អន្តរជាតិ
ទូត​អាមេរិក​នៅ​ក្រុង​ឡុង​ដ៍​សង្ស័យ​ទារក​៣​ខែ​ម្នាក់​ពាក់ព័ន្ធ​ភេរវកម្ម តែ​តាមពិត​...
19, Apr 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
​កុមារ​អាយុ​ត្រឹម​៣​ខែ​ម្នាក់ ត្រូវបាន​នាំទៅ​កាន់​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ឡុង​ដ៍ បន្ទាប់ពី​ជីតា​របស់គេ​បាន​គូស​ច្រឡំ​លើ​ពាក្យសុំ​ទិដ្ឋាការ ដោយ​ធ្វើ​ឲ្យ​មន្ត្រី​ទូត​គិតថា ក្មេង​នោះ​ជាប់ទាក់ទង​នឹង​អំពើ​ភេរវកម្ម​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The Guardian កាលពី​ថ្ងៃទី​១៦ ខែមេសា​។​



​នៅលើ​ពាក្យសុំ​ទិដ្ឋាការ​ទៅ​សហរដ្ឋអាមេរិក មាន​សំណួរ​មួយ​ថា «​តើ​លោកអ្នក​ស្វែងរក​ការចូលរួម ឬ​ធ្លាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម ចារកម្ម ការបំផ្លិចបំផ្លាញ​ដោយ​ចេតនា ឬ​អំពើ​ប្រល័យពូជសាសន៍​ដែរឬទេ​?» (Do you seek to engage in or have you ever engaged in terrorist activities, espionage, sabotage, or genocide?) ។ ដោយសារ​មិនបាន​យកចិត្តទុកដាក់ លោក Paul Kenyon ជនជាតិ​អង់គ្លេស អាយុ​៦២​ឆ្នាំ បាន​គូស​ច្រឡំ​លើ​ចម្លើយ «Yes» នៅលើ​ពាក្យសុំ​ទិដ្ឋាការ​របស់​ចៅប្រុស​។​

​តាម​គម្រោង​ទារក​អាយុ​៣​ខែ​ឈ្មោះ Harvey Kenyon-Cairns គ្រោង​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​លើកដំបូង​ពី​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស ឆ្ពោះទៅ​ក្រុង Orlando រដ្ឋ​ហ្វ្ល​រី​ដា សហរដ្ឋអាមេរិក ជា​លើកដំបូង ជាមួយ​ឪពុកម្តាយ និង​ជីដូន​ជីតា​។​

​លោក Paul Kenyon មិនបាន​ដឹងថា ខ្លួន​បង្កើត​កំហុស​នោះឡើយ ប៉ុន្តែ​លោក​ភ្ញាក់ផ្អើល​នៅពេលដែល​ទិដ្ឋាកា​របស់​ចៅប្រុស​ខ្លួន ត្រូវបាន​បដិសេធ​។ លោក​បានលើកឡើង​ប្រាប់ The Guardian ថា​៖ «​ខ្ញុំ​សឹង​មិន​ជឿ​សោះ​ថា វា​ជា​កំហុស​ដ៏​ធំ​មួយ ពីព្រោះ​ទារក​អាយុ​៣​ខែ មិនអាច​ធ្វើបាប​អ្នកណា​បាន​នោះឡើយ​»​។​

​ទារក Harvey និង​ជីតា​របស់ខ្លួន ត្រូវបាន​នាំ​ចេញពីផ្ទះ​ខ្លួន​នៅ​តំបន់ Poynton, Cheshire ឆ្ពោះទៅកាន់​ស្ថានទូត​អាមេរិក ប្រចាំ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​សាកសួរ​។ លោក Kenyon បាន​អះអាងថា វា​គ្រាន់តែ​ជាការ​ភាន់ច្រឡំ​ប៉ុណ្ណោះ​។​

​ក្រោយ​សាកសួរ​អស់​ជាច្រើន​ម៉ោង មន្ត្រី​ស្ថានទូត បានសម្រេច​ឲ្យ Harvey និង​ជីតា​ត្រឡប់ទៅផ្ទះ​វិញ​។ ទោះបីជា​យ៉ាងណាក៏ដោយ កំហុស​អ​ចេតនា​នេះ បានធ្វើ​ឲ្យ​អ្នក​ទាំងពីរ​ខក​ជើងហោះហើ​រ ដោយ​សមាជិកគ្រួសារ​ផ្សេងទៀត​បានធ្វើ​ដំណើរ​ទៅមុន​។ បន្ថែម​ពីនេះ លោក Kenyon ត្រូវ​ចំណាយ​ប្រាក់​៣០០០​ផោន (៣៨០០​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​) ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ថ្មី និង​រៀបចំ​ពាក្យសុំ​ទិដ្ឋាកា​ឲ្យ​ចៅ​ឡើងវិញ​។​

​លោក Kenyon បាន​និយាយ​បែប​កំប្លែង​ថា ចៅប្រុស Harvey ជា​ក្មេង​ល្អ ដោយ​រូបគេ​មិនបាន​ស្រែកយំ​ឡើយ​នៅពេលដែល​មន្ត្រី​ស្ថានទូត​សម្ភាស​។ លោក​បញ្ជាក់ថា​៖ «Harvey មិនដែល​ចូលរួម​ក្នុង​អំពើ​ប្រល័យពូជសាសន៍ ឬ​ចារកម្ម​អ្វី​ឡើយ ប៉ុន្តែ​គេ​បានធ្វើ​ឲ្យ​ប្រឡាក់​កន្ទប​ទឹកនោម​មួយចំនួន​នៅពេល​សម្ភាស ករណីនេះ ខ្ញុំ​មិនបាន​រាយការណ៍​ប្រាប់​មន្ត្រី​ទូត​អាមេរិក​ឡើយ​»៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com