អន្តរជាតិ
ទូត​ហ្វីលីពីន​៖ «​ដូ​ណា​ល់ ត្រាំ សន្យា​ផ្ទាល់មាត់​ថា​មក​ប្រជុំ​កំពូល​អាស៊ាន​នៅ​ហ្វីលីពីន​ខែវិច្ឆិកា​»
20, Apr 2017 , 9:28 am        
រូបភាព
ដោយ: ថ្មីៗ
​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​និង​ជា​អគ្គលេខាធិការ​ជាតិ​ទទួលបន្ទុក​រៀបចំ​កិច្ចប្រជុំ​អាស៊ាន Marciano Paynor Jr  បាន​បង្ហើប​ថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​សន្យាថា​នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ហ្វីលីពីន​នា​ខែវិច្ឆិកា​ខាងមុខ​។ លោក​សន្យា​បែបនេះ​ក្នុងពេល​ជា​ដែល​លោក​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​មិន​លោក​ឡើងកាន់តំណែង​។



​លោក ដូ​ណា​ល់ ត្រាំ បាន​សន្យា​ផ្ទាល់មាត់​ថា លោក​នឹង​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ហ្វីលីពីន​ខែវិច្ឆិកា​ខាងមុខ​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ហ្វីលីពីន​ទទួលបន្ទុក​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន Marciano Paynor Jr​។

​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler ពេល​សួរថា «​តើ​លោក​ដូ​ណា​ល់ ត្រាំ ទទួលយក​ការអញ្ជើញ​ដើម្បី​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ខែវិច្ឆិកា​ហើយ​ឬ​នៅ​?»​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ពុធ​ទី ១៩​មេសា លោក Marciano Paynor Jr បាន​ឆ្លើយតប​វិញ​ថា លោក ត្រាំ បាន​យល់ព្រម​ដោយ​សន្យា​ផ្ទាល់មាត់​ហើយ​។​

«​ពេលដែល​លោក​ប្រធានាធិបតី Rodrigo Duterte ទូរ​សព្ទ​ទៅជូន​ពរ​លោក លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ថា លោក​នឹង​មក​ហ្វីលីពីន​នៅ​ខែវិច្ឆិកា​។ យ៉ាងហោចណាស់​លោក​និយាយ​ផ្ទាល់មាត់​ហើយ​ថា​លោក​នឹង​មក​»​។​

​លោក Duterte បាន​ទូរ​សព្ទ​ទៅ​លោក ដូ​ណា​ល់ ត្រាំ នៅ​ខែធ្នូ​ឆ្នាំ ២០១៦ ក្រោយ​ពេលដែល​លោក​ឈ្នះ​តំណែង​ជា​ប្រធានាធិបតី​។ លោក Duterte តែងតែ​រម្លឹក​ពី​កិច្ចសន្ទនា​រវាង​លោក​និង​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​តែ​លោក​ផ្តល់​សុន្ទរកថា​ជា​សាធារណ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ការសន្យា​របស់លោក ត្រាំ ថា​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នា​ខែវិច្ឆិកា​ខាងមុខ​ឡើយ​។​

​យ៉ាងណាមិញ មន្ត្រី​ទូត​ហ្វីលីពីន Marciano Paynor Jr រំពឹង​យ៉ាង​មុតមាំ​ថា មេដឹកនាំ​អាស៊ាន​និង​មេដឹកនាំ​ប្រទេស​ជា​ដៃគូ​សន្ទនា​នឹង​មក​ចូលរួម​កិច្ចប្រជុំ​នៅ​ហ្វីលីពីន​តាម​ការគ្រោងទុក​។ លោក​កត់សម្គាល់ថា ជាធម្មតា​មេដឹកនាំ​ទាំងនោះ​មិន​លុបចោល​គម្រោង​មក​ចូលរួម​ទេ បើសិនជា​មិនមាន​បញ្ហា​ផ្ទៃក្នុង​កើតឡើង​នៅក្នុង​ប្រទេស​នោះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  Rodrigo Duterte
  Marciano Paynor Jr
© រក្សាសិទ្ធិដោយ thmeythmey.com