ពីនេះ ពីនោះ
ពាក្យ «​រាជ និង រាជ្យ​» ខុសគ្នា​ដូចម្តេច​?
10, Apr 2017 , 7:30 am        
រូបភាព
ភ្នំពេញ៖ ពាក្យ «​រាជ និង រាជ្យ​» មាន​សូរ​ដូចគ្នា តែ​អត្ថន័យ​ផ្សេងគ្នា​។ «​រាជ​» គឺ​សំដៅ​ដល់​តួអង្គ​ព្រះមហាក្សត្រ​។ ចំណែក «​រាជ្យ​» អាច​សំដៅ​ដល់​ព្រះរាជ​បល្ល័ង្ក ឬ ភាវៈ​ជា​ព្រះមហាក្សត្រ​។

​សព្ទ «​រាជ​» គឺ​មានន័យថា ព្រះរាជា ឬ ព្រះមហាក្សត្រ​។ ក្នុង​ភាសា​ខ្មែរ នៅពេលណា គេ​ចង់​សំដៅ​ដល់​ព្រះមហាក្សត្រ គឺ​គេ តែង​ប្រើ​ជា «​រាជា​» ដោយ​មិន​និយម​ប្រើ «​រាជ​» នោះទេ​។ ឧទាហរណ៍​ថា​៖«​ព្រះរាជា យាង​មកដល់​ហើយ​!»​។

​ជាទូទៅ សព្ទ «​រាជ​» មិនសូវ​ជា​ឈរ​តែឯង​នោះទេ​។ ជា​ញឹកញាប់ សព្ទ «​រាជ​» តែង​ភ្ជាប់នៅខាងដើម ឬ ​នៅ​ខាងចុង​នៃ​ពាក្យណាមួយ។ 

​ពាក្យ ដែលមាន «​រាជ​» នៅ​ខាងដើម មានដូចជា​, រាជកុមារ​, រាជខណ្ឌ​, រាជគ្រឹះ​, រាជគ្រូ​, រាជដំណាក់​, រាជដំណើរ​, រាជតម្រាស់​, រាជតម្រិះ​, រាជទាន​, រាជទ្រព្យ​, រាជធម៌​, រាជនិពន្ធ​, រាជបញ្ជា​, រាជបណ្ឌិត​, រាជបិតា​, រាជការ​, រាជកិច្ច​,  រាជទូត​, រាជធានី​, រាជបុត្រ​, រាជប្រកាស ។​ល​។ ​ចំណែកឯ ពាក្យ ដែលមាន «​រាជ​» នៅ​ខាងចុង មានដូចជា នគររាជ​, នាគរាជ មហារាជ​, អធិរាជ​, ឯករាជ ។​ល​។​

​ដោយឡែក សព្ទ «​រាជ្យ​» គឺ​សំដៅលើ ភាវៈ​ជា​ព្រះរាជា ឬ ការគ្រប់គ្រង​ផែនដី​។ ឧទាហរណ៍​ថា​៖«​គ្រងរាជ្យ​, សោយរាជ្យ​, ដណ្តើម​រាជ្យ​, ក្សត្រ​ទ្រង់​រាជ្យ​»​។ សព្ទ «​រាជ្យ​» ដែលស្ថិតនៅ​ខាងចុងនៃពាក្យទាំងនេះ គឺ​មិន​សំដៅ​ដល់​តួអង្គ​ព្រះមហាក្សត្រ​នោះទេ តែ​សំដៅ​ដល់​បុគ្គល​ណាមួយ ដែល​ឡើងគ្រប់គ្រងរាជបល្ល័ង្ក ធ្វើជា​ព្រះមហា​ក្ស​ត្រ៕

​ប្រភព​៖ វចនានុក្រម សម្តេច ជួន ណាត​


Tag:
 ពន្យល់ពាក្យ
  «រាជនិងរាជ្យ»
© រក្សាសិទ្ធិដោយ thmeythmey.com