ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ងាយៗ ក្នុងការ​បំបាត់​អាកា​រៈ​ក្អក មិនចេះ​ស្រាកស្រាន្ត​
01, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ក្អក​គឺជា​យន្ត​ការណ៍​ដ៏​ល្អ​មួយ​របស់​សួត​ក្នុង​ការបញ្ចេញ​សារធាតុ​អ្វីមួយ​មិនមែនជា​របស់​រាងកាយ​ដែល​ចូលទៅក្នុង​បំពង់ក ហើយ​វា​ក៏​មិនមែនជា​ជំងឺ​អ្វី​ដែរ​។ ប៉ុន្តែ​កាលណា​ការ​ក្អក​នេះ​កើតឡើង​ជាប់​រហូត វា​អាចជា​អាកា​រៈ​មួយ​នៃ​ជំងឺ​ទៅវិញ​។ ការ​ក្អកមាន​មូលហេតុ​របស់​វា​ច្រើនណាស់ ដែល​អាចជា​លក្ខណៈ​ស្រួចស្រាវ ឬ​រ៉ាំរ៉ៃ​។ មូលហេតុ​របស់​វា​មានដូចជា ជំងឺ​ផ្តាសាយ ការ​រលាក​ក្នុង​បំពង់ក ឬ​ក្អកមាន់​ជាដើម​។ ម្យ៉ាងវិញទៀត មូលហេតុ​ដែល​នាំ​ឲ្យ​ក្អក​រ៉ាំរ៉ៃ​មានដូចជា អា​ឡែ​ហ្ស៊ី ជំងឺហឺត រលាក​ទងសួត ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ។​ល​។​



​ខណៈពេលដែល​ការប្រើ​ថ្នាំ​ព្យាបាល​អាកា​រៈ​ក្អក​នេះ​អា​ចរក​ទិញ​បាន ប៉ុន្តែ​បើសិនជា​អ្នក​មិន​ចង់​ប្រើ​ថ្នាំ​ទេ យក​ល្អ​គួរតែ​ប្រើប្រាស់​វី​ធី​ធម្មជាតិ​ដូចខាងក្រោម​នេះ​សិន​ក៏បាន​ដែរ​៖

​ទឹកឃ្មុំ​
​ទឹកឃ្មុំ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឱសថ​ព្យាបាល​ការ​ក្អក​ដ៏​ពេញនិយម​មួយ ព្រោះ​វា​អាចជួយ​រំលាយ​ជាតិ​ស្លេស្ម និង​សម្រួល​ដល់​ភាព​រលាក​តាម​បំពង់​កទៀត​។ ក្រៅពីនេះ​វា​នឹង​ជួយ​សម្លាប់​មេរោគ​ដែល​នាំ​ឲ្យ​ក្អក​បាន​ថែម​ទៀតផង​។​

​ខ្ញី​
​រឿងនេះ​អ្នក​គ្រាន់តែ​យក​ចំណិត​ខ្ញី​មួយ​ដ៏​ស្តើង​ដាក់​ក្នុង​ទឹក​ដែល​ក្តៅ​រួច​ញ៉ាំ​វា​តិចៗ នោះ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​ក្អក​បាន​យ៉ាង​ល្អ​ហើយ​។ ចូរ​ញ៉ាំ​វាបី​ទៅ​បួន​ដង​ក្នុង​មួយថ្ងៃ​។​

​ងូតទឹក​ក្តៅ​
​ការ​ងូតទឹក​ក្តៅ​នឹង​ជួយ​បន្ធូរ​ភាព​ស្ទះ និង​ស្លេ​ស្ត​ក្នុង​បំពង់ក និង​សួត​។ ការធ្វើ​បែបនេះ​ក៏​ល្អ​ក្នុងការ​សម្រួល​ដល់​ផ្លូវដង្ហើម និង​ដកដង្ហើម​បាន​កាន់តែ​ស្រួល​ដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បើសិន​ជាការ​ក្អក​របស់​អ្នក​ទាក់ទង​នឹង​ជំងឺរបេង និង​ហឺត​វិញ ទាល់តែ​មានការ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ហើយ​។ ជាមួយគ្នានេះដែរ បើសិន​ជាការ​ក្អកមាន​កំហាក​ខ្លាំង វា​អាច​នឹង​នាំ​ឲ្យ​មាន​ផលវិបាក​ដូចជា ជំងឺ​រលាក​សួត និង​ការបង្ក​រោគ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com