ជាតិ
អាជ្ញាធរ​ហាម​លេង​ជះ​ទឹក ប៉ាត​ម្ស៉ៅ លេងល្បែង​ស៊ីសង និង​អុជ​ផាវ​... ពេល​ចូលឆ្នាំ​
12, Apr 2017 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ហាមប្រាម​ពលរដ្ឋ ពិសេស​យុវជន លេង​ជះ​ទឹក ប៉ាត​ម្ស៉ៅ លេងល្បែង​ស៊ីសង និង​អុជ​ផាវ​ជាដើម ពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១៤ ដល់ ១៦ ខែមេសា ខាងមុខនេះ​។​



​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការហាម​ប្រាម​នេះ មាន​គោលបំណង​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ រួមទាំង​រក្សា​នូវ​ប្រពៃណីជាតិ និង​សេចក្តីថ្លៃថ្នូរ​ដ៏​ផូរផង់​របស់ ខ្មែរ​ផងដែរ​។​

​លោក​បាន​អំពាវនាវ​ពលរដ្ឋ​តាមរយៈ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១១ ខែមេសា​នេះ ឲ្យ​ពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ។ បន្ថែម​លើសពីនេះ ពលរដ្ឋ​ត្រូវ​ចូលរួម​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ដោយ​ប្រុងប្រយ័ត្ន និង​ម្ចាស់ការ​ខ្ពស់​ចំពោះ​ភ្លើងទៀន ធួ​ប ភ្លើង​ច​ង្គ្រា​ន ចរន្តអគ្គិសនី ដើម្បី​រក្សា​ការពារ​ទ្រព្យសម្បត្តិ អាយុជីវិត អាយុ​ជិវិត​ផ្ទាល់ខ្លួន និង​អ្នក​ដ៏​ទៃ​។​

​ជាងនេះទៀត លោក សុជាតិ​វង្ស បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ចូលរួម​លេងល្បែង​ប្រជាប្រិយ៍​គ្រប់​ប្រភេទ​ផង​។ «​ជៀសវាង​ដាច់ខាត​ការលេង​បាញ់​ទឹក ជះ​ទឹក​គប់​ស្បោង​ទឹក លាប​ធ្យូង ប៉ាត​ម្ស៉ៅ ទះ​គក់​ដោយ​ដៃ ឬ​វាយ​រំពាត់ ដល់​អ្នក​ដល់​អ្នក​ដល់​អ្នកធ្វើដំណើរ ឬ​ជិះ​ម៉ូតូ​បង្ហោះ​ប្រដេញ​គ្នា​លេង​តាម​ដងផ្លូវ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ប៉ះពាល់​ដល់​អាយុជីវិត​ផ្ទាល់ខ្លួន និង​អ្នកធ្វើដំណើរ​»​។ អភិបាល​រាជធានី​បញ្ជាក់​មុន​ហាម​ដាច់ខាត​ការលេង​ល្បែងស៊ីសង អុជ​ផាវ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ ដើម្បី​រក្សា​ភាពថ្លៃថ្នូរ សក្តិ​សមជា​កុលបុត្រ កុលធីតា​ខ្មែរ​។​

​អាជ្ញាធរ​រាជធានី​ភ្ន​ពេញ ជឿជាក់ថា ពលរដ្ឋ ពិសេស​យុវជន​ទាំងអស់ ចូលរួម​អនុវត្តតាម​ខ្លឹមសារ​ជូនដំណឹង​ខាងលើ​៕


Tag:
 ប៉ា សុជាតិ​វង្ស​
  ភ្នំពេញ​
  ចូលឆ្នាំ​
  ចរាចរណ៍​
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com