ជាតិ
រដ្ឋបាល ដូ​ណា​ល់ ត្រាំ ផ្ញើ​សារ​ជូនពរ​ពលរដ្ឋ​កម្ពុជា​នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​
13, Apr 2017 , 10:22 am        
រូបភាព
ដោយ: ថ្មីៗ
«​តាងនាម​ឲ្យ​រដ្ឋបាល​អាមេរិក ខ្ញុំ​ជូនពរ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​»​។ នេះ​ជា​សារ​ជូនពរ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Rex Tillerson ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។​


​រដ្ឋបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​ជូនពរ​ដល់​ប្រជាជន​កម្ពុជា​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ពីថ្ងៃ​១៤, ១៥ និង​ថ្ងៃ ១៦ មេសា​។ តាងនាម​ឲ្យ​រដ្ឋបាល​អាមេរិក រដ្ឋមន្ត្រីការបរទេស​បរទេស​អាមេរិក​លោក Rex Tillerson ជូនពរ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ក្រុមគ្រួសារ​ឲ្យ​ជួបប្រទះ​តែ​សេចក្តីសុខ សន្តិភាព វិបុល​សុខ និង​សិរី​មង្គល​ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ​។​
 
​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Rex Tillerson បាន​លើ​ដូច្នេះ​៖« បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ ជា​ឱកាស​ដែល​អាច​ឆ្លុះបញ្ចាំង​ពី​ភាពជា​ដៃគូ​ប្រកបដោយ​ផ្លែផ្កា​រវាង​កម្ពុជា​និង​អាមេរិក​។ យើង​បានធ្វើការ​រួមគ្នា​ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​, ពង្រឹងសមត្ថភាព​អង្គការ​សង្គម​ស៊ីវិល​, ធ្វើ​ឲ្យវិស័យ​សុខាភិបាល​ប្រសើរឡើង និង​ការពារ​សម្បត្តិ​ធម្មជាតិ និង​មរតក​វប្បធម៌​ផងដែរ​»​។​
 
​លោក Tillerson បន្តថា​៖«​ខណៈដែល​អ្នក​ជួបជុំ​គ្រួសារ មិត្តភក្តិ និង​អ្នកជិតខាង​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណីជាតិ​នេះ អ្នក​ដឹងថា អាមេរិក​នៅ​ឈរ​ជាមួយ​កម្ពុជា​ក្នុងនាម​ជា​មិត្ត​និង​ជា​ដៃគូ​។ សូម​អបអរសាទរ​និង​សូម​ឲ្យ​ឆ្នាំ​ថ្មី​នេះ​នាំមក​នូវ​សេចក្តីសុខ សន្តិភាព សិរី​មង្គល វិបុល​សុខ និង​រីករាយ​ឆ្នាំ​ថ្មី​»​។​
 
​សូមបញ្ជាក់ថា សហរដ្ឋអាមេរិក​និង​កម្ពុជា​បាន​បង្កើត​ចំណង​ការទូត​ទ្វេភាគី​ពេញលេញ​នៅក្នុង​ឆ្នាំ ១៩៩៣ ហើយ​ចំណង​សេដ្ឋកិច្ច​ទ្វេភាគី​ត្រូវបាន​ស្តារ​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៩២​។​បច្ចុប្បន្ននេះ​អាមេរិក​ក្លាយជា​ប្រទេស​ដែល​ទទួល​ទិញ​ផលិតផល​កម្ពុជា​ច្រើនជាង​គេ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com