ពួកគេ​ជ្រើសរើស​វិស័យ ដូចជា​អចលនទ្រព្យ សំណង់ និង​ទេសចរណ៍​ជាដើម ដោយសារ​មិនទាន់មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ណាមួយ​មានជោគ​ជ័យ​ដូច​នៅ​ប្រទេស​ផ្សេង​។​

​លោក អ៊ិន វិចិត្រ​ថ្លែងថា​៖

«​គាត់​អត់​ដែល​ឃើញថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ណា​នៅ​កម្ពុជា​ខ្មែរ​ណា​ដែល​អាច​រកលុយ​បាន​រាប់លាន​ដុល្លារ​ទៅ​អនាគត​ទេ​។ គាត់​អត់​មានបទពិសោធន៍​ហ្នឹង​។ ទី​២ នៅ​ស្រុក​ខ្មែរ​គឺ​គ្មាន​ក្រុមហ៊ុន​វិនិយោគទុន​បែប​បច្ចេកវិទ្យា​ដែរ​។ អញ្ចឹង​យើង​អត់​អាច​ទៅរក​ខាង​គាត់​បានទេ​។ អញ្ចឹង​យើង​មិនដឹង​ទៅ​និយាយ​ជាមួយ​នរណា​គេ​»​។​

​នៅ​ដើមឆ្នាំ​២០១៧​នេះ សហគ្រាស startup ខាង​បច្ចេកវិទ្យា​នៅ​កម្ពុជា មាន​ចំនួន​ជាង​១២០​ក្រុមហ៊ុន ដោយមាន​ការិយាល័យ​ធ្វើការ​រួមគ្នា​ជាង​១០ កន្លែង​នៅ​ក្រុងភ្នំពេញ និង​ខេត្តសៀមរាប​។​

​អ្នកជំនាញ​យល់ថា សក្ដានុពល​របស់ startup ខាង​បច្ចេកវិទ្យា​ត្រូវបាន​រឹតត្បិត​មួយផ្នែក ដោយសារ​កង្វះ​ការវិនិយោគ​ពី​សហគ្រិន​ក្នុងស្រុក ហើយ​ក្រុមហ៊ុន​ក្នុងស្រុក​ទាំងនេះ​មិនទាន់​ហ៊ាន​ប្រថុយប្រថាន​នឹង​សមត្ថភាព​ស្ថាបនិក​ក្រុមហ៊ុន startup ដែល​ភាគច្រើន​មាន​វ័យក្មេង​។​

​លោក ជា ឡង់​ដា អាយុ​២៧ ឆ្នាំ ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​លក់​សំបុត្រ​មធ្យោបាយ​ធ្វើដំណើរ​តាម​អ៊ីនធឺណិត​ឈ្មោះ BookMeBus​។ ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន startup ខ្មែរ​ដំបូង​ដែល​ទទួលបាន​ការវិនិយោគ​ពី​អ្នកវិនិយោគ​ក្នុងស្រុក​និង​បរទេស​កាលពី​ឆ្នាំ​២០១៦​។​

​លោក​ជា ឡង់​ដា និយាយថា ៩០​ភាគរយ​នៃ​ក្រុមហ៊ុន startup នៅ​ទូទាំង​ពិភពលោក ត្រូវ​បរាជ័យ ហើយ​តាម​បទពិសោធន៍​ផ្ទាល់​របស់លោក តាមរយៈ​ការវិនិយោគ​នេះ សហគ្រិន​ក្នុងស្រុក​អាចជួយ​ច្រើន​ដល់​ក្រុមហ៊ុន startup លើសពី​មូលធន​ទៅទៀត​។​

«​ជាក់ស្ដែង​ពួក​ខ្ញុំ​ផ្ទាល់ ពួក​ខ្ញុំ​អត់​មានបទពិសោធន៍​ច្រើន​ខាង business [​ជំនួញ​] ទេ​។ background [​សាវតារ​] របស់​ពួក​ខ្ញុំ​គឺ​ខាង IT​។ អញ្ចឹង​ពេលដែល​យើងខ្ញុំ​ចាប់ផ្ដើម​ធ្វើ​ជំនួញ ជាពិសេស​យើង​ត្រូវ ប្រកួតប្រជែង​ជាមួយនឹង startup ផ្សេងទៀត​ដែល​នៅក្រៅ​ស្រុក ឬក៏ ក្រុមហ៊ុន​ធំៗ​ផ្សេងទៀត ដែល​គាត់​ធ្វើ platform booking កក់​សំបុត្រ​ឡានក្រុង​ដូច​ពួកយើង​នៅក្រៅ​ស្រុក​ដូចជា​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម​ហ្នឹង គឺ​យើង​រាង​ពិបាក​ប្រកួតប្រជែង​នឹង​គេ​បន្តិច​»​។​

​ទោះបីជា​បច្ចុប្បន្ន​មិនទាន់មាន​រឿងរ៉ាវ​ជោគជ័យ​ខ្លាំង​របស់​ក្រុមហ៊ុន startup​ខ្មែរ​ក្ដី ក៏មាន​សញ្ញាណ​ថា អ្នកវិនិយោគ​ក្នុងស្រុក​ចាប់ផ្ដើម​មើលឃើញ​ពី​សក្ដានុពល​នៃ​ការវិនិយោគ​ក្នុង​startup​។​



​អ្នកវិនិយោគ​ក្នុងស្រុក​ដំបូង​គេ​ម្នាក់​ទៅលើ​ក​ក្រុមហ៊ុន​បច្ចេកវិទ្យា startup គឺ​លោក ជី សីលា ប្រធាន​ក្រុមហ៊ុន Sabay Digital​។​លោក​បានចាប់ផ្តើម​វិនិយោគ​លើ startup តាំងពី​ឆ្នាំ​២០១៤ ម្ល៉េះ​ដោយសារ​លោក​យល់​ពីស​ក្ដា​នុព​ល​នៃ​វិស័យ​បច្ចេកវិទ្យា ហើយ​ក្រុមហ៊ុន​លោក ក៏​ធ្លាប់ជា startup មួយ​ដែរ​។​

​លោក​អះអាងថា ពាណិជ្ជករ​ខ្មែរ​មានលទ្ធភាព​វិនិយោគ​ក្នុង​ក្រុមហ៊ុន startup​ច្រើន ដោយសារ​ក្រុមហ៊ុន​ប្រភេទ​នេះ ត្រូវការ​ដើមទុន​តិច​និង​អាច​ទទួល​បានការ​ចំណេញ​មកវិញ​ច្រើន​។​

​លោក​ជី សីលា លើក​ឧទាហរណ៍​ពី​ក្រុមហ៊ុន BookMeBus របស់លោក ជា ឡង់​ដា ដែល​លោក​និង​អ្នកវិនិយោគ​ជាច្រើន វិនិយោគ​ក្នុង​ចំនួន​ទឹកប្រាក់​ចំនួន​ត្រឹម ១​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក សម្រាប់​ភាគហ៊ុន​សរុប​១៥​ភាគរយ​។​

«​ថ្មីៗ​ហ្នឹង​យើង​បាន​វិនិយោគ​ទៅលើ​ក្រុមហ៊ុន​មួយ​ឈ្មោះ BookMeBus​។ ឃើញថា តាំងពី​ខែ​១២ ខែ​១ ហ្នឹង revenue [​ប្រាក់ចំណូល​]​គាត់​ឡើង​បាន​១៥០%​អញ្ចឹង​ទៅ​។ អាហ្នឹង​គឺ​វា​ច្រើន​មែនទែន​សម្រាប់​ក្រុមហ៊ុន​តូច​មួយ​ហ្នឹង​។ សម្រាប់​ខ្ញុំ ខ្ញុំ​យល់ថា​វា​ជា​ជំហាន​មួយ​ជោគជ័យ​ហើយ វា​ជា​Benchmark ជា​ឧទាហរណ៍​មួយ ដើម្បីឱ្យ​អ្នកផ្សេងៗ​បាន​ឃើញថា ការ​បោះទុន​ហ្នឹង ជួនកាល​លុយ​តិច​មែន តែ​វា​បានមក​វិញ​វា​ល្អ ឱ្យតែ​យើង​ជ្រើសរើស​នូវ​ក្រុមហ៊ុន​ណា​ដែលមាន​សក្ដានុពល​»​។​

​លោក ជី សីលា ជា​អ្នកវិនិយោគ​ដំណាក់កាល​ដំបូង​មួយ​ឬ​ហៅថា «angel investor» ដែលមាន​សារៈសំខាន់​ដល់​ក្រុមហ៊ុន startup អាច​ពង្រីក​ខ្លួន​បាន​។ លោក​និង​សហគ្រិន​មួយចំនួនទៀត​បាន​ចងក្រង​ជា​ក្លឹប​អ្នកវិនិយោគ angel investor ដំបូង​មួយ​នៅ​កម្ពុជា ដែលមាន​ឈ្មោះថា «​កកូរ​» ដែល​ពេលនេះ​មាន​សមាជិក​១២​នាក់​។​



​ម្យ៉ាងទៀត នៅក្នុងពេល​ថ្មីៗ ក្រុមហ៊ុន Smart Axiata ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​និង​ផ្ដល់​សេវា​អ៊ីនធឺណិត​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា បាន​បង្កើត​មូលនិធិ​បណ្ដាក់ទុន Digital Innovation Fund ចំនួន​៥​លាន​ដុល្លារ (5m VC fund) ដែល​មិន​ធ្លាប់មាន​ពីមុន​។​

​លោក ថូ​ម៉ាស់ ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Smart Axiata ថ្លែងប្រាប់ VOA ថា​រាល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​រួមទាំង​ក្រុមហ៊ុន Smart ផង​ធ្លាប់ជា​ក្រុមហ៊ុន startup ហើយ​លោក​ចង់ឃើញ​វិស័យ​វិនិយោគ startup នៅ​កម្ពុជា​តាមរយៈ​មូលនិធិ​បណ្ដាក់ទុន​ថ្មី​នេះ​មាន​លក្ខណៈ​វិជ្ជាជីវៈ​ដូច​នៅ​ប្រទេស​ដទៃ​។​

«​យើង​មិន​ចង់​ត្រឹមតែ​ផ្ដល់​ថវិកា​នោះទេ​។ យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដថា​ពួកគេ​ចាប់ផ្ដើម​ជាមួយ​ផែនការ​ពាណិជ្ជកម្ម​មួយ​ដ៏​ត្រឹមត្រូវ ជាមួយ​ការសិក្សា​មួយ ឲ្យ​បានជា​ក់លាក់ ហើយ​ជាមួយនឹង​គម្រោង​ថវិកា​មួយ​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម​។ ខ្ញុំ​ចង់​មានន័យថា​គម្រោង​ក្រុមហ៊ុន​មួយ​ប្រកបដោយ​វិជ្ជាជីវៈ​។ ការបណ្ដាក់ទុន​លើក​ទី​១​នេះ នឹង​ចាប់ផ្ដើម​នា​ខែមេសា​។ គម្រោង​នេះ​ទើបតែ​ប្រកា​សនា​ថ្ងៃទី​២៨​ខែមីនា​កន្លងទៅ ហើយ​ខ្ញុំ​ជឿជាក់ថា វា​នឹង​ជួយ​ឲ្យ​បរិយាកាស​វិនិយោគ​លើ​សហគ្រាស​បង្កើត​ថ្មី​នៅ​កម្ពុជា​មានការ​ផ្លាស់ប្ដូរ​ជា​ដុំកំភួន​»​។​

​កាលពី​ខែកុម្ភៈ ក្រុមហ៊ុន Smart ក៏បាន​បង្កើត​កម្មវិធី​មួយទៀត​ឈ្មោះ StartSmart ដែលជា​កម្មវិធី​ជួយ​និស្សិត​បណ្ដុះ​គំនិត​ខាង​សហគ្រិនភាព​បច្ចេកវិទ្យា​តាំងពី​មុន​ការបង្កើត​ក្រុមហ៊ុន​ម្ល៉េះ​។​



​លោក ស្ទី​វិ​ន ផាត (Steven Path) ប្រធាន​សហព័ន្ធ ICT កម្ពុជា ដែល​តំណាង​ឲ្យ​វិស័យ​ឯកជន​ខាង​បច្ចេកវិទ្យា លើកទឹកចិត្ត​ចំពោះ​និន្នាការ​ថ្មី​នៃ​ការវិនិយោគ​លើ​ក្រុមហ៊ុន startup ខ្មែរ ទោះបី​ការវិនិយោគ​នេះ​ភាគច្រើន​ចេញពី​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​ក្ដី​។​

​លោក​ក៏​យល់ស្រប​ដែរ​ថា អ្នកវិនិយោគ​ខ្មែរ នឹង​កាន់​តែមាន​ទំនុកចិត្ត នៅពេល​មាន​ក្រុមហ៊ុន​ខ្មែរ ដែល​ទទួលជោគជ័យ​ខ្លាំង ក្រោយពី​បានទទួល​ការវិនិយោគ​ពី​អ្នកវិនិយោគ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។​

«​បច្ចេកវិទ្យា​ICT គឺ​វា​ថ្មីថ្មោង​សម្រាប់​ប្រទេស​នេះ ម្ល៉ោះហើយ វិនិយោគិន ត្រូវការ ការសិក្សា​ខ្លះ​នឹង​ប្រហែលជា​ការបង្ហាញ​ពី​ភាពជោគជ័យ​ខ្លះៗ​ផងដែរ មុន​ពេលដែល​វិនិយោគិន​ក្នុងស្រុក​អោបក្រសោប​មែនទែន​នោះ​។ ក៏ប៉ុន្តែ ពេលនេះ វា​ភាគច្រើន​គឺជា​ការបណ្ដាក់ទុន​ពី​បរទេស ហើយ​វា​កំពុងតែ​កើតឡើង​ហើយ​។ ដូច​យើង​ឃើញស្រាប់​ហើយ មូលនិធិ​បច្ចេកវិទ្យា​នានា​បានចាប់ផ្ដើម​ដំណើរការ​ជាមួយ​ការបណ្ដាក់ទុន​ពី​បរទេស​ដើម្បី​ជួយ​ផ្ដល់នូវ​ទុកចិត្ត​ក្នុងការ​អនុវត្ត​គំនិត​ទាំងនេះ​»​។

​ទាំង​ក្រុមហ៊ុន Khmerload ដែលមាន​អាយុ​៥​ឆ្នាំ និង​ក្រុមហ៊ុន BookMeBus ដែលមាន​អាយុ​២​ឆ្នាំ ទោះបី​មានតម្លៃ​វិនិយោគ រៀងខ្លួន​ជាង​១​លាន ដុល្លារ​ក្ដី មិនទាន់បាន​បង្ហាញ​ពី​ជោគជ័យ​ធំ​ពិតប្រាកដ​ដូចដែល​គេ​ឃើញ​មាននៅ​ប្រទេស​ផ្សេងទៀត​ទេ​។​

​ប៉ុន្តែ ពួកគេ​សង្ឃឹមថា ភាពជោគជ័យ​កន្លងមក​របស់​ពួកគេ អាចជួយ​ជំរុញ​អ្នកវិនិយោគ​ក្នុងស្រុក ដែល​មិន​ធ្លាប់​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឲ្យ​ឃើញ​កាន់តែខ្លាំង​ពី​សក្ដានុពល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្មែរ ដោយ​មិន​ព្យាយាម​ក្ដោប​ក្ដាប់​ក្រុមហ៊ុន​ថ្មីថ្មោង​ទាំងនោះ​។​

​បើទោះជា មានការ​វិនិយោគទុន​ក្នុង​វិស័យ​បច្ចេកវិទ្យា ឬ Tech Startups នៅ​កម្ពុជា​ក៏ដោយ ក៏​ការអប់រំ​ក្នុង​វិស័យ​បច្ចេកវិទ្យា ដែល​គេ​ដឹងថា​ត្រូវការ​ថវិកា​ដ៏​ច្រើន​នេះ នៅមានកម្រិត​នៅឡើយ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com