ជាតិ
លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទទួលពាន​រង្វាន់​សិទ្ធិមនុស្ស Judith Lee Stronach
10, Apr 2017 , 7:59 pm        
រូបភាព
ដោយ:
​វ៉ាស៊ីនតោន ៖ លោក ឆាំង យុ អាយុ ៥៦ ឆ្នាំ នាយក​ប្រតិបត្តិ​នៅឯ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ឬ​ហៅ​កាត់​ថា DC-Cam នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង San Francisco សហរដ្ឋអាមេរិក ដើម្បី​ទទួល​ពានរង្វាន់​សិទ្ធិមនុស្ស Judith Lee Stronach Human Rights ឆ្នាំ​២០១៧ សម្រាប់​ការរួមចំណែក​របស់លោក​ក្នុងការ​លើកតម្កើង​សន្តិភាព​និង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។ ពានរង្វាន់​នេះ​នឹង​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​ទំនួល​ខុសត្រូវ ឬ Center for Justice and Accountability នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៧​។​



​ដូចគ្នា​ទៅនឹង​ពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​ដទៃទៀត​ផងដែរ លោក ឆាំង យុ គឺជា​ជនរងគ្រោះ​មួយរូប​នៅក្នុង​របប​ខ្មែរក្រហម​។ ក្រោយ​រួចផុត​ពីរ​បប​នោះ លោក​បាន​ភៀសខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក​។ ទោះជា​យ៉ាងនេះ​ក្តី បទពិសោធន៍​នៃ​ភាពឈឺចាប់​ដែល​លោក​បាន​ឆ្លងកាត់​នៅក្នុង​របប​ខ្មែរក្រហម បានធ្វើ​ឲ្យ​លោក​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ដើម​ទសវត្សរ៍ ១៩៩០ ដើម្បី​លើកតម្កើង​ការចងចាំ​និង​ភាពយុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បាន​ដឹកនាំ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៩៥ មក​ម្លេះ​។ លោក​បាន​ប្រមូល​ព័ត៌មាន​ដើម្បី​ស្វែងរក​ភាពយុត្តិធម៌ ហើយ​លោក​ក៏បាន​អភិវឌ្ឍ​កម្មវិធី​អប់រំ​អំពី​អំពើ​ប្រល័យពូជសាសន៍​នៅ​ទូទាំងប្រទេស​ផងដែរ​។​

​លោក ឆាំង យុ គឺជា​បុគ្គល​ដ៏​សំខាន់​មួយ​ដែល​បាន​លះបង់​ពេលវេលា​របស់លោក​ជាច្រើន​ឆ្នាំ ដើម្បី​ប្រមូល​ភស្តុតាង​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​អំពើ​ឃោ​ឃៅ​នៅក្នុង​របប​ខ្មែរក្រហម​នៅ​ប្រទេស​កម្ពុជា​។ បើ​មិនមាន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​នោះទេ យុត្តិធម៌​នឹង​ពុំមាន​សម្រាប់​ជនរងគ្រោះ​ឬ​អ្នក​ដែល​រួច​ជីវិត​ពីរ​បប​ខ្មែរក្រហម​នោះទេ​។ នេះ​បើ​យោងតាម​អ្នកស្រី Nushin Sarkarati មេធាវី​ជាន់ខ្ពស់​នៅឯ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​ទំនួល​ខុសត្រូវ CJA​។​

«​បើ​មិនមាន​ការងារ​ដែល​លោក​និង​មជ្ឈមណ្ឌល DC-Cam និង​ក្រុម​ការពារ​សិទ្ធិមនុស្ស​ដទៃ​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​រក្សាទុក​នូវ​ភស្តុតាង​នៃ​អំពើ​ឧក្រិដ្ឋកម្ម​នោះទេ ភាពយុត្តិធម៌​នឹង​ពុំមាន​សម្រាប់​ជនរងគ្រោះ​សម្រាប់​សព្វថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​និយាយ​ឲ្យ​ចំ​ទៅនឹង​ពុំមាន​ភាព​យុត្ត​ធម៌​សម្រាប់​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម​នោះទេ​»​។​

​មជ្ឈមណ្ឌល DC-Cam គឺជា​មជ្ឈមណ្ឌល​ដែលមាន​និន្នាការ​ទៅរក​ជនរងគ្រោះ ហើយ​មជ្ឈមណ្ឌល​នេះ​បាន​ក្លាយជា​គំរូ​មួយ​សម្រាប់​មជ្ឈមណ្ឌល​នៅ​ជុំវិញ​ពិភពលោក​ដែល​កំពុង​ប្រមូល​ព័ត៌មាន​ដើម្បី​ស្វែងរក​យុត្តិធម៌​។ នេះ​គឺជា​មូលហេតុ​ចម្បង​ដែល​លោក ឆាំង យុ បាន​ក្លាយជា​បុគ្គល​មួយរូប​ដែល​ទទួល​ពានរង្វាន់​នៅក្នុង​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​លោកស្រី Beth Van Schaack ទីប្រឹក្សា​ច្បាប់​នៅឯ​មជ្ឈមណ្ឌល DC-Cam និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​នៅឯ​សកលវិទ្យា​ល័យ Stanford​។​

«​អ្វីដែល​មជ្ឈមណ្ឌល CJA កោតសរសើរ​ចំពោះ​មជ្ឈមណ្ឌល DC-Cam គឺ​ដោយសារតែ​មជ្ឈមណ្ឌល​នេះ​គឺជា​មជ្ឈមណ្ឌល​ដែល​ផ្តោតទៅលើ​ជនរងគ្រោះ ហើយ​មជ្ឈមណ្ឌល​នេះ​បានធ្វើ​ការងារ​យ៉ាងសកម្ម​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ​ស្វែងរក​យុត្តិធម៌ មុនពេល​ដែលមាន​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឬ​ហៅ​កាត់​ថា ECCC​។ មជ្ឈមណ្ឌល DC-Cam បាន​ក្លាយជា​គំរូ​មួយ​ដល់​មជ្ឈមណ្ឌល​ប្រមូល​ឯកសារ​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក ដែល​កំពុង​ប្រមូល​ព័ត៌មាន​ដែល​អាច​ប្រើប្រាស់​នៅក្នុង​ដំណើរការ​ស្វែងរក​យុត្តិធម៌ នៅ​កន្លែង​ដែល​កំពុងមាន​ការព្រួយបារម្ភ​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​»​។​

​លោក Nate Thayer អ្នកកាសែត​មួយរូប​ដែល​បានធ្វើការ​ទាក់ទង​នឹង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុ​ជាជាង​៣០​ឆ្នាំ​មកហើយ​នោះ បាន​ប្រាប់ VOA ថា ប្រសិនបើ​លោក ឆាំង យុ មិនបាន​ធ្វើ​កិច្ចការ​ទាំងអស់នេះ​នោះទេ នោះ​អ្នក​ដែល​បានសម្លាប់​មនុស្ស​យ៉ាង​រង្គាល ធ្វើ​ទារុណកម្ម និង​អ្នក​ដែល​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នឹង​រួចខ្លួន​។​

«​លោក ឆាំង យុ គឺជា​ទាហាន​ដ៏​អង់អាច​មួយ​ដែល​វាយ​ប្រយុទ្ធ​តែឯង​ដើម្បី​ស្វែងរក​យុត្ត​ធម៌​សម្រាប់​អ្នក​ដែល​បាន​រងគ្រោះ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ឆន្ទៈ​និង​ការលះបង់​របស់លោក បាន​នាំខ្លួន​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​យ៉ាង​រង្គាល​នោះ​ទៅកាន់​តុលាការ ទៅ​ប្រឈមមុខ​និង​ទៅ​ទទួលខុសត្រូវ​ចំពោះ​បទឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្តិ​»​។​

​លោក Peter Maguire សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ដែលមាន​ចំណងជើង​ថា «Facing Death in Cambodia» បាន​ហៅ​លោក ឆាំង យុ ថា​ជា​ទ្រព្យសម្បតិ្ត​ដ៏​មានតម្លៃ​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​បាន​នាំមក​នូវ​ការពិត​និង​ការផ្សះផ្សារ​ដល់​ពលរដ្ឋ​កម្ពុជា ច្រើនជាង​អ្វីដែល​អង្គការសហប្រជាជាតិ​និង​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ECCC រួមគ្នា​ធ្វើទៅ​ទៀត​»​។​

«​ខ្ញុំ​អាច​និយាយបានថា លោក ឆាំង យុ គឺជា​មរតក​មួយ​សម្រាប់​ជាតិ​កម្ពុជា ហើយ​លោក​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទាញយក​ប្រវត្តិសាស្ត្រ​របស់ខ្លួន​មក​ធ្វើជា​កម្មសិទ្ធិ​វិញ តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​លោក​បានធ្វើ​នៅឯ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា DC-Cam»​។​

​លោក​បន្តថា​៖«​សៀវភៅ​របស់លោក​ដែលមាន​ចំណងជើង​ថា «Victims and Perpetrator» និង​ទស្សនា​វ​ដ្តី​របស់លោក​ដែលមាន​ចំណងជើង​ថា «Searching for the Truth» បាន​នាំមក​នូវ​ការពិត​និង​ការផ្សះផ្សារ​ដល់​ពលរដ្ឋ​កម្ពុជា​ច្រើនជាង​អ្វីដែល​អង្គការសហប្រជាជាតិ​និង​តុលាការ​កាត់ទោស​ខ្មែរក្រហម ECCC រួមបញ្ចូល​គ្នា​ទៅទៀត​»​។​

​លោក នេ​ត ភ័​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ប្រាប់ VOA ថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា DC-Cam សាក​សម​នឹង​ទទួលបាន​ពានរង្វាន់​នេះ ដោយសារតែ​មជ្ឈមណ្ឌល​នេះ​បាន​ជួយ​សន្សំ​ពេលវេលា​របស់​តុលាការ​ក្នុងការ​ស្វែងរក​ភស្តុតាង​និង​ឯកសារ​នានា​។​

«​កិច្ចការ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នេះ​គឺ​បាន​ជួយ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ហ្នឹង កាត់បន្ថយ​ពេលវេលា​មួយចំនួន ក្នុងការ​ស្វះ​ស្វែងរក​ភស្តុតាង​ដោយ​ខ្លួនឯង ហើយ​បាន​ផ្តល់នូវ​ពន្លឺ ក៏ដូចជា​ព័ត៌មាន ក៏ដូចជា​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​មួយចំនួន​ដែល​យើង​ពិបាក​រក ដើម្បី​យើង​អាច​ប្រើប្រាស់​នៅក្នុង​ដំណើរការ​ជំនុំ​ជម្រះក្តី​»​។​

​ពានរង្វាន់​សិទ្ធិមនុស្ស Judith Lee Stronach Human Rights ដែល​ប្រគល់ជូន​ជា​រៀងរាល់ឆ្នាំ មាន​ចាប់តាំងពី​ឆ្នាំ​២០០៧ ដែល​ពានរង្វាន់​នេះ​ដាក់ឈ្មោះ​តាម លោកស្រី Judith Lee Stronach ដែលជា​សកម្មជន​សិទ្ធិមនុស្ស​មួយរូប​។ ពានរង្វាន់​នេះ​ប្រគល់ជូន​ជា​រៀងរាល់ឆ្នាំ​ដល់​បុគ្គល​ឬ​អង្គការ​ណា​ដែល​បានរួម​ចំណែក​បានល្អ​ដល់​ចលនា​ដើម្បី​ភាពយុត្តិធម៌​នៅលើ​សកលលោក នេះ​បើ​យោងតាម​មជ្ឈមណ្ឌល CJA​។​

​លោក ឆាំង យុ បច្ចុប្បន្ននេះ​កំពុងតែ​ដឹកនាំ​អភិវឌ្ឍ​វិទ្យាស្ថាន​ស្លឹករឹត ដែលជា​មណ្ឌល​អចិន្ត្រៃយ៍​មួយ​សម្រាប់​សិក្សា​អំពី​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​តំបន់​អាស៊ី ដែលមាន​ស្នាក់ការ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ទស្សនវិស័យ​របស់​វិទ្យាស្ថាន​នេះ​គឺ​ដើម្បី​លើកកម្ពស់​កេរដំណែល​នៃ​ភាពយុត្តិធម៌ ការចងចាំ និង​ការផ្សះផ្សារ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com