កីឡាជាតិ
ជាតិ
កា​រ៉ា​តេ​ដូ​កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​២ និង​សំរឹទ្ធ​៤​ពី​ជើងឯក​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី​
09, May 2017 , 11:39 am        
រូបភាព
ដោយ:
​ប្រតិភូ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា​បាន​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ​ហើយ ដោយបាន​ពាំនាំ​នូវ​មេដាយ​សរុប​ចំនួន​៦ ពី​ការប្រកួត​កីឡា​កា​រ៉ា​តេ​ដូ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៨​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ជូន​ជាតិ​។ ក្រៅពី​មេដាយ​ទាំងនេះ​កា​រ៉ា​តេ​ដូ​កម្ពុជា​ទទួលបាន​ជោគជ័យ​ដ៏​ធំ​មួយទៀត គឺ​ការជាប់​ជា​អាជ្ញាកណ្តាល និង​ចៅក្រម​អន្តរជាតិ​ប្រចាំ​ទ្វីបអាស៊ី​។ ប្រតិភូ​កីឡា​កា​រ៉ា​តេ​ដូ ទទួលបាន​ការស្វាគមន៍​យ៉ាង​កត់​ក្តៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​សម្រាប់​ការវិលត្រឡប់​នេះ​។



​ក្រោយ​ឆ្លងកាត់​ការប្រកួត​អស់​រយៈ​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៥ ខែឧសភា ក្រុម​កីឡាករ​កា​រ៉ា​តេ​ដូ​កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​២ និង​សំរឹទ្ធ​៤​ពី​ការប្រកួត​កីឡា​កា​រ៉ា​តេ​ដូ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៨​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែលមាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​៧​ចូលរួម​។ មេដាយប្រាក់​ទាំងពីរ​នេះ រកបាន​ដោយ​កីឡាករ កាក់ សីលា​បញ្ញា និង​កីឡាករ ទេព ស្ទី​វ​យុទ្ធ​ថា​ណា រីឯ​មេដាយ​សំរឹទ្ធ​ដណ្តើមបាន​ម្នាក់​មួយ​ដោយ​កីឡាករ ឆេង ច័ន្ទដារ៉ា​រតនៈ​, ហេ សូ​ផាន់​ណា​រ៉ូ​, គីម សុវណ្ណ​រ៉ា និង​កីឡាករ ឆើ​ន ឆេង​លីម​។   



​ក្រៅពី​មេដាយ​ទាំងនេះ កា​រ៉ា​តេ​ដូ​កម្ពុជា​ទទួលបាន​ជោគជ័យ​ដ៏​ធំ​មួយទៀត គឺ​លោក ធឿន ឈាង​ហាក់ បាន​ប្រឡង​ជាប់​ជា​អាជ្ញាកណ្តាល និង​ចៅក្រម​អន្តរជាតិ​កម្រិត B ប្រចាំ​ទ្វីបអាស៊ី នា​ការប្រកួត​អាជ្ញាកណ្តាល​អន្តរជាតិ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែលមាន​បេក្ខជន​ចូលរួម​ប្រមាណ​ជាជាង​៤០​នាក់​។



​អនុប្រធាន​ខេមរៈ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ លោក សាយ ណូ​រ៉ា ដែលជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​កីឡាករ​កា​រ៉ា​តេ​ដូ​កម្ពុជា​ឲ្យ​ចូលរួម​ព្រឹត្តិការណ៍​នេះ បានចាត់ទុក​លទ្ធផល​នេះ​ជា​ជោគជ័យ​មួយ​ដ៏​ធំធេង​សម្រាប់​សហព័ន្ធ​ក៏ដូចជា​ប្រទេស​ទូទាំង​មូល​។ លើសពីនេះ វា​មោទកភាព ក៏​ដូច​ឱកាស​មួយ​ដែល​សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​យ៉ាងច្រើន​ចូលរួម​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​នេះ ព្រោះ​កីឡាករ​ទទួល​បទពិសោធ​ន៍ និង​បច្ចេកទេស​ល្អៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​រីកចម្រើន​។



​ប្រធាន​ប្រតិភូ​រូបនេះ​បាន​រៀបរាប់​បន្តទៀតថា ការ​ប្រ​កូត​នេះ​មាន​លក្ខណ​តាន​តឺង និង​ស្វិតស្វាញ​បំផុត​ទម្រាំ​ទទួលបាន​មេដាយ ព្រោះ​កីឡាករ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​សុទ្ធសឹង​មាន​សមត្ថភាព​ខ្ពស់ ជាពិសេស​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និង​ថៃ ដែលជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​កម្ពុជា​។

​ជាមួយគ្នានេះ លោក សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា បាន​ចាត់​ជ័យ​ជ​ន្នះ និង​ការជាប់​ជា​អាជ្ញាកណ្តាល​អន្តរជាតិ​ជា​លទ្ធផល​ដែល​កំពុង​ឆ្លើយតប​ទៅនឹង​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​ក្រសួង ក៏ដូចជា​សហព័ន្ធ​ដែល​បានកំណត់​សម្រាប់​ត្រៀម​ចូលរួម​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន និង​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។



​លោក​បាន​បន្ថែមថា បន្ទាប់​ពីនេះ​សហព័ន្ធ​នឹង​រៀបចំ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក និង​បញ្ជូន​កីឡាករ​ឲ្យ​ទៅ​ហ្វឹកហាត់​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ក៏ដូចជា​ជួល​គ្រូបង្វឹក​បរទេស​មក​ប​ណ្តុះ​បណ្តាល ក៏ដូចជា​បង្ហាត់​ដោយនៅ​កម្ពុជា​ផ្ទាល់​តែម្តង​។ លោក​បន្តថា បច្ចុប្បន្ន​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា​លោក អូន ព័ន្ធមុន្នីរ័ត្ន កំពុង​ទាក់ទង​ទៅកាន់​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​របស់​ជប៉ុន ដើម្បី​សុំ​ជំនួយ​ផ្នែក​បង្វឹក​តាម​ផ្នែក​នីមួយៗ​មក​បង្វឹក​ដល់​កីឡាករ​កម្ពុជា​។



​គួរ​បញ្ជាក់ថា កា​រ៉ា​តេ​ដូ​កម្ពុជា​បាន​បញ្ជូន​១២​នា​ក់រូម​ជាមួយ​គ្រូបង្វឹក​ប្រធាន​ប្រតិភូ​ចំនួន​៨​នាក់​ឲ្យ​ចូលរួម​ប្រកួត​កីឡា​កា​រ៉ា​តេ​ដូ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែលមាន​ប្រទេស​ចំនួន​៧​ចូលរួម​ដូចជា ឥណ្ឌូនេស៊ី​, កម្ពុជា​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, វៀតណាម​, ថៃ និង​ព្រុយ​ណេ​។ ប្រតិភូ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា​បានមក​ដល់​មាតុប្រទេស​វិញ​ហើយ​កាលពី​ម្សិលមិញ ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រួមជាមួយ​ថ្នាក់ដឹកនាំ​សហព័ន្ធ កីឡាករ កីឡាការិនី យ៉ាងច្រើន​កុះករ​នៅ​ទីស្នាក់ការ NOCC៕


Tag:
 កា​រ៉ា​តេ​ដូ​
  សាយ ណូ​រ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com