អន្តរជាតិ
ជម្លោះ​ឧបទ្វីប​កូរ៉េ​៖ កូរ៉េខាងជើង ព្រមាន​ជប៉ុន​ដែល​ប្រឹង​ចាក់​សាំង​លើ​ភ្លើង​
03, May 2017 , 8:59 am        
រូបភាព
មីស៊ីលកូរ៉េខាងជើង ត្រូវបង្ហាញអំឡុងពេលពិធីព្យុហយាត្រាកងទ័ព (រូបភាព Xinhua)
មីស៊ីលកូរ៉េខាងជើង ត្រូវបង្ហាញអំឡុងពេលពិធីព្យុហយាត្រាកងទ័ព (រូបភាព Xinhua)
​កូរ៉េខាងជើង បាន​ស្ដីបន្ទោស​ចំៗ​លើ​ជប៉ុន ដែល​ជំរុញ​ឲ្យ​មាន​សង្គ្រាម​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ​តាមរយៈ​ការចូលរួម​សមយុទ្ធ​ជាមួយ​កងទ័ព​អាមេរិក​។ តាមរយៈ​សារព័ត៌មាន​របស់ខ្លួន កូរ៉េខាងជើង ក៏​ព្រមាន​ដែរ​ថា ជប៉ុន​ពិតជា​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​មិន​ខាន បើ​សង្គ្រាម​ពិតជា​កើត​មាននៅ​ឧបទ្វីប​កូរ៉េ​មែន ព្រោះ​វា​មិនមែនជា​រឿង​លំបាក​ឡើយ​សម្រាប់​កងទ័ព​រំដោះប្រជាជន​កូរ៉េ​ក្នុងការ​វាយ​សន្ធប់​លើ​ជប៉ុន ដែលជា​អ្នក​ជួយ​អាមេរិក​នោះ​។



​កូរ៉េខាងជើង បាន​គំរាម​វាយប្រហារ​ជប៉ុន​ឲ្យ​រាប​ដល់​ដី ក្នុងករណី​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ពិតជា​ផ្ទុះឡើង​មែន​។ កូរ៉េខាងជើង ចោទថា ជប៉ុន​បាន​ព្យាយាម​ធ្វើ​ឲ្យ​កើតមាន​ជម្លោះ​ក្នុង​តំបន់​តាមរយៈ​ការបញ្ជូន​នាវាចម្បាំង ទៅ​ចូលរួម​សមយុទ្ធ​ជាមួយ​អាមេរិក​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង Rodong Sinmun ផ្សាយ​ថា ជប៉ុន ដែលជា​ទីតាំង​រក្សា​សម្ភារ​យោធា​អាមេរិក និង​មាន​មូលដ្ឋាន​អាមេរិក​តាំងនៅ​ដែរនោះ នឹងត្រូវ​គ្រប់​ដណ្ដប់​ដោយ​ពពក​វិទ្យុសកម្ម​មិន​ខាន​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap សារព័ត៌មាន​កូរ៉េខាងជើង Rodong Sinmun បាន​និយាយ​ក្នុង​បទ​អធិប្បាយ​ថា វា​ជា​រឿង​ងាយស្រួល​បំផុត​សម្រាប់​កងទ័ព​កូរ៉េខាងជើង​ក្នុងការ​វាយប្រហារ​ជប៉ុន ពេល​សង្គ្រាម​បង្កដោយ​អាមេរិក​កើតមាន​។ សារព័ត៌មាន​ដដែល​នេះ​បន្តថា កូរ៉េខាងជើង​មិន​លើកលែង​ឲ្យ​អ្នក​បង្ករឿង ក៏ដូចជា​ក្រុម​អ្នកគាំទ្រ​ពួកគេ​ផងដែរ​។ ដោយនិយាយ​សំដៅ​ដល់​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​ដែល​កំពុង​ក្ដៅ Rodong Sinmun បាន​បញ្ជាក់ថា ជប៉ុន​បាន​ចាក់​សាំង​លើ​ភ្លើង​រហូតមក​។​

​ទង្វើ​ដែល​សារព័ត៌មាន​កូរ៉េខាងជើង​ចាត់ទុក​ជាការ​បង្ករឿង គឺ​សំដៅលើ​វត្តមាន​កងទ័ព​ស្វ័យការពារ​ជប៉ុន​ក្នុង​សមយុទ្ធ​ដឹកនាំ​របស់​អាមេរិក​ដោយ​នាវា​ដឹក​យន្តហោះ USS Carl Vinson ដែល​ទើប​ទៅដល់​តំបន់​សមុទ្រ​ក្បែរ​ឧបទ្វីប​កូរ៉េ​។ នៅ​ថ្មី​នេះ​ទៀតសោត ជប៉ុន ក៏បាន​បញ្ជូន​នាវាចម្បាំង​ធំជាងគេ​របស់ខ្លួន​ឲ្យ​ទៅ​ការពារ​នាវា​ផ្គត់ផ្គង់​សម្ភារ​កងទ័ព​អាមេរិក​ទៅទៀត ព្រោះ​ខ្លាច​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ពន្លិច​តែម្ដង​។​

​តាមពិតទៅ នេះ​ក៏​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រុង​ព្យុងយ៉ាង​រិះគន់​ជប៉ុន​ជុំវិញ​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ​នោះ ហើយ​ជា​ញឹកញាប់​កូរ៉េខាងជើង​ក៏​គំរាម​កម្ទេច​ជប៉ុន​ឲ្យ​ក្លាយជា​ផេះផង់​ដែរ​។ ក្រុង​ព្យុងយ៉ាង ក៏​តែង​ចោទ​ក្រុង​តូ​ក្យូ​ថា ធ្វើ​តាមតែ​ខ្សែ​ញាក់​របស់​ក្រុង​វ៉ាស៊ីនតោន ដោយ​មិនសូវ​ខ្វល់​ការរក្សា​សន្តិភាព​តំបន់​នោះឡើយ​។ ចុងក្រោយ របប​ក្រុង​ព្យុងយ៉ាង ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ធ្វើ​អាកប្បកិរិយា​ឲ្យ​សមរម្យ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​។​

​ក្នុង​ជម្លោះ​ឧបទ្វីប​កូរ៉េ កូរ៉េខាងជើង ត្រូវ​ប្រឈមមុខ​ជាមួយ​សម្ព័ន្ធមិត្ត​បី​ប្រទេស គឺ​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង ដែល​តែង​ធ្វើ​សមយុទ្ធ​រួមគ្នា​រៀងរាល់ឆ្នាំ​។ កូរ៉េខាងជើង អះអាងថា សមយុទ្ធ​រួមគ្នា​នេះហើយ ដែលជា​មូលហេតុ​នាំ​ឲ្យ​ខ្លួន​ប្រឹងប្រែង​អភិវឌ្ឍ​នុយក្លេអ៊ែរ ដើម្បី​ទុក​ការពារ​ខ្លួនឯង​។ សម្រាប់​កូរ៉េខាងជើង ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​នឹង​ធូរស្រាល បើ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ឈប់​បង្កហេតុ​ទៀត​៕


Tag:
 កូរ៉េខាងជើង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com