ជាតិ
អ្នកលក់​ត្អូញត្អែរថា​ផ្លែ​អង្គញ់​លក់​មិន​ដាច់​
14, Apr 2017 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អាជីវករ​លក់​ផ្លែ​អង្គញ់ បាន​ត្អូញ​ឥត​ដាច់​ពី​មាត់ ថា​ផ្លែ​អង្គញ់​លក់​មិន​ដាច់​។ អង្គញ់​លក់​មិន​ដាច់ មានន័យថា​ការលេង​ល្បែង​បោះអង្គញ់​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ បាន​ថមថយ មិនសូវ​និយម​ដូច​មុន​។ ទន្ទឹមនឹង​ការ​ត្អូញ​ថា​ផ្លែ​អង្គញ់​មិន​ដាច់​នៅ​រដូវចូលឆ្នាំ អាជីវករ​ទាំងនោះ បារម្ភ​ថា​ល្បែង​ល្បែង​នេះ​អាច​នឹង​បាត់បង់ និង​បានស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ជំរុញ​មានការ​លេងល្បែង​ប្រជាប្រិយ​នេះ​ឲ្យ​ផុសផុល​ឡើងវិញ​។​



​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ការលេង​ល្បែង​ប្រជាប្រិយ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណីជាតិ ហាក់​ថយចុះ​បន្តិច​ម្តងៗ​។ អាជីវ​ករលក់​អង្គញ់ បាន​ត្អូញត្អែរថា លក់​ផ្លែ​អង្គញ់​មិនសូវ​ដាច់​។
​អ្នកស្រី យឿន ស្រី ដែល​ធ្លា​ប់លក់​ផ្លែ​អង្គញ់​ប្រមាណ​២០​ឆ្នាំ​មកហើយ​នោះ បានកត់សម្គាល់​ពី​រឿងនេះ​។ កាលពីមុន ក្នុង​មួយ​រដូវចូលឆ្នាំ អ្នកស្រី យឿន ស្រី អាច​លក់​ផ្លែ​អង្គញ់​អស់​ប្រមាណ ៣ បាវ ដោយឡែក​ឆ្នាំនេះ អាជីវករ​រូបនេះ លក់​មិនបាន​១០​ឡូ​ផង​។ អាជីវករ​រូបនេះ​បញ្ជាក់បន្ថែម​ដូច្នេះ​ថា​៖«​ឆ្នាំនេះ ខ្ញុំ​លក់​ផ្លែ​អង្គញ់​មិន​ដាច់​ទេ​។ ពី​ដើម ខ្ញុំ​មាន​ផ្លៃ​អង្គញ់ ៣ បាវ ខ្ញុំ​លក់​អស់ តែ​ឥឡូវ​លក់បាន​ត្រឹម ១០ ភាគរយ​ទេ​»​។​



​អាជីវក​រវ័យ​ចំណាស់​ម្នាក់ទៀត  ក៏​ត្អូញត្អែរ​រឿង​ដូចគ្នានេះដែរ​។ ជា​អ្នកលក់​លក់​ផ្លែ​អង្គញ់​ផង និង​ឱសថ​បុរាណ​ផង  អ្នកស្រី សុខ​គៀង បាន​រៀបរាប់ថា​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ មិនសូវមាន​អ្នក​សួររក ឬ​ចង់​ទិញ​ផ្លែ​អង្គញ់​ឡើយ​។ អាជីវករ​រូបនេះ មិន​សប្បាយ​ឡើយ នៅពេល​ផ្លែ​អង្គញ់​គ្មាន​អ្នក​ចាប់អារម្មណ៍ និង​ពេញនិយម​ដូច​ពីមុន ខណៈ​អះអាងថា​ផ្លែ​អង្គញ់​នេះ មានតម្លៃ​សមរម្យ​ល្មម​អាច​ទិញយក​ទៅលេង នៅតាម​ផ្ទះ វត្ត​អារាម ឬ​ភូមិ​-​ស្រុក​បាន​។​



​ផ្លែ​អង្គញ់​ឆ្នាំនេះ លក់​មិន​ដាច់ ក៏​ជា​អ្វីដែល កញ្ញា រ៉ានី អាជីវករ​លក់​ផ្លែ​អង្គញ់ នៅ​ផ្សារ​អូរឫស្សី ត្អូញត្អែរ​ដែរ​។ បើតាម អាជីវករ​វ័យក្មេង​រូបនេះ ឥឡូវ​មានតែ​បុគ្គលិក​ក្រុមហ៊ុន ឬ​អង្គការ​ប៉ុណ្ណោះ​ដែល​មក​ទិញ​ផ្លែ​អង្គញ់​ទៅលេង ផ្ទុយស្រឡះ​ពី​អតីត​កាលដែល​អ្នក​មក​ទិញ​ផ្លែ​អង្គញ់ មាន​យុវវ័យ​ចាប់អារម្មណ៍ និង​មក​ទិញ​ច្រើន​។ កញ្ញា រ៉ានី និយាយថា​៖«​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ ការលក់​អង្គញ់​មាន​ភាពខុសគ្នា​ច្រើនណាស់​។  ធ្លាប់តែ​លក់​ក្នុង​រដូវចូលឆ្នាំ  បាន​ពី ១០ ទៅ ២០ ប៉ាវ មក​សល់​ត្រឹមតែ​៥ ប៉ាវ​ប៉ុណ្ណោះ ហើយ​លក់​មិន​អស់​ទៀតផង​»​។





​ផ្លែ​អង្គញ់​លក់​មិន​អស់ នឹងត្រូវ​ច្នៃ​ជា​ឱសថ​បុរាណ​។ នេះ​បើតាម កញ្ញា រ៉ានី ដែល​បន្ត​លើក​ពី​ក្តីបារម្ភ​របស់ខ្លួន​ថា អាច​នឹង​បាត់បង់​។ អាជីវករ​រូបនេះ ស្នើ​ឲ្យ​យុវវ័យ​ខ្មែរ​ងាក​មកលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ នាឱកាស​ចូលឆ្នាំថ្មី ខណៈ​អ្នកស្រី យឿន ស្រី ក៏​ស្នើសុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ជ្រោមជ្រែង និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ លេងល្បែង​ប្រជាប្រិយ​នេះ​ឲ្យ​បាន​ផុសផុល​ឡើងវិញ​។​

​ទោះជា​យ៉ាងនេះ​ក្តី ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​មួយចំនួន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ល្បែង​ប្រជាប្រិយ​ខ្មែរ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ ខណៈ​នៅតាម​ស្ថាប័នរដ្ឋ ឯកជន ឬ​វត្ត​អារាម​មួយចំនួន ក៏​នៅមាន​កម្មវិធី​លេងល្បែង​ប្រជាប្រិយ​នេះដែរ​៕


Tag:
 ចូលឆ្នាំ​
  ផ្លែ​អង្គញ់
© រក្សាសិទ្ធិដោយ thmeythmey.com