អន្តរជាតិ
ឆ្មា និង​ឆ្កែ ដែល​ចាស់​ជាងគេ​នៅ​ក្រុង​កេ​ប៊ិច ទទួលបាន​ពានរង្វាន់​
04, May 2017 , 8:39 am        
រូបភាព
ដោយ: ធីតា
​សមាគម​ពេទ្យសត្វ​ក្រុង​កេ​ប៊ិច (AMVQ) ប្រទេស​កាណាដា កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានរៀបចំ​ពិធី​ប្រគល់​រង្វាន់​ដល់​សត្វ​ឆ្មា និង​ឆ្កែ ដែលមាន​អាយុ​វែង​ជាងគេ​បំផុត​។ តាម​ការផ្សាយ​របស់ La Presse Canadienne ម្ចាស់​ពានរង្វាន់​គឺ​ឆ្មា​ឈ្មោះ Hortense អាយុ​២១​ឆ្នាំ និង​ឆ្កែ​ឈ្មោះ Cachou អាយុ​១៧​ឆ្នាំ​។​



Hortense ជា​ឆ្មា​ពូជ Scottish Fold ដែល​រស់នៅ​ជាមួយ​ម្ចាស់​ក្នុង​តំបន់ Piedmont​។ វា​ត្រូវបាន​សមាគម AMVQ រកឃើញថា ជា​ឆ្មា​ដែល​ចាស់​ជាងគេ​នៅ​កេ​ប៊ិច ដោយ​ឈាន​រហូតដល់​២១​ឆ្នាំ​។ រីឯ Cachou អាយុ​១៧​ឆ្នាំ ជា​ឆ្កែ​ពូជ Yorkshire Terrier ដែល​រស់នៅ​តំបន់ Saint Felix de Valois​។​

​អ្នកស្រី Valerie Trudel ប្រធាន​សមាគម AMVQ បាន​បញ្ជាក់ថា សត្វ​ដែល​ឈ្នះ​រង្វាន់​ទាំងពីរ ក៏​មិន​ប្រាកដថា ពួកវា​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ទីក្រុង​កេ​ប៊ិច នោះឡើយ ប៉ុន្តែ​ដោយសារតែ​ពួកគេ​មានការ​ចិញ្ចឹម​បីបាច់ និង​ការអះអាង​ពី​អាយុ​បាន​ត្រឹមត្រូវ​ពិតប្រាកដ​។​

​អ្នកស្រី បាន​លើកឡើងថា​៖ «​ពិតណាស់ អាចមាន​ឆ្កែ ឬ​ឆ្មា ដែលមាន​អាយុ​ច្រើនជាង​នេះ ប៉ុន្តែ​យើង​មិនឃើញ​មានការ​បញ្ជាក់​ឲ្យ​បាន​ត្រឹមត្រូវ​នោះឡើយ​»​។ ប្រធាន​សមាគម​ពេទ្យសត្វ​រូបនេះ បាន​វាយតម្លៃ​ផងដែរ​ថា បើ Hortense ជាម​នុស្ស វា​អាចមាន​អាយុ​រហូតដល់​ទៅ​១២០​ឆ្នាំ រីឯ Cachou អាច​ឡើងដល់​ក្នុង​រង្វង់​១០០​ឆ្នាំ​ផងដែរ​។​



​អ្នកស្រី Suzuanne Janlin ដែលជា​ម្ចាស់​ឆ្មា បាន​បញ្ជាក់ថា Hortense ជា​សត្វ​ដែល​ពិការភ្នែក ប៉ុន្តែ​វា​មាន​សុខភាព​រឹងមាំ ដោយ​លោត​ចុះ​ឡើងលើ​គ្រែ​។ ជាពិសេស​ឆ្មា​មួយ​ក្បាល​នេះ ទទួលបាន​ការថែទាំ​យ៉ាង​ត្រឹមត្រូវ​។ ជាមួយគ្នានេះ អ្នកស្រី Josee Bibeau ដែលជា​ម្ចាស់​របស់ Cachou បាន​លើកឡើងថា វា​ជា​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​មួយ ដែល​អ្នកស្រី​បាន​នាំ​ឆ្កែ​ជាទី​ស្រឡាញ់​របស់ខ្លួន​ឡើង​ទទួល​ពានរង្វាន់​។​

​ក្រោយ​ការទទួលបាន​រង្វាន់​ជា​សត្វ​ឆ្មា និង​ឆ្កែ ដែលមាន​វ័យ​ចំណាស់​ជាងគេ​នៅ​កេ​ប៊ិច Hortense និង Cachou ក៏ត្រូវ​បាន​នាំ​ទៅកាន់​ទីក្រុង​ម៉ុងរ៉េអាល់ ដើម្បី​ចូលរួម​ក្នុង​សន្និបាត​ពេទ្យសត្វ​ប្រចាំឆ្នាំ​លើក​ទី​២៨ ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ក្រុង​ម៉ុងរ៉េអាល់ Palais des congres ផងដែរ​៕


Tag:
 សមាគម​ពេទ្យសត្វ​
  ឆ្កែ​
  ឆ្មា
© រក្សាសិទ្ធិដោយ thmeythmey.com