ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហោ ណាំ​បូរ៉ា និង​មន្ត្រី​៥​រូប​ទៀត ទទួលបាន​ការតែងតាំង​ជា​ឯកអគ្គរាជទូត​
29, Apr 2017 , 4:47 pm        
រូបភាព
ទូត​ថ្មី​របស់​កម្ពុជាបានចូល​ជួបសម្តែងការគួរសម​ជាមួយ​សម្តេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា
ទូត​ថ្មី​របស់​កម្ពុជាបានចូល​ជួបសម្តែងការគួរសម​ជាមួយ​សម្តេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា
ភ្នំពេញ​៖ លោក ហោ ណាំ​បូរ៉ា ជា​អ្នកការទូត​ដ៏​មានបទពិសោធន៍​ម្នាក់ ដែល​ទទួលបាន​ការតែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។ ជាមួយគ្នានេះ រដ្ឋាភិបាល ក៏បាន​តែងតាំង​ឥស្សរជន​៥​រូប​ផ្សេងទៀត​ក្នុង​តំណែង​ជា​ឯកអគ្គរាជទូត​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ផងដែរ​។​



​លោក ហោ ណាំ​បូរ៉ា អាយុ​៥៩​ឆ្នាំ ជា​កូនប្រុស​បង្កើត​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ លោក​ជា​អគ្គលេខាធិការរង​នៃ​រដ្ឋាភិបាល​។ មុននឹង​តែងតាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ លោក ហោ ណាំ​បូរ៉ា ជា​អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់ ចាប់ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៤ ។ លោក​ក៏​ធ្លាប់ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ចក្រភព​អង់គ្លេស ដា​ណឺ​ម៉ាក អៀរ​ឡង់ ហ្វាំ​ង​ឡង់ ន័​រវេ​ស ស៊ុយអែត និង​អេ​ត្យូ​ពី ត្រឹម​ឆ្នាំ​២០១១ ។

​ក្រៅពី​លោក ហោ ណាំ​បូរ៉ា ឯកអគ្គរាជទូត​ខ្មែរ ដែល​ទើប​តែងតាំង​ថ្មី​នេះ ក៏មាន​បេក្ខភាព​ផ្សេងទៀត​ចំនួន​៥​រូប​ផងដែរ រួមមាន​៖ លោកស្រី សឿង រដ្ឋ​ចា​វី ជា​ឯគអគ្គរាជទូត​ប្រចាំ​ចក្រភព​អង់គ្លេស ,​លោកស្រី ទូច សុ​ផា​រត្ន ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​អាល្លឺម៉ង់​, លោក ចេង មានិត ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ឡាវ​, លោក ស៊ុន ប៊ុនធឿន ឯកអគ្គរាជទូត​ប្រចាំ​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​លោក ងួន សា​វេ​ង ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​សិង្ហ​បុរី​៕


© រក្សាសិទ្ធិដោយ thmeythmey.com