អន្តរជាតិ
កូរ៉េខាងត្បូង​ថា បើ​អាមេរិក​ចង់​ចរចា​រឿង​បង់ថ្លៃ​ខែល​ការពារ​មី​ស៊ី​ល ក៏ត្រូវ​ចរចា​រឿង​វត្តមាន​ទ័ព​អាមេរិក​នៅ​កូរ៉េ​ដែរ​
01, May 2017 , 9:59 pm        
រូបភាព
ប្រព័ន្ធការពារមីស៊ីល THAAD ដែលត្រូវបានដំឡើងនៅកូរ៉េខាងត្បូង (រូបភាព Reuters)
ប្រព័ន្ធការពារមីស៊ីល THAAD ដែលត្រូវបានដំឡើងនៅកូរ៉េខាងត្បូង (រូបភាព Reuters)
​កូរ៉េខាងត្បូង បាន​ទាត់ចោល​ការចរចា​ណាមួយ​ជុំវិញ​ការបង់ប្រាក់​សម្រាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD ដែល​ផ្នែក​សំខាន់​មួយចំនួន​នៃ​ប្រព័ន្ធ​ការពារ​នេះ ត្រូវបាន​ដំឡើង​រួចហើយ ដើម្បី​ត្រៀម​ទប់ទល់​មី​ស៊ី​ល​កូរ៉េខាងជើង​។ ការទាត់ចោល​នេះ ធ្វើឡើង​ក្រោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានទាមទារ​ឲ្យ​កូរ៉េខាងត្បូង​ចេញថ្លៃ​ប្រព័ន្ធ​ការពារ​នេះ ដែលមាន​តម្លៃ ១​ពាន់​លាន​ដុល្លារ​ឯណោះ​។ ម្យ៉ាង​កូរ៉េខាងត្បូង ក៏​ប្រកាស​ហើយ​ថា ខ្លួន​មិន​បង់ប្រាក់​តាម​ការទាមទា​រ​ឡើយ​។​



​ខណៈដែល​ប្រព័ន្ធ​ការពារ THAAD ត្រូវបាន​ដំឡើង​រួចស្រេច​នៅ​កូរ៉េខាងត្បូង ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ស្រាប់តែ​ចេញមុខ​ទាមទារ​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ប​ង់​ប្រាក់​ថ្លៃ​ចំណាយ​លើ​ប្រព័ន្ធ​ការពារ​នេះ​ទៅវិញ​។ ភ្លាមៗ​នោះ កូរ៉េខាងត្បូង ក៏​ចេញមក​បដិសេធ​សំណើ​របស់​ប្រធានាធិបតី​អាមេរិក ដោយបាន​លើកឡើង​ពី​កិច្ចព្រមព្រៀង​រួមគ្នា​ដែល​តម្រូវ​ឲ្យ​អាមេរិក​ជា​ទទួលខុសត្រូវ​លើ​ការចំណាយ​ថ្លៃ​អាវុធ​ទាំងអស់​លើទឹក​ដី​កូរ៉េខាងត្បូង​។​

​មិនតែប៉ុណ្ណោះ កូរ៉េខាងត្បូង ក៏​មិន​ចង់​ចរចា​អ្វី​ទៀត​ដែរ​លើ​បញ្ហា​លុយ​នេះ​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​និយាយថា កិច្ចព្រមព្រៀងទ្វេភាគី​ស្ដីពី​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ចូល​ជា​ធរមាន​ទៅហើយ ឯ​កិច្ចព្រមព្រៀង​ស្ដីពី​វត្តមាន​កងទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង ក៏មាន​និយាយ​ពី​រឿងនេះ​ដែរ​។ បើតាម​កិច្ចព្រមព្រៀង​នេះ កងទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង ជា​អ្នកទទួលបន្ទុក​លើ​ចំណាយ​លើ​អាវុធ​របស់ខ្លួន ចំណែក​កូរ៉េខាងត្បូង​មាន​ភារៈ​ផ្ដល់​ទីតាំង និង​ការសម្របសម្រួល​មួយចំនួន​។​

​យ៉ាងណាក្ដី បើទោះជា​មាន​កិច្ចព្រមព្រៀង​ទៅហើយ បញ្ហា​ថា​អ្នកណា​ជា​អ្នកទទួលបន្ទុក​ថ្លៃ​ចំណាយ​ប្រព័ន្ធ​ការពារ THAAD នៅតែ​មិន​ច្បាស់លាស់​ដដែល ដ្បិត​លោក ត្រាំ នៅតែ​ទាមទារ​ឲ្យ​កូរ៉េខាងត្បូង​ទទួលខុសត្រូវ​លើ​ថ្លៃ​ចំណាយ​ដែលមាន​ដល់​ទៅ ១​ពាន់​លាន​ដុល្លារ​។ លើសពីនេះ រដ្ឋបាល​អាមេរិក ទំនង​ចង់​សើរើ​ឡើងវិញ​កិច្ចព្រមព្រៀង​ស្ដីពី​ការពង្រាយ THAAD នេះ​ដែល​សម្រេចបាន​ទាំង​ចម្រូងចម្រាស់​កាលពី​ឆ្នាំ​២០១៦ ។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក H. R. McMaster បាន​ប្រាប់​ទូរទស្សន៍ Fox News ថា រដ្ឋាភិបាល​អាមេរិក នឹង​គោរព​កិច្ចព្រមព្រៀង​ដែលមាន​ជា​ធរមាន រហូតដល់​មានការ​ចរចា​ឡើងវិញ ព្រោះ​លោក ត្រាំ ចង់​ឲ្យ​មានការ​បែងចែក​អ​ម្រែ​ក​ហិរញ្ញវត្ថុ​ស្មើគ្នា​។ ប៉ុន្តែ​ខាង​កូរ៉េខាងត្បូង​ឆ្លើយ​វិញ​ថា បើ​ចង់​សើរើ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៦ ក៏ត្រូវ​តែ​សើរើ​កិច្ចព្រមព្រៀង​ស្ដីពី​វត្តមាន​ទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង​ដូចគ្នា​ដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap សម្ព័ន្ធមិត្ត​ទាំង​២​នេះ ក៏មាន​ផែនការ​ចាប់ផ្ដើម​ការចរចា​ដោយឡែក​មួយទៀត​នៅ​ឆ្នាំក្រោយ ជុំវិញ​ថ្លៃ​ចំណាយ​លើ​វត្តមាន​ទាហាន​អាមេរិក​នៅ​កូរ៉េខាងត្បូង​ជិត​៣​ម៉ឺន​នាក់​។ បើតាម​កិច្ចព្រមព្រៀង​របស់​ប្រទេស​ទាំង​២ ដែល​ផុត​នៅ​ឆ្នាំ​២០១៨ កូរ៉េខាងត្បូង​ត្រូវ​ចំណាយ​ដល់​ទៅ​៨០៧​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​សម្រាប់​កងទ័ព​អាមេរិក ហើយ​បើ​អាមេរិក​នៅតែ​ទាមទារ​ឲ្យ​កូរ៉េខាងត្បូង​បង់ប្រាក់​ថ្លៃ THAAD ទៀត​នោះ សម្ព័ន្ធភាព​នេះ​ទំនង​ជាមាន​បញ្ហា​មិន​ខាន​៕ 



Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  THAAD
© រក្សាសិទ្ធិដោយ thmeythmey.com