អន្តរជាតិ
 បារាំង​នឹង​ទទួល​អ​ម្រែ​ក​យោធា​កាន់តែ​ធ្ងន់ ក្រោយ​អង់គ្លេស​ចាកចេញ​
16, Apr 2017 , 5:59 pm        
រូបភាព
កងទ័ពបារាំងក្នុងប្រតិបត្តិការនៅម៉ាលី (រូបភាព AFP)
កងទ័ពបារាំងក្នុងប្រតិបត្តិការនៅម៉ាលី (រូបភាព AFP)
​ការចាកចេញ​របស់​ច​ក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប មិន​ត្រឹមតែ​ប៉ះពាល់​លើ​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច​ទេ តែ​ក៏​ប៉ះពាល់​ឥទ្ធិពល​យោធា​របស់​អឺរ៉ុប​ដែរ​។ ចក្រភព​អង់គ្លេស គឺជា​មហាអំណាច​យោធា​ដ៏​ធំ​ប្រចាំ​អឺរ៉ុប ដែល​ចាយលុយ​ច្រើន​សម្រាប់​ការចំណាយ​របស់​សម្ព័ន្ធ​យោធា​ណា​តូ​។ ជាមួយ​ការចាកចេញ​របស់​អង់គ្លេស និង​ការទាមទារ​របស់​អាមេរិក​ឲ្យ​អឺរ៉ុប​បង្កើន​ថ្លៃ​ចំណាយ អ​ម្រែ​ក​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់​នេះ នឹង​ធ្លា​ក់លើ​ស្មា​របស់​បារាំង ដែលជា​មហាអំណាច​យោធា​ប្រចាំ​អឺរ៉ុប​មួយ​ដែរ​។


​ចក្រភព​អង់គ្លេស គឺជា​មហាអំណាច​យោធា​ដ៏​ធំ ដែលមាន​កម្លាំង​ច្រើន ហើយ​ខ្លាំង និង​តែង​ចាប់ដៃ​ជាមួយ​អាមេរិក​ក្នុង​ប្រតិបត្តិការ​យោធា​ជុំវិញ​ពិភពលោក​។ ការចាកចេញ​របស់​ច​ក្រ​ភព​អង់គ្លេស ក៏​ជាការ​ចាកចេញ​កង​ម្លាំ​ង​ទ័ព​ធំ​ដែរ ហើយក៏​ជាការ​ចាកចេញ​របស់រ​ដ្ឋ​សមាជិក​ដែលមាន​គ្រាប់​នុយក្លេអ៊ែរ​ដែរ​។ ក្រៅពី​អង់គ្លេស មានតែ​បារាំង​ប៉ុណ្ណោះ ដែលមាន​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​អាវុធ​របស់ខ្លួន ហើយ​បារាំង​នឹងត្រូវ​ទទួលបន្ទុក​សន្តិ​សុខ​អឺរ៉ុប ជំនួស​អ្វីដែល​អង់គ្លេស​ធ្លាប់ធ្វើ​មិន​ខាន​។
​ក្នុងចំណោម​រដ្ឋ​សមាជិក​ណា​តូ​មកពី​តំបន់​អឺរ៉ុប បារាំង​ជា​អ្នក​ចំណាយលុយ​ច្រើនជាងគេ បន្ទាប់ពី​អង់គ្លេស​។ ក្រោយ​អង់គ្លេស​ចាកចេញ បារាំង នឹង​ក្លាយជា​អ្នកចូលរួម​ម​វិភាគទាន​ឲ្យ​ណា​តូ​ច្រើនជាងគេ​វិញ​ម្ដង ហើយ​ចំណាយ​ច្រើនជាង​អាល្លឺម៉ង់​ទៅទៀត​។ អាមេរិក គឺជា​អ្នក​ចេញថ្លៃ​ចំណាយ​របស់​ណា​តូ​ច្រើនជាងគេ ហើយក៏​បាន​ទទូច​ឲ្យ​សមាជិក​ណា​តូ​ផ្សេងទៀត ជួយ​ចេញថ្លៃ​ចំណាយ​ឲ្យ​បាន​២​ភាគរយ​តាម​ការសន្យា​ទៀតផង​។
​តាម​ការផ្សាយ​របស់​សារព័ត៌មាន France 24 ការចំណាយ​ប្រចាំឆ្នាំ​២០១៦​របស់​ណា​តូ​បង្ហាញថា ចក្រភព​អង់គ្លេស ចាយប្រាក់​ចំនួន​៤៩.៣​លាន​អឺរ៉ូ​, បារាំង​ចំនួន​៣៩.៨​លាន​អឺរ៉ុប ចំណែក​អាល្លឺម៉ង់​ចេញ​៣៧.១​លាន​អឺរ៉ុប​។ បើ​គិត​ជា​ភាគរយ​វិញ អង់គ្លេស ចេញថ្លៃ​ចំណាយ​សម្រាប់​ណា​តូ លើសពី​ការកំណត់​នៃ​ការសន្យា ២​ភាគរយ​។ ប៉ុន្តែ​បារាំង និង​អាល្លឺម៉ង់ មិនទាន់​អាច​ចេញ​ប្រាក់​ដូច​ការកំណត់​ទេ ដោយ​ថ្លៃ​ចំណាយ​បារាំង​មានតែ​១.៨​ភាគរយ ហើយ​អាល្លឺម៉ង់​មានតែ​១.២​ភាគរយ​។
​យ៉ាងណាក្ដី ក្នុងនាម​ជា​មហាអំណាច​ពិភពលោក និង​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ បារាំង​ក៏ត្រូវ​តែ​ចេញមុខ​មាត់​ឲ្យ​បាន​ច្រើន សក្តិ​សមជា​ឈ្មោះ​មហាអំណាច​របស់ខ្លួន​។ បារាំង បានធ្វើ​ប្រតិបត្តិការ​យោធា​ជាច្រើន​នា​រយៈពេល​ចុងក្រោយ ជាពិសេស​តំបន់​អាហ្វ្រិក​។ ទាហាន​បារាំង​កំពុង​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។ បារាំង​ក៏​ជា​សមាជិក​សម្ព័ន្ធភាព​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ដែរ​។
​ជាមួយ​បន្ទុក​ដ៏​ធ្ងន់​ក្រោយ​ការចាកចេញ​របស់​អង់គ្លេស បារាំង ទំនងជា​ចាប់ដៃ​ជាមួយ​អាល្លឺម៉ង់ ដើម្បី​បំពេញ​ចន្លោះ​បន្សល់ទុក​ដោយ​ការចាកចេញ​នេះ​។ នា​រយៈពេល​ចុងក្រោយ ក្រុង​បែរ​ឡាំង និង​ក្រុងប៉ារីស ក៏​បាននិងកំពុង​ដើរតួ​សំខាន់​ក្នុង​ការរក្សា​ស​សណ្ដាប់ធ្នាប់​នៅ​អឺរ៉ុប ចំពេល​ការគំរាមកំហែង​លើ​តំបន់​នេះ ក៏​កំពុង​កើនឡើង​ដូចគ្នា​។ ការវាយប្រហារ​ភេរវកម្ម និង​លំហូរ​ជនភៀសខ្លួន សុទ្ធតែជា​បញ្ហា​ឈឺក្បាល​សម្រាប់​អឺរ៉ុប ដែល​ត្រូវ​រក​ដំណោះស្រាយ​បន្ទាន់​ផងដែរ​៕

Tag:
 បារាំង​
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com