ជាតិ
អាជ្ញាធរ ចុះ​រុះរើ​របង​ហ៊ុមព័ទ្ធ​ផ្លូវ​សាធារណៈ របស់លោក ហេង លី និង​លោកស្រី ស៊ុយ សុផាន
02, May 2017 , 12:02 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០២ ឧសភា​នេះ អាជ្ញាធរ បាន​ចុះ​រុះរើ​របង​ហ៊ុមព័ទ្ធ​ផ្លូវ​សាធារណៈ ដែល​ត្រូវបាន​ក្រុមហ៊ុន ផាន អ៊ី​មិច និង​ក្រុមហ៊ុន ហេង លី បិទផ្លូវ​ធ្វើដំណើរ​របស់​ពលរដ្ឋ​កន្លងមក នៅ​ខណ្ឌ​ច្បារអំពៅ​។ ការចុះ​ដោះស្រាយ​បញ្ហា​ដី​ផ្លូវ​ជូន​ពលរដ្ឋ​នេះ គឺ​អាជ្ញាធរ​ធ្វើឡើង​តាម​សេចក្ដី​បង្គាប់​របស់លោក​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​



​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី បាន​ឲ្យ​ដឹងថា ដី​ផ្លូវ​សាធារណៈ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ដែល​ត្រូវបាន​ក្រុមហ៊ុន ផាន អ៊ី​មិច និង​ក្រុមហ៊ុន ហេង លី រំលោភបំពាន​នេះ មាន​ប្រវែង​ជាង​៦​គីឡូម៉ែត្រ និង​ទទឹងផ្លូវ​ចំនួន​១៦​ម៉ែត្រ​។ ​នៅពេលនេះ​ក្រសួង ក៏បាន​បើករបង​ហ៊ុមព័ទ្ធ​ផ្លូវ​របស់​ក្រុមហ៊ុន ហេង លី និង​ត​ភ្ជាប់​ផ្លូវ​ពី​ផ្លូវជាតិ​លេខ​១ ទៅ​ផ្លូវ​លេខ​៣៦៩ (​ផ្លូវ​ព្រែកប្រា​) ដែល​ក្រុមហ៊ុន ផាន អ៊ី​មិច បាន​កាត់ផ្ដាច់​កន្លងមក​នោះ សម្រាប់​សម្រួល​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ជាធម្មតា​វិញ​។

​ក្រៅពី​ដោះស្រាយ​បញ្ហា​ដី​ផ្លូវ​សាធារណៈ​នេះ អាជ្ញាធរ​ក៏​នឹង​ពិនិត្យមើល​ករណី​ដីធ្លី​ក្នុង​តំបន់​ខណ្ឌ​ច្បារអំពៅ ដែល​ក្រសួង​ទទួលបាន​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន ផាន អ៊ី​មិច និង​ក្រុមហ៊ុន​ផ្សេងទៀត​ នៅក្នុង​ខណ្ឌ​ច្បារអំពៅ​នេះ​ដែរ​។ នេះ​បើតាម​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​។​

​ជាមួយគ្នានេះ​លោកស្រី ស៊ុយ សុផាន នាយិកា​ក្រុមហ៊ុន ផាន អ៊ី​មិច ដែល​បាន​ចុះ​អមដំណើរ​ជាមួយ​អាជ្ញាធរ បាន​និយាយថា ខ្លួន​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ផ្លូវ​សាធារណៈ​ជូន​ពលរដ្ឋ​នេះ​។ បន្ថែម​ពីនេះ​លោកស្រី ស៊ុយ សុផាន ក៏បាន​សន្យា ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពលរដ្ឋ ដែលមាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ផាន អ៊ី​មិច ផងដែរ​។

ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន នាយិកា​ក្រុមហ៊ុន ផាន អ៊ី​មិច​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​ព្រោះ​ពេលដែល​ខ្ញុំ​ទិញ​ដី​នេះ មុននឹង​ធ្វើ​បណ្ណ​កម្មសិទ្ធិ គឺ​ខ្ញុំ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ អស់ហើយ​ក្នុង​ទំហំ​ប៉ុណ្ណឹង​។ តែបើ​សិន​ប្រជាជន​ដែល​ទំនាស់​ មាន​ឯកសារ​ច្បាស់លាស់ គឺ​ខ្ញុំ​នឹង​ដោះស្រាយ​។ ប៉ុន្តែ​បើសិនជា​ប្រជាជន​គ្រាន់តែ​ចង្អុល​មក​ចាប់យក​ដី​នេះ ជា​អនាធិបតេយ្យ គឺ​ខ្ញុំ​មិន​ដោះស្រាយ​បញ្ហា​ដី​ឲ្យ​ទេ​…​។ ដូច្នេះ​បើ​ប្រជាជន​ណា ដែល​គាត់​មាន​ឯកសារ​ជាក់លាក់​ ថា​ដី​នេះ​គាត់ ​មិនទាន់បាន​លក់ គឺ​ខ្ញុំ​នឹង​ដោះស្រាយ​ឲ្យ និយាយ​រួម​គឺ​ដោះស្រាយ​តាមច្បាប់​»​។​

​គួរ​បញ្ជាក់ថា ផ្លូវ​សាធារណៈ​ដែល​លោកស្រី ស៊ុយ សុផាន នាយិកា​ក្រុមហ៊ុន​ផាន អ៊ី​មិច និង​លោក ហេង លី នាយក​ក្រុមហ៊ុន ហេង លី រំលោភ​បិទផ្លូវ ​ប៉ះពាល់​ដល់​ពលរដ្ឋ​នោះ​រួមមាន ផ្លូវ​លេខ​៣៦៩ (​ផ្លូវ​មាត់ទន្លេ​បាសាក់​) ទៅ​ផ្លូវជាតិ​លេខ​១ កាត់​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ភូមិ​អូរអណ្ដូង សង្កាត់​ព្រែកប្រា និង​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ផ្លូវ​ទាំងនេះ​ដែល​ក្រសួង​រៀបចំ​ដែនដី បង្គាប់​ឲ្យ​ក្រុមហ៊ុន ផាន អ៊ី​មិច និង​ក្រុមហ៊ុន ហេង លី ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ​វិញ​៕
 

Tag:
 ដី​
 ​ ស៊ុយ សុផាន​
 ​ ហេង លី
© រក្សាសិទ្ធិដោយ thmeythmey.com