ជាតិ
​​​ន​យោ​បាយ​ជាតិ​
វិទ្យុ​អាស៊ីសេរី​៖ លោក ជុន ច័ន្ទ​បុត្រ មិនបាន​ប្រព្រឹត្ត​បទល្មើស​ឡើយ​
27, Apr 2017 , 12:30 pm        
រូបភាព
រូបភាពពីហ្វេប៊ុកឈ្មោះ Chun Chanboth Vuthy Huot
រូបភាពពីហ្វេប៊ុកឈ្មោះ Chun Chanboth Vuthy Huot
ភ្នំពេញ​៖ វិទ្យុ​អាស៊ីសេរី អះអាងថា លោក ជុន ច័ន្ទ​បុត្រ មិនបាន​ធ្វើ​ខុស​នឹង​ផ្លូវច្បាប់ ដោយសារតែ​ការចូលទៅ​ជួប​មន្ត្រី​និង​សកម្មជន​បក្សប្រឆាំង​ក្នុង​ពន្ធនាគារ​ព្រៃស ​នោះទេ​។ ប៉ុន្តែ សម្រាប់​តុលាការ លោក ជុន ច័ន្ទ​បុត្រ បាន​ក្លាយជា​ជនសង្ស័យ បាត់ទៅហើយ នៅក្នុង​សំណុំរឿង​ដ៏​រសើប​មួយ​នេះ​។




​ខណៈ​តុលាការ កំពុងតែ​ដំណើរការ​នីតិវិធី​លើ​រឿងក្តី​របស់លោក ហួត ឃី​ន​វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ផ្នែក​ខេមរភាសា ដែល​បាន​អមដំណើរ​ជាមួយនឹង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលទៅ​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​បុ​ន្មា​ន​ថ្ងៃមុន វិទ្យុ​អាស៊ីសេរី ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​។ សេចក្តីថ្លែងការណ៍ ដែលមាន​ត្រឹមតែ​ជា​សារ ដោយ​មិនមាន​លិខិតផ្លូវការ ហើយ​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧​នេះ បាន​លើកឡើងថា  សកម្មភាព​របស់លោក ជុន ច័ន្ទ​បុត្រ ដែល​ធ្វើដំណើរ​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ចូលទៅ​ជួប​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស មិនមែនជា​ការបន្លំ​ខ្លួន ដូចការចោទប្រកាន់របស់សមត្ថកិច្ច​ ឬតុលាការ នោះទេ។
 
​សេចក្តីថ្លែងការណ៍​នោះ បាន​សរសេរ​ដូច្នេះ​ថា​៖«​លោក ជុន ច័ន្ទ​បុត្រ មិនបាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ ឡើយ​។ […..] យើងខ្ញុំ​នៅ​អាស៊ីសេរី ចាត់ទុក​ការគំរាមកំហែង​បែបនេះ ជា​ករណី​ធ្ងន់ធ្ងរ​»​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ដែលមាន​ទាំង​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស វិទ្យុ​អាស៊ីសេរី បាន​ហៅ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​និង​តុលាការ ទៅលើ​លោក ជុន ច័ន្ទ​បុត្រ ថា​ជា​រឿង​ហួសហេតុ និង​ជាការ​ធ្វើទុក្ខបុកម្នេញ​ដល់​អ្នកសារព័ត៌មាន ដែល​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន​របស់ខ្លួន ជាពិសេស​ស្ថិតក្នុង​កាលៈទេសៈ ដែល​ការបោះឆ្នោត កាន់តែ​ខិតជិត​មកដល់​។

​ចំណាត់ការ​របស់​តុលាការ ទៅលើ​លោក ជុន ច័ន្ទ​បុត្រ មិនអាច​រំខាន​ឬ​រារាំង​អ្នកសារព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ក្នុងការ​បំពេញការងា​រ​នោះទេ ទោះជា​មានរឿង​បែបនេះ កើតឡើង ក៏ដោយ​។ នេះ បើតាម​សេចក្តីថ្លែងការណ៍​របស់​វិទ្យុ​អាស៊ីសេរី​ខាងលើ ដដែល​។​

​យ៉ាងណា ទង្វើ​របស់លោក ជុន ច័ន្ទ​បុត្រ បាន​ក្លាយជា​អង្គហេតុ ដែល​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់​ផ្តើ​ប​ស៊ើបអង្កេត​បាត់ទៅហើយ​។ ព្រះរាជអាជ្ញា បានចេញ​ដីកា កោះហៅ​លោក ជុន ច័​ន្ធ​បុត្រ ឲ្យ​ចូលទៅ​បំភ្លឺ​ពី​សំណុំ​រឿងនេះ នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧​។ នៅក្នុង​ដីកាកោះ ព្រះរាជអាជ្ញា បានចាត់ទុក​លោក ជុន ច័ន្ទ​បុត្រ ថា​ជា​បុគ្គល ដែល​ជាប់​ពាក់ព័ន្ធ​នឹង «​ដំណើររឿង ផ្តល់​សេចក្តីប្រកាស​ដោយ​ភូតកុហក បន្លំ​ខ្លួន​ចូល​ព​ន្ធា​គារ​»​។

​មាត្រា​៦៣៣ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា អំពើ​ផ្តល់​សេចក្តីប្រកាស​ដោយ​ភូតកុហក​ដល់​រាជការ​សាធារណៈ ដើម្បី​ទ​ទួ​លបាន​វិភាជន៍ ការបើកប្រាក់ ឬ អត្ថ​ប្រ​យោ​ជម៍​ដោយ​ខុសច្បាប់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ទ​នាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល​។​

​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៧​នេះ លោក ឡុង រី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលទៅ​បំភ្លឺ​នៅ​ចំពោះមុខ​ព្រះរាជអាជ្ញា ក្នុងនាម​ជា​សាក្សី ជុំវិញ​សំណុំរឿង​ខាងលើ​។ ចំណែកឯ លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវបាន​ព្រះរាជអាជ្ញា ចេញ​ដីកាកោះ ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​ផងដែរ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧​។ តំណាងរាស្ត្រ​ទាំង​២​រូបនេះ​ បាន​អនុ​ញ្ញ​ត​ឲ្យ​លោក ជុន ច័ន្ទ​បុត្រ ចូលទៅ​ជួប​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពន្ធនាគារ​ព្រៃ​កាលពី​ថ្ងៃទី​១៩ ​ខែមេសា ​កន្លងទៅ​៕

 




Tag:
 ​ជុន ច័ន្ទ​បុត្រ​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com