អន្តរជាតិ
ចិន​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​«​វិថី​សូត្រ​» ខែក្រោយ តែ​មិនសូវមាន​មេដឹកនាំ​លោកខាងលិច​ចូលរួម​
19, Apr 2017 , 4:59 pm        
រូបភាព
កិច្ចប្រជុំ ខ្សែក្រវ៉ាត់មួយវិថីមួយរៀបចំឡើងកាលពីឆ្នាំ ២០១៦
កិច្ចប្រជុំ ខ្សែក្រវ៉ាត់មួយវិថីមួយរៀបចំឡើងកាលពីឆ្នាំ ២០១៦
ដោយ: ថ្មីៗ
​កិច្ចប្រជុំ​កំពូល​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​»​នឹងត្រូវ​រៀបចំឡើង​នៅ​ក្រុង​ប៉េកាំង​ពីថ្ងៃ ១៤​ដល់​ថ្ងៃ ១៥ ខែឧសភា​ខាងមុខនេះ​។ បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ជិត ៣០ នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ តែ​មេដឹកនាំ​លោកខាងលិច​មិន​ច្រើន​ទេ​ដែល​សន្យាថា​នឹង​ទៅ​ចូលរួម​។ វេទិកា​កំពូល​នេះ​ផ្តល់ឱកាស​ឲ្យ​ចិន​ពង្រឹង​ឥទ្ធិពល​និង​តួនាទី​របស់ខ្លួន​ក្នុងនាម​ជា​អ្នក​ផ្តួចផ្តើម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ ជាពិសេស​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​ជា​ដៃគូ​និង​ជា​មិត្ត​ដើម្បី​ជំរុញ​ឲ្យ​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ​ឈានទៅរក​ភាពជោគជ័យ​។ ភាពជោគជ័យ​ទាំងនោះ​សំដៅ​ដល់​ការលើកស្ទួយ​ការផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​តាមរយៈ​ការផ្សាភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​តែម្តង​។​



​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង​នឹង​បើក​កិច្ចប្រជុំ​កំពូល​«​វិថី​សូត្រ​»​ឬ​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​» (OBOR)​នៅ​ក្រុង​ប៉េកាំង​ចាប់ពី​ថ្ងៃ ១៤ ដល់​ថ្ងៃ ១៥ ឧសភា​ខាងមុខនេះ​។ កិច្ចប្រជុំ​ពិសេស​នេះ​នឹងមាន​ការចូលរួម​ពី​បណ្តា​មេ​ដឹក​ម​នាំ​ពិភពលោក​,​អ្នកជំនួញ​, អ្នកជំនាញ​, និង​តំណាង​អង្គការ​អន្តរជាតិ​ជាង ១២០០​នាក់​ផងដែរ​។​ជំនួប​កំពូល​វិថី​សូត្រ​នេះ វេទិកា​ការទូត​ធំ​បំផុត​មួយ​ដែល​ចិន​រៀបចំឡើង​បន្ទាប់ពី​កិច្ចប្រជុំ​ប្រទេស ២០ នៅ Hangzhou នៅ​ឆ្នាំ ២០១៦​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហ៊ួ​រ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​អង្គារ​ទី ១៨ មេសា​ថា កិច្ចប្រជុំ​កំពូល​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​» ដែល​ចិន​នឹង​រៀបចំឡើង​នេះ​អាច​ផ្តល់ឱកាស​ពិសេស​ឲ្យ​ប្រទេស​ជា​មិត្ត​និង​ដៃគូ​ពាក់ព័ន្ធ​របស់​ចិន​មានលទ្ធភាព​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ឈានទៅ​អនុវត្ត​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ចិន​ជឿជាក់ថា គំនិត​ផ្តួចផ្តើម​របស់ខ្លួន​នឹង​បង្កើត​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ក៏ដូចជា​ធានាបាន​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក​ផងដែរ​។​

«​វា​ជា​ឆ្នាំ​ទី​បួន​ហើយ​ដែល​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ត្រូវបាន​អនុវត្ត ហើយ​វា​បាន​បង្កើត​លទ្ធផល​វិជ្ជមាន​ជាច្រើន​និង​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​។ ដូចនេះហើយ​គោលបំណង​ចម្បង​នៃ​ការរៀបចំ​វេទិកា​កំពូល​នៅ​ក្រុង​ប៉េកាំង​នេះ​គឺ​ដើម្បី​ប្រមែរ​ប្រមូល​នូវ​គំនិត​យោបល់​ភាគី​ពាក់​ពន្ធ​, កំណត់​នូវ​ពិសោធន៍​ជោគជ័យ​ដែល​យើង​មាន និង​ដាក់​ផែនការ​ថ្មី​សម្រាប់​ការអនុវត្ត និង​បង្កើត​វេទិកា​សម្រាប់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការដែល​បើក​ទំព័រ​ថ្មី​សម្រាប់​គំនិត​ផ្តួចផ្តើម​ដែល​យើង​បាន​ដាក់ចេញ​នេះ​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ាង យី​។​

​សូម​រម្លឹក​បន្តិច​ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​នេះ​ត្រូវបាន​ស្នើឡើង​ដោយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង នៅក្នុង​ឆ្នាំ ២០១៣ ហើយ​មហា​យក្ស​ចិន​បានកំណត់​ដាក់ទុន ៤០​ពាន់​លាន​ដុល្លារ​ក្នុង​«​មូលនិធិ​វិថី​សូត្រ​» ហើយ​ថែមទាំង​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដោយមាន​ទុន ៥០​ពាន់​លាន​ដុល្លារ​។ គម្រោង​នេះ​បាន​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​ត្រូវការ​ទុន​សម្រាប់​កសាង​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដើម្បី​ផ្សាភ្ជាប់​ខ្លូន​ទៅកាន់​ពិភពលោក​។ មាន​ផ្លូវ មាន​ថ្នល់ មាន​ស្ពាន និង​ច្រករបៀង បានន័យថា​មាន​ដង្ហើម​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​ទាំង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ផង​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា គំនិត​ផ្តួចផ្តើម​វិថី​សូត្រ​មិនមែន​ច​រិ​កន​យោ​បាយឡើយ តែ​វា​ជា​គម្រោង​ដែល​ជួយ​ជំរុញ​ការបង្កើត​ផ្សាភ្ជាប់​និង​កិច្ច​សហប្រតិបត្តិ​រវាង​ប្រទេស​នានា​លើ​ពិភពលោក​ពី​អាស៊ី ដល់​អឺរ៉ុប ដល់​អាហ្វ្រិក​ថែមទៀត​។ ប្រមុខ​ការទូត​រូបនេះ​បានបញ្ជាក់​ផងដែរ​ថា ចិន​មិន​កំណត់ព្រំដែន​ចំពោះ​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​គម្រោង​ដែល​ខ្លួន​ផ្តួចផ្តើម​នេះឡើយ​។ ចិន​ស្វាគមន៍​រាល់​ប្រទេស​ទាំងអស់​។​

១.​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស ២៨ នឹងចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ចិន​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល ២៨ បាន​ទទួលយក​ការអញ្ជើញ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​សន្យា​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​។ ក្រៅពីនេះ​ប្រទេស​ចំនួន ១១០ ផ្សេងទៀត​បានប្រកាស​ប​ញ្ជូ​ន​រដ្ឋមន្ត្រី​ការ​បរ​ទស​, មន្ត្រីជាន់ខ្ពស់ សហគ្រិន​, អ្នកស្រាវជ្រាវ និង​តំណាង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងមុខ​ដូចគ្នា​។ វេទិកា​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​បណ្តា​អង្គការ​អន្តរជាតិ​ជាច្រើន​ផងដែរ​ជាពិសេស​ស្ថាប័នហិរញ្ញវត្ថុ និង​អភិវឌ្ឍន៍​អន្តរជាតិ​ផងដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ លោក វ៉ាង យី បាន​បញ្ជាក់ថា ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ក្នុងចំណោម​ប្រទេស ២៨​នោះ​មានដូចជា​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte, ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan, នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak, ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo, ប្រធានាធិបតី​វៀតណាម Tran Dai Quang, ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី ផងដែរ​។​

​ចំណែក មេដឹកនាំ​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​គួរ​ឲ្យ​ទុកចិត្ត​របស់​ចិន​ដែល​នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​វេទិកា​កំពូល​នេះដែរ​នោះ​មានដូចជា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​,​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Nawaz Sharif និង​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន​។ ក្រៅពីនេះ មេដឹកនាំ​អាមេរិក​ឡាទីន អាស៊ី​កណ្តាល និង​អាហ្វ្រិក​មួយចំនួន​ដូចជា អា​ហ្ស​ង់​ទីន​, កា​ហ្សា​ក់​ស្ថាន​,​ស៊ី​លី​, កេ​ន​យ៉ា និង​អេ​ត្យូ​ពី ក៏​នឹងមាន​វត្តមាន​ក្នុង​វេទិកា​។​

២.​ប្រទេស​លោកខាងលិច​ព្រងើយកន្តើយ​ដាក់​ចិន​

​យ៉ាងណាក៏ដោយ មេដឹកនាំ​លោកខាងលិច​ភាគច្រើន​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​ដែល​ចិន​នឹង​រៀបចំឡើង​ឡើយ​។ គេ​ឃើញ​មានឈ្មោះ​នាយករដ្ឋមន្ត្រី​អ៊ីតាលី​ម្នាក់​ដែល​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ក្រុម​ប្រទេស ៧ (G7) ដែល​ប្រកាសថា​ខ្លួន​ទៅ​ចូលរួម​។ មេដឹកនាំ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​មាន​ប្រធានាធិបតី​ឆេ​ក​, ស្វី​ស និង​ហុង​គ្រី​។

​កាលពី​ខែកុម្ភៈ​កន្លងទៅ គេ​ឃើញ​មាន​របាយការណ៍​ព័ត៌មាន​ខ្លះ​ផ្សព្វផ្សាយ​ថា ចិន​ផ្ញើ​លិខិតអញ្ជើញ​ទៅកាន់​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May ផងដែរ​។ ប៉ុន្តែ​ចុងក្រោយ​មិនមាន​ឈ្មោះ​លោកស្រី​ក្នុងចំណោម​មេដឹកនាំ​ដែល​នឹង​មក​ចូលរួម​ឡើយ ហើយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Philip Hammond  នឹង​ក្លាយជា​តំណាង​របស់​លោកស្រី​។ យ៉ាងណាមិញ​លោកស្រី​មាន​លេស​រឿង​លែងលះ​ជាមួយ​អឺរ៉ុប និង​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​ដើម្បី​បដិសេធ​លិខិតអញ្ជើញ​របស់​ចិន​។ ចំណែក​មេដឹកនាំ​បារាំង​និង​អាល្លឺម៉ង់ បាន​ដោះសា​រថា ខ្លួន​មរ​មា​ញឹក​រៀបចំ​ការបោះឆ្នោត ទើប​មិនអាច​ដកឃ្លា​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ចិន​នៅពេល​ខាងមុខ​បាន​។​

​គេ​ជឿជាក់ថា លោកខាងលិច​ទំនងជា​ធ្វើ​ព្រងើយកន្តើយ​ចំពោះ​ចិន និង​មិន​ផ្តល់​តម្លៃ​ដល់​ចិន​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​វិថី​សូត្រ​នេះឡើយ​។  នេះ​ក៏ដោយ​សារ វា​ជា​គម្រោង​ដែល​ចិន​ផ្តូ​ច​ផ្តើមឡើង ដើម្បី​ជួយ​ពង្រឹង​និង​ពង្រីក​ឥទ្ធិពល​របស់​ចិន​ផ្ទាល់​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​។​

​ទោះ​មាន​មន្ទិលសង្ស័យ​ដូច្នេះ​ក្តី អ្នកជំនាញ​ខ្លះ​យល់ឃើញថា វា​ជា​រឿង​ធម្មតា ហើយ​វា​ក៏​មិន​ប៉ះពាល់​ដល់​គំនិត​ផ្តួចផ្តើម​«​វិថី​សូត្រ​»​នេះដែរ ពេលដែល​លោកខាងលិច​មិន​ចូលរួម​។ នេះ​ក៏ដោយ​សារ​គោលដៅ​នៃ​វេទិកា​នេះ​ភាគច្រើន​គឺ​ប្រមូលផ្តុំ​ប្រទេស​កំពុង​អភិវឌ្ឍ​ព្រោះ​ប្រទេស​នោះ​ហើយ​ដែលមាន​តម្រូវការ​ច្រើន​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។ ពោលគឺ មិនមែន​ប្រទេស​អឺរ៉ុប​ឬ​លោកខាងលិច​ផ្សេងទៀត​ដែល​រីកចម្រើន​ស្រាប់​ឡើយ​៕


Tag:
 OBOR
  ស៊ី ជីន​ពីង​
  ចិន​
  កិច្ចប្រជុំ​កំពូល​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​
© រក្សាសិទ្ធិដោយ thmeythmey.com