ជាតិ
សង្គមជាតិ
ទស្សនា​វ​ដ្តី Forbes បញ្ចូល​ឈ្មោះ​យុវជន​ខ្មែរ​បី​រូប​ក្នុង​បញ្ជី​សហគ្រិន​ឆ្នើម 30 Under 30 Asia
18, Apr 2017 , 3:13 pm         8209
រូបភាព
រូបពីឆ្វេងទៅ​ស្តាំ៖ លោក ផាវ ដារ័ត្ន លោក សុខ សុភមង្គល និងកញ្ញា កែវ គូនីឡា។ ប្រភពទស្សនាវដ្តី Forbes
រូបពីឆ្វេងទៅ​ស្តាំ៖ លោក ផាវ ដារ័ត្ន លោក សុខ សុភមង្គល និងកញ្ញា កែវ គូនីឡា។ ប្រភពទស្សនាវដ្តី Forbes
ដោយ: រួបរួម
យុវជន​កម្ពុជា​៣​រូប​ដែល​ក្នុងនោះ មាន លោក ផាវ ដា​រ័ត្ន កញ្ញា កែវ គូ​នី​ឡា និង​លោក សុខ សុភមង្គល ត្រូវបាន​ទស្សនា​វ​ដ្តី Forbes បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​យុវ​សហគ្រិន​ឆ្នើម​ប្រចាំ​អាស៊ី ដែលមាន​អាយុ​ក្រោម​៣០​ឆ្នាំ (Forbes 30 Under 30 Asia)  សម្រាប់​ឆ្នាំ​២០១៧​នេះ​។​


​ទស្សនា​វ​ដ្តី Forbes បានចេញ​ផ្សាយ​បញ្ជី 30 Under 30 Asia ប្រចាំឆ្នាំ​២០១៧ ក្នុងនោះ​មាន​យុវជន ៨០០​នាក់ ឬ​ក្រុម ដែលមាន​សក្តានុពល​ខ្ពស់​ផ្នែក​សហគ្រិនភាព ជាពិសេស​ការបង្កើត​ថ្មី​។ ក្នុង​បញ្ជី​នេះ Forbes បែកចេញ​ជា​១០​ផ្នែក​ដោយ​ក្នុង​១​ផ្នែកៗ មាន​សហគ្រិន ឬ​ក្រុម​ចំនួន​៣០ ។ យុវជន​ទាំងនោះ​មកពី​បណ្តា​ប្រទេស​ចំនួន​២៤​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គិត​ទាំង​ម្ចាស់​ស្រុក និង​អាណិកជន ដោយ​ជាង​៦៥​ភាគរយ​បាន​បង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​។​

​ផ្នែក​ទាំង​១០​នោះ មាន សិល្បៈ (The Arts) កម្សាន្ត និង​កីឡា (Entertainment & Sports) ហិរញ្ញវត្ថុ និង​ការបណ្តាក់ទុន (Finance & Venture Capital) ឧស្សាហកម្ម កម្មន្តសាល និង​ថាមពល (Industry, Manufacturing & Energy) ប្រព័ន្ធ​ផ្សព្វផ្សាយ ទីផ្សារ និង​ពាណិជ្ជកម្ម (Media, Marketing & Advertising) លក់ដូរ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក (Retail & Ecommerce) ការថែទាំ​សុខភាព និង​វិទ្យាសាស្ត្រ (Healthcare & Science) សហគ្រិន​សង្គម (Social Entrepreneurs) បច្ចេកវិទ្យា​សហគ្រាស (Enterprise Technology) និង សេវាកម្ម​បច្ចេកវិទ្យា (Consumer Technology)​។​

​លោក ផាវ ដា​រ័ត្ន  អាយុ​២៨​ឆ្នាំ ជា​នាយក​ប្រតិបត្តិ​អង្គការ WaterSHED ។ លោក​មានឈ្មោះ​ក្នុង​បញ្ជី​សហគ្រិន​សង្គម​ឆ្នើម​។ លោក ដា​រ័ត្ន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ឲ្យ​គ្រួសារ​ជនបទ​ប្រើប្រាស់​ទឹក និង​បង្គន់​អនាម័យ ដែល​រួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​លើកកម្ពស់​សុខ​ភាព​សាធារណ​។​

​លោក សុខ សុភមង្គល   អាយុ​២៨​ឆ្នាំ ជា​សហ​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Codingate ។​លោក​ស្ថិតក្នុង​បញ្ជី​បច្ចេកវិទ្យា​សហគ្រាស​។ ក្រុមហ៊ុន​របស់លោក ជួយ​សម្រួល និង​ផ្តល់​សេវាកម្ម​ដល់​ម្ចាស់​អាជីវកម្ម​គ្រប់​ខ្នាត​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ខ្លួន​។ កាលពី​ឆ្នាំ​២០១៦ លោក​បានទទួល​ពានរ​ង្វាន់ Smart Technology Entrepreneur Award​។​

​កញ្ញា កែវ គូ​នី​ឡា អាយុ​២៩​ឆ្នាំ ទីប្រឹក្សា​ផ្នែក​សារព័ត៌មាន និង​ជា​ស្ថាបនិក​គេហទំព័រ WhenInPhnompenh.com ។ When In Phnom Penh ជាម​គ្គុ​ទេស​ក្ក៍័​អន​ឡាញ​ដែល​ផ្តល់ឱកាស​ដល់​យុវជន​កម្ពុជា​ចែករំលែក​ការយល់ដឹង និង​ការមើលឃើញ​របស់ខ្លួន​ទាក់ទង​នឹង​រាជធានី​ភ្នំពេញ​។ គូ​នី​ឡា មានបទពិសោធន៍​ការងារ​នៅតាម​បណ្តាញ​ផ្សព្វផ្សាយ និង​អង្គការ​ធំៗ​ជាច្រើន​។​សម្រាប់​បញ្ជី 30 Under 30 Asia គាត់​មានឈ្មោះ​ក្នុង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ទីផ្សារ និង​ពាណិជ្ជកម្ម​។

​ក្នុងចំណោម​យុវជន​៣០០​នាក់​/​ក្រុម កុមារី​អូស្ត្រាលី Anvitha Vijay ជា​សហគ្រិន​ដែលមាន​អាយុ​តិចជាងគេ ពោលគឺ​ត្រឹម​១០​ឆ្នាំ​ប៉ុណ្ណោះ​។ កាលពី​អាយុ​៧​ឆ្នាំ នាង​បាន​មើល Youtube ហើយ​កើតចេញ​គំនិត​បង្កើត App មួយ​ដែលមាន​ឈ្មោះថា Smartkins Animals ក្នុង​គោលបំណង​ជួយ​ក្មេងៗ​ឲ្យ​យល់ដឹង​អំពី​សត្វព្រៃ​។ កីឡាករ​បាល់ទាត់​កូរ៉េខាងត្បូង Son Heungmin អាយុ​២៤​ឆ្នាំ ដែល​កំពុង​លេង​ឲ្យ​ក្លិប Tottenham Hotspur ក៏មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ផ្នែក​កីឡា​ផងដែរ​៕



Tag:
 Forbes
  ផាវ ដារ័ត្ន
  សុខ សុភមង្គល
  កែវ គូនីឡា
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ