អន្តរជាតិ
 លោក Pence ថា​ដំណោះស្រាយ​សន្តិភាព​នៅតែមាន ទោះ​អាមេរិក​គំរាម​ប្រើ​ទ័ព​ដាក់​កូរ៉េខាងជើង
22, Apr 2017 , 3:47 pm        
រូបភាព
​អនុ​ប្រធានាធិបតី​អាមេរិក Mike Pence បានបង្ហាញ​គំនិត​សុទិដ្ឋិនិយម​ក្នុងការ​សម្រេចបាន​ដំណោះស្រាយ​សន្តិភាព​សម្រាប់​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង បើទោះជា​អាមេរិក​អស់​ការអត់ធ្មត់​នឹង​ទង្វើ​របស់​កូរ៉េខាងជើង​ក្ដី​។ បើតាម​លោក Pence ការលុបបំបាត់​នុយក្លេអ៊ែ​រ​ពី​ឧបទ្វីប​កូរ៉េ​អាចធ្វើ​បាន​ដោយ​គ្មាន​សង្គ្រាម ព្រោះ​ពេលនេះ​អាមេរិក កំពុងធ្វើការ​ជាមួយ​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដោយ​មិនចាំបាច់​ប្រឈមមុខគ្នា​អ្វី​ឡើយ​។


​នា​រយៈពេល​ចុងក្រោយ ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​នៅតែ​តានតឹង​ខ្លាំង​ដោយសារ​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ អាមេរិក គំរាម​កម្លាំង​ដោះស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ការចរចា​គ្មាន​បាន​ផល​អ្វី​ឡើយ​។ ទាំង​កូរ៉េខាងជើង ទាំង​អាមេរិក និង​សម្ព័ន្ធមិត្ត​សុទ្ធ​ស្ថិតក្នុង​ស្ថានភាព​ប្រុង​ជើងការ​ខ្ពស់​។ ប៉ុន្តែ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ក៏​នៅតែ​មានជំនឿថា បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង អាច​ដោះស្រាយបាន​តាមផ្លូវ​សន្តិភាព​។
​ថ្លែង​ពី​អូស្ត្រាលី​នៅ​ថ្ងៃទី​២២ ខែមេសា អនុ​ប្រធានាធិបតី​អាមេរិក Mike Pence និយាយថា ការធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​ជា​តំបន់​គ្មាន​នុយក្លេអ៊ែរ អាច​សម្រេចបាន​តាម​មធ្យោបាយ​សន្តិភាព ដោយសារ​កិច្ចសហប្រតិបត្តិការ​ថ្មី​រវាង​អាមេរិក និង​ចិន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Pence ជឿថា ជាមួយនឹង​ការដាក់​សម្ពាធ​ខ្លាំង​ពី​សំណាក់​ប្រទេស​ក្នុង​តំបន់​មាន​ចិន​ជាដើម ឱកាស​នៅតែមាន​ក្នុង​លុបបំបាត់​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​។
​ចំពោះមុខ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បាន​សរសើរ​ចំណាត់ការ​របស់​ចិន​នាពេល​ថ្មីៗ​នេះ​។ លោក Pence ទំនង​ចង់​សំដៅ​ដល់​ការបង្ហាញ​ការព្រួយបារម្ភ​របស់​ចិន​ជុំវិញ​ទង្វើ​របស់​កូរ៉េខាងជើង និង​ការផ្អាក​ការ​នាំចូល​ធ្យូងថ្ម​ជាដើម​។ សកម្មភាព​ថ្មីៗ​ទាំងនេះ ក៏​ទទួលបាន​ការសរសើរ​ច្រើន​ពី​សំណាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែរ ដោយ​លោក​ចាត់ទុកជា​ទង្វើ​ដែល​មិនធម្មតា​។
 
​ក្រុង​វ៉ាស៊ីនតោន បាន​ទទូច​ឲ្យ​ក្រុង​ប៉េកាំង​បញ្ចេញ​ចំណាត់ការ​បាន​ខ្លាំង​តាម​អាច​ធ្វើបាន ដើម្បី​បង្ខំ​ឲ្យ​របប​ក្រុង​ព្យុងយ៉ាង​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​ចោល​។ វ៉ាស៊ីនតោន ជឿថា ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច និង​ជា​អ្នកជិតខាង​មួយ ប៉េកាំង​ពិតជា​ឥទ្ធិពល​ខ្លាំង​លើ​របប​ដឹកនាំ​ព្យុងយ៉ាង​។ លើសពីនោះ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ថែមទាំង​យក​រឿង​ពាណិជ្ជកម្ម មក​ធ្វើជា​ថ្នូរ​ឲ្យ​ក្រុង​ប៉េកាំង​ជួយ​ដោះស្រាយ​បញ្ហា​សាំ​ញាំ​នេះ​ផងដែរ​។
​យ៉ាងណាក្ដី ទឹកមាត់​របស់​ចិន ទំនង​លែង​ប្រៃ​ដូច​មុន​ហើយ​ចំពោះ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ការព្រួយបារម្ភ និង​ការឈប់​នាំចូល​ធ្យូងថ្ម​ដែល​អនុវត្តតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ធ្វើ​ឲ្យ​ទំនាក់​ទំ​ង​នង​ទ្វេភាគី​ចិន និង​កូរ៉េខាងជើង រអាក់រអួល​ខ្លាំង​។ មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន ក៏​មិន​ស្ដាប់​ការព្រួយបារម្ភ​នេះដែរ ហើយ​ថែមទាំង​គំរាម​វាយបក​លើ​ទាហាន​នៅ​កូរ៉េខាងត្បូង ជប៉ុន និង​គោលដៅ​អាមេរិក​ដីគោក​ទៅទៀត​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  Mike Pence
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com