ជាតិ
ពីនេះ ពីនោះ
អត្ថប្រយោជន៍​នៃ​ការលេង​ឧបករណ៍​តន្ត្រី​
17, Apr 2017 , 10:03 pm        
រូបភាព
ដោយ: ថ្មីៗ

​ការលេង​ឧបករណ៍​តន្ត្រី​មិនមែន​គ្រាន់តែ​ជា​សកម្មភាព​លំហែ​កំសាន្ត​ប៉ុណ្ណោះ​ទេ តែ​នៅមាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដែល​យើង​អាច​ទទួលបាន ដោយ​គ្រាន់តែ​យើង​ចំណាយ​ពេលវេលា​ខ្លះ​ហាត់​លេង​ឧបករណ៍​តន្ត្រី​ណាមួយ​នោះ​។

 
​អត្ថប្រយោជន៍​ទាំងនោះ រួមមាន​៖
 
១​ ​បង្កើន​សមត្ថភាព​ចងចាំ​។ ប្រសិនបើ​អ្នករៀន​លេង​ឧបករណ៍​តន្ត្រី​ណាមួយ ផ្នែក​នៃ​ខួរក្បាល​ដែល​គ្រប់គ្រង​ជំនាញ​ចលករ (​ដូចជា ការប្រើ​ដៃ ការរត់ ហែល​ទឹក ការរក្សា​លំនឹង ។​ល​។​) ការ​ស្តាប់ ការ​រក្សាទុក​ព័ត៌មាន​ជា​សំលេង និង​ការចងចាំ ពិតជា​រីកលូតលាស់​ណាស់ និង​កាន់តែ​សកម្ម​ថែម​ទៀតផង​។ ការលេង​ឧបករណ៍​តន្ត្រី ក៏​អាចជួយ​ឱ្យ​កម្រិត IQ របស់​យើង ឡើង​បាន ៧​ពិន្ទុ​ផងដែរ​។​
២​ ​អភិវឌ្ឍ​ជំនាញ​គ្រប់គ្រង​ពេលវេលា និង​ជំនាញ​រៀបចំ​។ ដើម្បី​ធ្វើ​ឲ្យ    សមត្ថភាព​លេង​ឧបករណ៍​តន្ត្រី​រីកចម្រើន​ឆាប់រហ័ស​នោះ តន្ត្រីករ​ត្រូវ​ស្វែងយល់​អំពី​ការរៀបចំ​ពេលវេលា​ហ្វឹកហាត់ និង​រៀបចំ​ផែនការ​ហាត់​លំ​ហាត់​ផ្សេងៗ​គ្នា ដែល​នេះ​នឹងធ្វើ​យើង​ចេះ​ប្រើប្រាស់​ពេលវេលា​បាន​កាន់​តែមាន​ប្រសិទ្ធភាព​។​
៣​ ​អភិវឌ្ឍ​ជំនាញ​ធ្វើការ​ជា​ក្រុម​។ ដើម្បី​អាច​ឲ្យ​ក្រុម​មួយ​ប្រគុំ​បទ​ភ្លេង​ដ៏​សែន  ពិ​រោះ​បាន សមាជិក​វង់ភ្លេង និង​ផ្នែក​នី​មូ​យៗ​ត្រូវ​រៀន​ស្តាប់​គ្នា​ទៅវិញទៅមក និង​របៀប​ប្រគុំ​ចូលគ្នា​ទាំងអស់​។​
៤​ ​ជួយ​ហ្វឹកហាត់​ភាព​អត់ធ្មត់​។ ការរៀន​លេង​ឧបករណ៍​តន្ត្រី ត្រូវ​ចំណាយ​ពេលវេលា និង​ការខិតខំ​ប្រឹងប្រែង​ជាច្រើន ដែល​នេះ​នឹង​ជួយ​បណ្ដុះ​ភាព​អត់ធ្មត់ និង​ការតស៊ូ​របស់​យើង​។​
៥​ ​អភិវឌ្ឍភាព​ស៊ីសង្វាក់​គ្នា​។ សិល្បៈ​នៃ​ការលេង​ឧបករណ៍​តន្ត្រី ទាមទារ​ឲ្យ​មាន​ភាពស៊ីសង្វាក់​គ្នា​យ៉ាងខ្លាំង​រវាង​ដៃ និង​ភ្នែក​។ ពេល​អាន​អក្សរ​ភ្លេង ខួរក្បាល នឹង​បំ​លែង​អក្សរ​ភ្លេង​ទៅជា​លំនាំ​ចលករ​ជាក់លាក់​មួយ ព្រមទាំង​បញ្ចូល​ដង្ហើម និង​ចង្វាក់​ក្នុងពេល​ជាមួយគ្នា​ដែរ​។​
៦​ ​អភិវឌ្ឍ​សមត្ថភាព​ផ្នែក​គណិតសាស្ត្រ​។ ពេល​អាន​ណោ​ត​ភ្លេង យើង​ត្រូវ​រាប់​ណោ​ត​ភ្លេង និង​ចង្វាក់ ដែល​នេះ​អាចជួយ​អភិវឌ្ឍ​ជំនាញ​គណិតសាស្ត្រ​បាន​។ ហើយ​ការរៀន​ទ្រឹស្តី​តន្ត្រី​ក៏មាន​បញ្ចូល​គណិតសាស្ត្រ​ផងដែរ​។​
៧​ ​អភិវឌ្ឍ​ជំនាញ​អាន និង​ការយល់ដឹង​។ នៅពេល​ឃើញ​ណោ​ត​ពណ៌​ស និង​ពណ៌​ខ្មៅ យើង​ត្រូវតែ​ស្គាល់​ថា​ជា​ណោ​ត​ឈ្មោះ​អ្វី ត្រូវ​ប្រើ​ម្រាមដៃ ឬ​អូស​ចុះឡើង​។ ជាមួយគ្នានេះដែរ យើង​ក៏​ត្រូវតែ​មើល​ចង្វាក់​ណោ​ត​ភ្លេង ហើយ​ពត់​អណ្តាត​យើង​ឲ្យ​បញ្ចេញ​សូរសៀង​បាន​ត្រឹមត្រូវ​។​
៨​ ​បង្កើន​ការទទួលខុសត្រូវ​។ ការលេង​ឧបករណ៍​តន្ត្រី ត្រូវ​ដើរ​ទន្ទឹម​ជាមួយនឹង​ការទទួលខុសត្រូវ​។ ការថែទាំ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ធានាថា ឧបករណ៍   តន្ត្រី​នៅតែ​អាច​ដំណើរការបាន​។ ឧបករណ៍​ភាគច្រើន ត្រូវធ្វើ​ការសម្អាត ហើយ​ប្រភេទ​ខ្លះទៀត​ត្រូវ​លាបប្រេង ឬ​ក្រមួន​។ ក្រៅពីនេះ យើង​ក៏ត្រូវ​ចងចាំ​ពី​ព្រឹត្តិការណ៍​តន្ត្រី (​ដូចជា​ការហាត់​សម និង​ការសម្តែង​) និង​រៀប​ចំពេល​ហាត់​។​
៩​ ​បញ្ជ្រាប​ប្រវត្តិសាស្ត្រ​វប្បធម៌​។ ជានិច្ចកាល តន្ត្រី​ឆ្លុះបញ្ចាំង​ពី​បរិស្ថាន និង​ពេលវេលា​ដែល​វា​ត្រូវបាន​បង្កើតឡើង​។ តន្ត្រី​គឺជា​ប្រវត្តិសាស្ត្រ និង​សាច់​បទ​នីមួយៗ​សុទ្ធ​តែមាន​ប្រវត្តិ និង​ដំណើររឿង​រៀងៗ​ខ្លួន ដែល​នឹង​ជួយ​បណ្តុះ​ផ្នត់គំនិត​របស់​យើង​ឲ្យ​ចេះ​កោតសរសើរ​ដល់​វប្បធម៌​ដទៃទៀត​។​
១០​ ​អភិវឌ្ឍ​ការ​ផ្តោតអារម្មណ៍​។ ពេល​លេង​តន្ត្រី ទាមទារ​ឲ្យ​យើង​ផ្ដោតអារម្មណ៍​ទៅលើ​គ្រាប់​ណោ​ត ចង្វាក់ (​តាំ​ប៉ូ រយៈពេល​ណោ​ត​) និង​គុណភាព​សំឡេង​។ ហើយ​ពេល​លេង​ជា​ក្រុម ទាមទារ​ការ​ផ្តោតអារម្មណ៍​ឲ្យ​បាន​ច្រើន​។ មិនមែន​គ្រាន់តែ​ស្ដាប់​ខ្លួន​យើង​លេង​នោះទេ តែ​ក៏ត្រូវ​ស្ដាប់​ផ្នែក​ផ្សេងទៀត​ទាំងអស់ ដើម្បី​លេង​ឲ្យ​ត្រូវ​គ្នា​ដែរ​។ 
១១​ ​ជួយ​សម្ដែង​អារម្មណ៍​របស់​យើង និង​កាត់បន្ថយ​ភាព​តានតឹង​។ តន្ត្រីករ​ដែល​ពូកែ​លេង​ឧបករណ៍​តន្ត្រី គឺ​កាន់តែ​អាច​បង្ហាញ​អារម្មណ៍​របស់គេ​កាន់តែច្បាស់​។ វា​អាច​កាត់បន្ថយ​ភាព​តានតឹង និង​អាចជា​ទម្រង់​ការព្យាបាល​ដ៏​អស្ចារ្យ​មួយ​។  ជាការ​ពិត ការព្យាបាល​ដោយ​តន្ត្រី មាន​ប្រយោជន៍​ណាស់​សម្រាប់​កុមារ និង​មនុ​ស្សវ័យ​ជំទង់​ដែលមាន​អាកា​រៈ​វិបត្តិ​ប្រសាទ ជំងឺ​ធ្លាក់​ទឹកចិត្ត  និង​ជំងឺ​ដទៃទៀត​។​
១២​ ​បណ្ដុះ​ទឹកចិត្ត​ជោគជ័យ​។ ការ​ជម្នះ​បាន​រាល់​ភាពលំបាក​ក្នុង​តន្ត្រី​ដែល​យើង​គិតថា​មិនអាច​សម្រេចបាន នឹងធ្វើ​ឲ្យ​យើង​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​។​
 ១៣​ ​បង្កើន​ជំនាញ​ទំនាក់ទំនង​ក្នុងសង្គម​។ ការលេង​ឧបករណ៍​តន្ត្រី អាចជា     ឱកាស​ដ៏​ធំ​មួយ​ក្នុងការ​ពង្រឹង​ជំនាញ​ទំនាក់ទំនង​ក្នុងសង្គម​យើង​បាន​។  អ្នកមាន  សមត្ថភាព​មួយចំនួន​ចូល​លេង​ក្នុង​ក្រុម ឬ​វង់ភ្លេង​ច្រើនលើក​ច្រើនដង​ទៅ នឹងមាន​មិត្តភក្តិ​កាន់តែ​ស្និទ្ធស្នាល​ដូច​ក្នុង​គ្រួសារ​តែមួយ​។  តាមរយៈ​សកម្មភាព​ត​ន្ត្រី​បែបនេះ យើង​នឹង​ទទួលបាន​មិត្ត​ភាពជា​យូរអង្វែង​បាន​យ៉ាង​ងាយ​។​
១៤​ ​អភិវឌ្ឍ​សមត្ថភាព​ស្ដាប់​។  ការលេង​ឧបករណ៍​តន្ត្រី​ទាមទារ​ឲ្យ​យើង​ស្ដាប់​សម្លេង​យ៉ាង​ប្រុងប្រយ័ត្ន​។ យើង​ត្រូវ​រៀន​ស្ដាប់​សម្លេង​ពេល​យើង​លេង​គ្រាប់​ណោ​ត          ខុស ដើម្បី​អាច​កែ​កំហុស​ខ្លួន​យើង​បាន​។ ពេល​រឹត​សម្លេង​ឧបករណ៍​មានន័យថា យើង​កំពុង​រៀន​ស្ដាប់​សម្លេង​ថា​តើ​សម្លេង​នោះ​ខ្ពស់ ឬ​ទាប​។​
១៥​ ​ពង្រឹង​វិន័យ​។  អ្វីដែល​តន្ត្រីករ​ទទួល​បាន​ពី​ការ​ហាត់រៀន​ឧបករណ៍​តន្ត្រី​នោះ​គឺ វិន័យ​។ ការហ្វឹកហាត់ និង​ការស្វែងយល់​ផ្នែក​ដែល​លំបាក​ក្នុង​សាច់ភ្លេង តែ​មិនមែន​ផ្នែក​ដែល​ងាយស្រួល​នោះ គឺ​ត្រូវការ​ឲ្យ​យើង​មាន​វិន័យ​។ តន្ត្រីករ​ពូកែៗ​ក្នុង​លោក គឺជា​អ្នក​ដែល​ពូកែ​កាន់​វិន័យ ដូច្នេះហើយ​ទើប​តន្ត្រីករ​ទាំងនោះ​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​។​
១៦​ ​បង្កើន​ជំនាញ​សម្ដែង និង​កាត់បន្ថយ​អា​ការៈភ័យខ្លាច​ពេល​សម្ដែង​។  គោលដៅ​មួយ​នៃ​ការហ្វឹកហាត់​ច្រើន​ដងនោះ​គឺ ដើម្បី​ឲ្យ​យើង​អាច​សម្ដែង​នៅ​ចំពោះមុខ​ទស្សនិកជន​បាន​។ នៅពេលដែល​យើង​មានឱកាស​សម្ដែង​នៅ​ចំពោះមុខ​សាធារណជន​បាន​កាន់តែច្រើន​កាលណា អា​ការៈភ័យខ្លាច​ពេល​សម្ដែង​នឹង​កាត់បន្ថយ​បាន​កាន់តែច្រើន​ទៅតាម​នោះដែរ​។​
១៧​ ​អត្ថប្រយោជន៍​ចំពោះ​ប្រព័ន្ធ​ដកដង្ហើម​។ ដង្ហើម​គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ប្រភេទ​តន្ត្រី​ប្រើប្រាស់​ខ្យល់​។ នៅពេល​លេង​ឧបករណ៍​តន្ត្រី ដើម្បី​លេង​ឲ្យ​បាន​ត្រឹមត្រូវ យើង​ត្រូវ​ដកដង្ហើម​ចូល​ឲ្យ​បាន​វែង និង​រៀន​ដកដង្ហើម​ចេញ​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​យើង​អាច​ទទួលបាន​សម្លេង​ដែល​ចង់បាន​។ លំ​ហាត់​ដង្ហើម​ត្រូវបាន​ណែនាំ​ជាពិសេស​សម្រាប់​តន្ត្រីករ ហើយ​លំ​ហាត់​ទាំងនេះ នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ដកដង្ហើម​របស់​យើង​។​
១៨​ ​បង្កើត​ភាព​រីករាយ​ក្នុង​ជីវិត និង​ដល់​អ្នក​នៅ​ជុំវិញ​។  ការលេង​ឧបករណ៍     តន្ត្រី​ពិតជា​ផ្ដល់​ភាព​រីករាយ និង​ក្ដីរំភើប​។ មិន​ត្រឹមតែ​ផ្ដល់​ភាព​រីករាយ​នៅពេល​យើង​លេង​ឧបករណ៍​តន្ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​កាន់តែ​រីករាយ​នៅពេលដែល​យើង​ឃើញ ទស្សនិកជន​ទះដៃ​សាទរ​ដល់​ការសម្ដែង​របស់​យើង​ទៀតផង​។ យើង​នឹង​ទទួលបាន​អារម្មណ៍​ថា​ទទួលបាន​កិត្តិយស និង​ការដឹងគុណ​នៅពេលដែល​ចុះ​សម្ដែង​ដោយ​ស្ម័គ្រចិត្ត​នៅតាម​សហគមន៍ ហើយ​យើង​នឹង​បានឃើញ​ទឹកមុខ​រីករាយ​របស់   ទស្សនិកជន​ដោយសារ​ពួកគេ​ពេញ​ចិត្តនឹង​ការសម្ដែង​របស់​យើង​។​
 
​ប្រែ​សម្រួល​ចេញពី​អត្ថបទ 18 Benefits of Playing a Musical Instrument ដោយ Michale Matthews ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១១​ក្នុង​គេហទំព័រ www.effectivemusicteaching.com/articles/directors/18-benefits-of-playing-a-musical-instrument/
​ស្រាវជ្រាវ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ និង​សហគមន៍​ចាប៉ី​អមតៈ​
 

Tag:
 តន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com