អន្តរជាតិ
ចិន គាំទ្រ​សង្គ្រាម​គ្រឿងញៀន​ហ្វីលីពីន ខណៈពេល​ប្រទេស​ផ្សេង​រិះគន់​កប់​មាត់​
09, May 2017 , 8:39 pm        
រូបភាព
តំណាងរបស់ចិននិយាយគាំទ្រហ្វីលីពីនក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបភាព Rappler)
តំណាងរបស់ចិននិយាយគាំទ្រហ្វីលីពីនក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបភាព Rappler)
​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​របាយការណ៍​សិទ្ធិមនុស្ស​សកល​នៅ​ស្នាក់ការ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ចិន បាន​ចេញមុខ​សរសើរ​ហ្វីលីពីន​ជុំវិញ​ការការពារ និង​ការលើកកម្ពស់​សិទ្ធិមនុស្ស ខណៈ​សមាជិក​ផ្សេងទៀត​បាន​រិះគន់​ធ្ងន់ៗ​លើ​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​។ ក្រៅពី​ការលើកសរសើរ ចិន ក៏​ប្រាប់​ឲ្យ​សហគមន៍​អន្តរជាតិ​គោរព​អធិបតេយ្យ​ហ្វីលីពីន​ផងដែរ​។



​សង្គ្រាម​បោសសម្អាត​គ្រឿងញៀន​នៅ​ហ្វីលីពីន​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte)  នៅតែ​ប្រធាន​ក្ដៅ​ដដែល​។ នៅ​ថ្ងៃទី​៨ ខែឧសភា តំណាង​រដ្ឋាភិបាល​ហ្វីលីពីន បាន​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​របស់ខ្លួន​ចំពោះមុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​។ ការការពារ​របាយការណ៍​ដែល​តែង​ធ្វើឡើង​រៀងរាល់​៤​ឆ្នាំ​ម្ដង ធ្វើឡើង​ក្រោម​ការរិះគន់​យ៉ាងខ្លាំង​ដោយសារ​ការសម្លាប់​មនុ​ស្ស​រាប់ពាន់នាក់​ក្នុង​យុទ្ធនាការ​សម្អាត​គ្រឿងញៀន​នេះ​។​

​ខណៈដែល​ប្រទេស​ចំនួន​៤៥ បង្ហាញ​ការព្រួយបារម្ភ​ជុំវិញ​ការសម្លាប់​មនុស្ស​នេះ តំណាង​របស់​ចិន​បែរជា​ចេញមក​អបអរ​ហ្វីលីពីន​លើ​ការប្រឹងប្រែង​ដោយ​ឥតឈប់ឈរ​ក្នុងការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ទៅវិញ​។ បន្ថែម​ពីលើ​នោះ ចិន ដែល​កំពុង​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​ហ្វីលីពីន ក៏​គាំទ្រ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​របស់​ប្រធានាធិបតី ឌូ​ទើ​តេ បើទោះជា​រដ្ឋាភិបាល​ហ្វីលីពីន​ធ្លាប់​ប្រកាសថា មាន​ជនជាតិ​ចិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គ្រឿងញៀន​ក្ដី​។​

​ក្នុង​កិច្ចប្រជុំ សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បានផ្ដល់​យោបល់​រៀងៗ​ខ្លួន​ជា​បន្តបន្ទាប់​លើ​សំណុំរឿង​សិទ្ធិមនុស្ស​របស់​ហ្វីលីពីន ហើយ​ភាគច្រើន​សុទ្ធតែ​ព្រួយបារម្ភ​លើ​ការស្លាប់​របស់​មនុ​ស្សរា​ប់​ពាន់​នាក់​។ សារព័ត៌មាន Rappler ផ្សាយ​ថា ពេល​ដល់​វេន​របស់ខ្លួន ចិន បែរជា​បានបង្ហាញ​ជំហរ​ខុសពី​សមាជិក​ដទៃទៀត ដោយបាន​លើកសរសើរ​ហ្វីលីពីន និង​បានស្នើ​ឲ្យ​ប្រទេស​ផ្សេង​គោរព​អធិបតេយ្យ និង​បន្ត​គាំទ្រ​ហ្វីលីពីន​ក្នុង​សង្គ្រាម​គ្រឿងញៀន​នេះ​។​

​ដោយឡែក​តំណាង​ហ្វីលីពីន​វិញ បាន​ប្រាប់​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ថា នៅ​ហ្វីលីពីន​គ្មាន​ការសម្លាប់​ថ្មីៗ​ទៀត​កើតឡើង​ឡើយ​។ សមាជិក​ព្រឹទ្ធសភា Alan Peter Cayetano សហប្រធាន​ប្រតិភូ​ហ្វីលីពីន និង​ជា​សម្ព័ន្ធមិត្ត​លោក ឌូ​ទើ​តេ ក៏បាន​រិះគន់​ចំៗ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច ដែល​រាយការណ៍​ព័ត៌មាន​មិន​ត្រឹមត្រូវ ព្រោះ​យក​ព័ត៌មាន​ក្លែងក្លាយ​ពី​ក្រុមប្រឆាំង​ប្រធានាធិបតី ឌូ​ទើ​តេ ទៅវិញ​។​

​អាច​និយាយបានថា នេះ​ជា​មិនមែនជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល ព្រោះ​អី​ទំនាក់ទំនង​ចិន​និង​ហ្វីលីពីន កំពុង​ស្អិតល្មួត​ខ្លាំង​នាពេល​ច​ប្ចុ​ប្បន្ន​។ ការនិយាយ​លើកសរសើរ​ហ្វីលីពីន​ពេលនេះ អាចជា​យុទ្ធសាស្ត្រ​របស់​ចិន ដើម្បី​កុំ​ឲ្យ​ហ្វីលីពីន​លើក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មក​និយាយ ហើយ​ផ្ដោត​តែ​ទំនាក់ទំនង​សេដ្ឋកិច្ច​វិញ​។ ទំនាក់ទំនង​នេះ កាន់តែ​ល្អប្រសើរ​ក្នុងសម័យ​ដឹកនាំ​របស់លោក ឌូ​ទើ​តេ ដែល​ព្យាយាម​ស្ដារ​ទំនាក់ទំនង​ជាមួយ​ចិន ហើយ​សុខចិត្ត​ទុក​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយឡែក​៕


Tag:
 ចិន​
  ហ្វីលីពីន​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com