អន្តរជាតិ
ហ្វីលីពីន​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចុងខែ​មេសា ខណៈ​សន្តិសុខ​ក្នុងប្រទេស​ហាក់​ដុនដាប
19, Apr 2017 , 9:59 am        
រូបភាព
រូបភាព៖ Philippine Star
រូបភាព៖ Philippine Star
ដោយ: ថ្មីៗ
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣០ នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃ ២៨ ដល់​ថ្ងៃ ២៩​ខែមេសា​នេះ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​អះអាងថា ខ្លួន​បានរៀបចំ​សណ្តាប់ធ្នាប់​និង សន្តិសុខសម្រាប់​កិច្ចប្រជុំ​កំពូល​ដែលមាន​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​និង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​រយ​នាក់​បាន​ត្រឹមត្រូវ​និង​ល្អប្រសើរ​ហើយ​។ ប៉ុន្តែ​ទោះជា​មានការ​អះអាង​បែបនេះ​ក្តី សន្តិសុខ​នៅ​តំបន់​មួយចំនួន​នៅ​ហ្វីលីពីន​ស្ថិតក្រោម​ការគំរាមកំហែង​ដោយសារ​ចលនា​ភេរវកម្ម​របស់​ក្រុម​ប្រដាប់អាវុធ Abu Sayyaf​។​ដូច​ឃើញស្រាប់ ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​សកម្មប្រយុទ្ធ Abu Sayyaf ជាមួយ​ទាហាន​រដ្ឋាភិបាល​នៅ​ទីក្រុង Bohol កាលពី​ថ្ងៃ ១១​មេសា​និង​មានការ​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​នៅ​ក្រុង Tacurong ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​របួស​នា​ថ្ងៃ​អង្គារ​ទី ១៨ ខែមេសា​នេះ​។​



​ហ្វីលីពីន​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត​នៅ​ទីក្រុង ម៉ានីល ចាប់ពី​ថ្ងៃ ២៨ ដល់​ថ្ងៃ ២៩ មេសា​ខាងមុខនេះ​។ បើតាម​សារព័ត៌មាន Philippines Star បណ្តា​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង ១០​រួមជាមួយ​រដ្ឋមន្ត្រីការបរទេស និង​មន្ត្រីជាន់ខ្ពស់​ប្រទេស​អាស៊ាន​នឹងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នេះដែរ​។ ក្នុង​កិច្ចប្រជុំ​លើក​នេះ បញ្ហា​សន្តិសុខ​តំបន់​ជាពិសេស​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​នឹង​ក្លាយជា​ប្រធានបទ​ស្នូល​ក្នុង​កិច្ចប្រជុំ​នេះ​។ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ខ្លាំង​ដែរនោះ​គឺ​ការកើនឡើង​នៃ​ចលនា​ភេរវកម្ម​នៅក្នុង​តំបន់​ព្រោះ​សូម្បីតែ​ហ្វីលីពីន​ដែលជា​ប្រធាន​អាស៊ាន​នេះ​ក៏​កំពុង​រងគ្រោះ​ខ្លាំង​ដោយសារ​ចលនា​វាយប្រហា​រ​បន្តបន្ទាប់​ដែរ​។

១. « ភាពជា​ដៃគូ​សម្រាប់​ការផ្លាស់ប្តូរ​, ផ្សាភ្ជាប់​ជាមួយ​ពិភពលោក​»

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ពាក្យស្លោក​ដែល​ហ្វីលីពីន​កំណត់​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៧​នេះ​គឺ « ភាពជា​ដៃគូ​សម្រាប់​ការផ្លាស់ប្តូរ​, ផ្សាភ្ជាប់​ជាមួយ​ពិភពលោក​»​។ មេដឹកនាំ​អាស៊ាន​ទាំង ១០ ជួបប្រជុំគ្នា​នៅ​ហ្វីលីពីន​ដើម្បី​ពិភាក្សាគ្នា​ពី​សមិទ្ធផល​ទាំង​អម្បាលម៉ាន​ដែល​អាស៊ាន​សម្រេចបាន ស្រប​ពេលដែល​ឆ្នាំនេះ​ជា​ខួប​លើក​ទី ៥០ នៃ​ការបង្កើត​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ផង​នោះ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ កិច្ចប្រជុំ​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការបន្ត​កសាង​សហគមន៍​រួមគ្នា ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ប្រឈម​ក្នុង​និង​ក្រៅ​អាស៊ាន​ផងដែរ​។​

​បញ្ហា​ក្នុង​អាស៊ាន មេដឹកនាំ​ទាំង​ដប់ នឹង​ស្វះ​ស្វែងរក​យុទ្ធសាស្ត្រ​បន្ថែម​ដើម្បី​ជំរុញ​ការលើកកម្ពស់​សមត្ថភាព​នៃ​តំបន់​អាស៊ាន​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​ផ្អែកលើ​ការអភិវឌ្ឍ​ថ្នាក់មូលដ្ឋាន (People Centered Development) និង​ធ្វើយ៉ាងណា​ជំរុញ​កំណើនសេដ្ឋកិច្ច​តំបន់​ជាដើម​។ ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​នឹង​ជួប​ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន (APA), តំណាង​យុវជន​អាស៊ាន និង​បណ្តា​តំណាង​សង្គម​ស៊ីវិល​អាស៊ាន​ផងដែរ​ដើម្បី​ស្តាប់​យោបល់​និង​ធានាថា​គំនិត​យោបល់​និង​អនុសាសន៍​ភាគី​ពាក់ព័ន្ធ​មកពី​វិស័យ​ផ្សេងៗ​នេះ​នឹងត្រូវ​បញ្ចូល​ក្នុង​គោលនយោបាយ​អាស៊ាន​។ ការធ្វើ​បែបនេះ វា​នឹង​អាច​ធានាបាន​នូវ​ប្រយោជន៍​សហគមន៍​ទាំងមូល​។​

​ក្រៅពីនេះ មេដឹកនាំ​អាស៊ាន​ក៏​នឹង​យក​ពេល​ពិភាក្សាគ្នា​ពី​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​ធំៗ​ដូចជា​ចិន​និង​អាមេរិក ក្នុងពេលដែល​មានការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​តំបន់​។ សញ្ញា​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន ស្រប​ពេលដែល​ភាគី​ជម្លោះ​សមុទ្រ​ចិន​ដូចជា​ហ្វីលីពីន​ផ្លាស់ប្តូរ​ជំហរ​ចំពោះ​មហា​យក្ស​ចិន​ដោយ​ត្រឡប់មក​ជជែក​ពិភាក្សា​ប្រឹក្សា​យោបល់​ជាជាង​ប្រឈមមុខគ្នា​។  ចំណែក​រដ្ឋ​អាស៊ាន ហាក់បីដូចជា​បារម្ភ​ចំពោះ​គោលជំហរ​របស់​ស​ហ​រដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ មកកាន់​តំបន់​អាស៊ាន​និង​អាស៊ី​ទាំងមូល​ផង​។ គ្រប់យ៉ាង​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ច្បាស់លាស់ ព្រោះ ដូ​ណា​ល់ ត្រាំ សម្រេចចិត្ត​ដូចម្តេច​គ្មាន​អ្នកណា​អាច​ទាយ​ដឹង​ឡើយ​។ បើសិនជា ដូ​ណា​ល់ ត្រាំ មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ខែវិច្ឆិកា​ខាងមុខ វា​អាច​ជម្រះ​មន្ទិលសង្ស័យ​ផងដែរ​ថា អាមេរិក​នៅ​បន្ត​ឱបក្រសោប​អាស៊ាន​ទៀត​ឬ​អត់​។​

​ហ្វីលីពីន​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣១ និង​កិច្ចប្រជុំ​កំពូល​ផ្សេងទៀត​ដែលមាន​មេដឹកនាំ​ប្រទេស​ជា​ដៃគូ​សន្ទនា​ចូលរួម​ផង​ចាប់​ពីថ្ងៃ ១០ ដល់​ថ្ងៃ ១៤ នៅ Clark នា​ខេត្ត Pampanga​។​

២.​អាស៊ាន​នឹង​ជជែក​ពី​យុទ្ធសាស្ត្រ​បន្ធូរ​បន្ថយកម្តៅ​ឧបទ្វីប​កូរ៉េ​

​ក្រៅពី​បញ្ហា​ដែល​លើកឡើង​ខាងលើ មេដឹកនាំ​អាស៊ាន​ក៏​នឹង​ពិភាក្សាគ្នា​ពី​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ ស្រប​ពេលដែល​អាមេរិក​កំពុង​សម្ញែង​យោធា​និង​គម្រាម​ប្រើ​ទ័ព តែ​កូរ៉េខាងជើង​បន្ត​បាញ់​មី​ស៊ី​ល​ឌឺដង​ឲ្យ​អាមេរិក​វិញទៀត​។ ស្ថានភាព​តានតឹង​និង​ប្រឈមមុខគ្នា​មិន​ធ្លាប់មាន​នេះ អាច​នឹង​ក្លាយជា គ្រោះថ្នាក់​ឬ​អាចជា​សង្គ្រាម​នុយក្លេអ៊ែរ​ផង​។​

​អាស៊ាន​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​កម្តៅ​និង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ទាំងមូល​។ ក្រៅពី​រដ្ឋ​មួយចំនួន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋ​ឯកោ កូរ៉េខាងជើង សហគមន៍​អាស៊ាន​ទាំងមូល​បាន​ដើរតួ​ជា​វេទិកា​មួយ​ដ៏​សំខាន់​ដែល​អាច​ទាក់ទាញ​ឲ្យ​កូរ៉េខាងជើង​បន្ត​ចូល​តុ​ពិភាក្សា​ក្នុង​វេទិកា​តំបន់​អាស៊ាន (ARF) ជា​រៀងរាល់ឆ្នាំ​មកនេះ​។ ដូច្នេះហើយ គេ​សង្ឃឹមថា អាស៊ាន​នឹង​អាច​បន្ត​ដើម្បី​ជួយ​សម្របសម្រួល កាត់បន្ថយ​កម្តៅ និង​បញ្ចៀស​សង្គ្រាម​ដែល​អាច​កើតឡើង​នៅពេល​ណាមួយ​ខាងមុខ​។​

៣.​ហ្វីលីពីន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន តែ​សន្តិសុខ​ស្ថិតក្រោម​ការគំរាមកំហែង​ពី​ភេរវជន​

​ដោយឡែក គេ​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​សន្តិសុខ​នៅ​ហ្វីលីពីន ខណៈដែល​ប្រទេស​នេះ​កំពុង​មរ​មា​ញឹក​រៀបចំ​កិច្ចប្រជុំ​រាប់រយ​កិច្ចប្រជុំ​នៅ​តំបន់​សំខាន់ៗ​ជាច្រើន​ទូទាំងប្រទេស​។ ថ្មីៗ​នេះ​សន្តិសុខ​នៅ​ហ្វីលីពីន​ទាំងមូល​កាន់តែ​ដុនដាប​ខ្លាំង ដោយសារ​ក្រុម​ភេរវជន Abu Sayyaf ចាប់ផ្តើម​អុកឡុក​កាន់តែខ្លាំង​រយៈពេល​ចុងក្រោយ​នេះ​។​

​នៅ​យប់​ថ្ងៃ ១៧​មេសា គេ​ឃើញ​មានការ​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​នៅ​ក្រុង Tacurong ធ្វើ​ឲ្យ​មនុស្ស​ប្រាំពីរ​នាក់​រងរបួស​ផង​។ ក្រោយ​ការផ្ទុះ​នេះ ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ហើយ​គេ​មិនទាន់​អាចសន្និដ្ឋាន​បានច្បាស់លាស់​ថា អ្វី​ជា​គោលដៅ​ពិតប្រាកដ​នៃ​ការ​បំផ្ទុះ​គ្រាប់​នេះឡើយ​។ ប៉ុន្តែ​គេ​វាយតម្លៃថា ករណី​បំផ្ទុះ​គ្រាប់​នេះ​អាចពាក់ព័ន្ធ​ក្រុម​ឧទ្ទាម​រណសិរ្ស​រំដោះ​ម៉ូ​ស្លី​ម Moro ( Moro Islamic Liberation Front)​។​

​ចំណែក​កាលពី​ថ្ងៃ ១១ មេសា ក្រុម​ទាហាន​រដ្ឋាភិបាល​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម Abu Sayyaf និង​បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ដែ​ស្ហ (Daesh) នៅ​ក្រុង Bohol ផង រហូត​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​១០​នាក់​ស្លាប់​ក្នុងនោះ​មាន​ទាហាន​រដ្ឋ​ភិ​បាល​ផងដែរ​។ Bohol ជា​កន្លែង​ដែល ប្រតិភូ​អាស៊ាន​យ៉ាងហោចណាស់ ២០០​នាក់​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​នៅ​សប្តាហ៍​នេះ​។

​ទោះបីជា​ស្ថានភាព​មិនសូវ​ស្រួល​ក៏ដោយ កិច្ចប្រជុំ​នេះ​នៅតែ​រៀបចំឡើង​តាម​ការគ្រោងទុក​ដដែល​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ហ្វីលីពីន Robespierre Bolivar បាន​ប្រាប់​សារព័ត៌មាន ហ្វីលីពីន Inquirer ថា ប្រតិភូ​អាស៊ាន​ទាំងអស់​ដែល​ត្រូវ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បានបញ្ជាក់​ប្រាប់ថា​ពួកគេ​នឹង​មក​ចូលរួម​កិច្ចប្រជុំ​នេះ ហើយ​មកទល់ពេលនេះ​គ្មាន​ប្រទេស​អាស៊ាន​ណាមួយ​លើកឡើង​ពី​ក្តីបារម្ភ​រឿង​សន្តិសុខ​នៅ​ហ្វីលីពីន​ឡើយ​។​

​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​នេះដែរ រដ្ឋមន្ត្រី​មហាផ្ទៃ​ស្តីទី​ហ្វីលីពីន បាន​ធានាថា សន្តិសុខ​ជារួម​ត្រូវបាន​រឹតបន្តឹង​យ៉ាង​តឹងរ៉ឹង​បំផុត ហើយ​វា​នឹង​គ្មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​។

​រីឯ​ប្រធាន​ក្រុម​កងកម្លាំង​សន្តិសុខ​ពិសេស​សម្រាប់​កិច្ចប្រជុំ​អាស៊ាន​និង​ជា​ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​ប៉ូលិស​ជាតិ​ហ្វីលីពីន Napoleon Taas បានប្រកាស​ផងដែរ​ថា ការធានា​សន្តិសុខ​មេដឹកនាំ​អាស៊ាន​និង​ប្រតិភូ​អាស៊ាន​ទាំងអស់​ត្រូវបាន​រៀបចំ​អស់​រួចរាល់​ហើយ​មួយខែ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០​នៅ​ក្រុង Pasay  មកដល់​ម្ល៉េះ​៕


Tag:
 កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣០
  Abu Sayyaf
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com