អន្តរជាតិ
ក្រៅពី​វៀតណាម និង​ហ្វីលីពីន លោក ត្រាំ ក៏​អញ្ជើញ​មេដឹកនាំ​ថៃ និង​សិង្ហ​បុរី ទៅលេង​សេត​វិមាន​ដែរ​
01, May 2017 , 9:19 pm        
រូបភាព
​ថ្មីៗ​នេះ អាមេរិក បាន​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​អាស៊ី ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​កូរ៉េខាងជើង​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ជជែក​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​ធំៗ​នៅ​អាស៊ី​ជា​ញឹកញាប់​មាន​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ជាដើម​។ ចុងក្រោយ​នេះ លោក ត្រាំ ក៏បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​អាស៊ីអាគ្នេយ៍ ហើយក៏​ឆ្លៀត​អញ្ជើញ​ពួកគេ​ទស្សនកិច្ច​នៅ​អាមេរិក​ដែរ​។​



​នៅ​ចុង​សប្ដាហ៍​មុននេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ទូរ​សព្ទ​ជាមួយ​មេដឹកនាំ​អាស៊ាន​ជា​បន្តបន្ទាប់ ហើយ​បើតាម​មន្ត្រី​អាមេរិក ប្រធានបទ​សំខាន់​នៃ​ការសន្ទនា​នេះ គឺ​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តែម្ដង​។ នៅ​យប់​ថ្ងៃទី​២៩ ខែមេសា លោក ត្រាំ បាន​និយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ហើយ​នៅ​ថ្ងៃទី​៣០ លោក​ក៏​ជួប​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី និង​ថៃ​ជា​បន្តបន្ទាប់​។​

​សេចក្ដីប្រកាស​របស់​សេត​វិមាន​បញ្ជាក់ថា លោក ត្រាំ បាន​និយាយ​ទូរ​សព្ទ​ជាមួយ លោក លី សៀន​ឡុង និង​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ដើម្បី​ពិភាក្សា​រក​ផ្លូវ​ដាក់​សម្ពាធ​បន្ថែមទៀត​លើ​កូរ៉េខាងជើង ទាំង​ទណ្ឌកម្មសេដ្ឋកិច្ច និង​តាមផ្លូវ​ការទូត​។ នេះ ក៏​ព្រោះតែ​ទង្វើ​របស់​កូរ៉េខាងជើង​នាពេល​កន្លងមក ក្លាយជា​ការគំរាមកំហែង​ធំ​បំផុត​សម្រាប់​ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល​ផងដែរ​។

​មន្ត្រី​សេត​វិមាន​បាន​ប្រាប់​សារព័ត៌មាន The New York Times ថា ការជជែក​តាម​ទូរ​សព្ទ​នេះ ត្រូវបាន​រៀបចំ ខណៈ​ប្រធានាធិបតី ត្រាំ ទំនង​ចង់​ស្វែងរក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មួយ​ដើម្បី​ប្រឆាំង​កូរ៉េខាងជើង ព្រោះ​អាមេរិក​មិន​ចង់​ធ្វើ​សកម្មភាព​ដោយ​ឯកតោភាគី​ពេក​ដែរ​។ នៅមុននេះ អាមេរិក ផ្ដោត​ខ្លាំង​លើ​ចិន ជប៉ុន ដែលជា​ប្រទេស​ធំៗ​ក្នុងការ​ទប់ទល់​កូរ៉េខាងជើង តែ​ពេលនេះ អាមេរិក​ក៏​ងាក​មកកាន់​តំបន់​អាស៊ាន​ទៀត សំដៅ​ប្រមូល​ការគាំទ្រ​ឲ្យ​ច្រើន​ក្នុង​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​។​

​ចំណែកឯ​ប្រធាន​ផ្នែក​បុគ្គលិក​សេត​វិមាន Reince Priebus ក៏​និយាយ​ដែរ​ថា អាមេរិក​ត្រូវការ​ការសហការ​នៅ​កម្រិត​ណាមួយ​ពី​សំណាក់​ប្រទេស​ក្នុង​តំបន់ ព្រោះ​បើ​មាន​ហេតុការណ៍​កើតឡើង​នៅ​កូរ៉េខាងជើង វិធានការ​ឆ្លើយតប​រួមគ្នា​នឹងមាន​ស្រាប់​រួចជាស្រេច​។ លោក Priebus បន្តថា​ទៀតថា ប្រទេស​ទាំងអស់ ក៏ត្រូវ​មាន​ជំហរ​ដូចគ្នា​ដែរ ដើម្បី​ងាយស្រួល​ទប់ទល់​ការគំរាមកំហែង​ធ្ងន់ធ្ងរ​មកលើ​តំបន់ និង​អាមេរិក​ផង​។​

​ងាក​មក​រឿង​សន្ទនា​តាម​ទូរ​សព្ទ​វិញ មេដឹកនាំ​អាមេរិក ថៃ និង​សិង្ហ​បុរី សុទ្ធតែ​បង្ហាញ​ជំហរ​ស្របគ្នា​លើ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។ ទំនាក់ទំនង​រវាង​អាមេរិក និង​សិង្ហ​បុរី ស្ថិត​លើផ្លូវ​ប្រសើរ​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ដ៏​ល្អ ប៉ុន្តែ​ទំនាក់ទំនង​អាមេរិក និង​ថៃ ធ្លាក់ចុះ​ខ្លាំង ក្រោយ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤ ។ យ៉ាងណាក្ដី ប្រធានាធិបតី ត្រាំ ក៏បាន​អញ្ជើញ​ទាំង​នាយករដ្ឋមន្ត្រី លី និង​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​ដើម្បី​រឹតចំណង​មិត្តភាព​ឲ្យ​កាន់តែ​ល្អូក​ល្អឺ​ន​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  លី សៀន​ឡុង​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com