ជាតិ
ស្វែងយល់​ពី​ក្រុម​ឧទ្ទាម Anti-Balaka ដែល​វាយប្រហារ​លើ​ទ័ព​មួក​ខៀវ​កម្ពុជា និង​ម៉ា​រ៉ុ​ក​
10, May 2017 , 12:10 pm        
រូបភាព
​ជម្លោះ​ប្រដាប់អាវុធ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ជា​ជម្លោះ​ស្មុគស្មាញ​បំផុត​មួយ​។ តាមពិតទៅ​ជម្លោះសាសនា​សុទ្ធសាធ​ដែល​បង្កឡើង​ដោយ​ក្រុម​ប្រដាប់អាវុធ​ពីរ​ក្រុម​ដែល​ម្ខាង​ជា​អ្នក​ប្រកាន់​សាសនា​ឥស្លាម និង​ម្ខាង​ទៀត​ជា​តំណាង​ក្រុម​អ្នក​កាន់​គ្រឹ​ស្ត​។ ពួកគេ​បន្ត​សងសឹក​គ្នា​ទៅវិញទៅមក និង​ព្យាយាម​ដណ្តើម​អំណាច​គ្រប់គ្រង​ប្រទេស​រៀងៗ​ខ្លួន​។



​នៅ​ឆ្នាំ ២០១២ ក្រុម Seleka ដែល​​ជា​ក្រុម​ឧទ្ទាម​តំណាង​ឲ្យ​ប្រជាជន​ម៉ូ​ស្លី​ម​ស្ថិតនៅ​ភាគ​ខាងជើង បានចាប់​ផ្តើមចេញ​ប្រយុទ្ធប្រឆាំង​រដ្ឋាភិបាល​ស្របច្បាប់​រដ្ឋធានី Bangui​។  ក្រុម Seleka នេះ​មាន​សមាជិក​ភាគច្រើន​ជា​ក្រុម​ប្រជាជន​ម៉ូ​ស្លី​ម និង​បណ្តា​ក្រុម​នយោបាយ​ដែល​មិន​ពេញចិត្ត​អតីត​ប្រធានាធិបតី Francois Bozize ដែល​តំណាង​ឲ្យ​ក្រុម​អ្នក​កាន់សាសនា​គ្រឹ​ស្ត​នោះ​។ ក្រោយពេល​ចំណាយពេល​ប្រយុទ្ធប្រឆាំង​រដ្ឋាភិបាល​អស់​ជាច្រើន​ខែ ក្រុម​នេះ​ដណ្តើម​អំណាច​បាន​និង​ផ្តួលរំលំ​រដ្ឋាភិបាល​លោក Francois Bozize នៅ​រដ្ឋធានី Bangui នៅ​ខែមីនា ឆ្នាំ ២០១៣​។ មេដឹកនាំ​ក្រុម​ឧទ្ទាម​ដែល​តំណាង​ឲ្យ​ប្រជាជន​ម៉ូ​ស្លី​ម​នេះ​ឈ្មោះ Michel Djotodia ប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​កាលនោះ​។​

​ប៉ុន្តែ​បន្ទាប់​ក្រុម​ឧទ្ទាម Seleka ដណ្តើម​កាន់កាប់​រដ្ឋាភិបាល​បាន ចលនា​ក្រុម​សកម្មប្រយុទ្ធ (​និង​បណ្តាញ​ក្រុម​ភេរវជន​) ដែលជា​អ្នក​ប្រកាន់​សាសនា​គ្រឹ​ស្ត​គាំទ្រ​ប្រធានាធិបតី Francois Bozize និង​មាន​ឈ្មោះថា Anti-Balaka បាន​ចេញមុខ​ប្រយុទ្ធ​ម្តង​។ ពួកគេ​ជា​តំណាង​ឲ្យ​ប្រជាជន​គ្រឹ​ស្ត​នៅ​ភាគខាងត្បូង​ប្រទេស ហើយ​ពួកគេ​មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ម៉ូ​ស្លី​ម Seleka​។ នេះ​ក៏ដោយ​សារ​គេ​បារម្ភ​ពី​បញ្ហា​ប្រឈម​ដូចជា​ការរើសអើង ដោយសារ​សាសនា និង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ជាដើម​។​

​ប៉ុន្តែ​មិនយូរប៉ុន្មាន​ឡើយ លោក Michel Djotodia ដែល​ដឹកនាំ​រដ្ឋាភិបាល​នេះ​បានប្រកាស​រំលាយ​ក្រុម​ឧទ្ទាម Seleka ចោល​ដើម្បី​ឈានទៅ​បង្កើត​សន្តិភាព​នៅក្នុង​ប្រទេស​។ នៅ​ឆ្នាំ ២០១៤ ប្រធានាធិបតី​បណ្តោះអាសន្ន​ដែលជា​ស្ត្រី​ដំបូង​បំផុត​លោកស្រី Catherine Samba-Panza ត្រូវបាន​គេ​ជ្រើសរើស​ជា​ផ្លូវការ​ឲ្យ​គ្រប់គ្រង​ប្រទេស​ដែល​គ្មាន​ច្បាប់ទម្លាប់​នេះរ​ហូ​ដល់​ដើមឆ្នាំ​២០១៦​ ​។ លោកស្រី​ជា​មនុស្ស​ម្នាក់​ដែលមាន​និន្នាការ​កណ្តាល​និយម​និង​ជា​មនុស្ស​អព្យាក្រឹត​។ ដូច្នេះហើយ​គ្រប់គ្នា​រំពឹងថា លោកស្រី​អាចធ្វើ​ជា​ប្រធានាធិបតី និង​ជា​អ្នក​ផ្សះផ្សា​ជម្លោះសាសនា​ដ៏​ស្មុគស្មាញ​នេះ​បាន​។

​ត្រឡប់​ម​កវិញ ទោះជា​ក្រុម​ឧទ្ទាម Seleka ត្រូវបាន​គេ​ប្រកាស​រំលាយចោល​ក៏ដោយ ក្រុម​ប្រដាប់អាវុធ​ខ្លះ​មិន​ពេញចិត្ត​ចំពោះ​ការសម្រេចចិត្ត​នេះឡើយ ដែល​វា​បាន​បង្ក​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​ផង​។ ខ្លះ​សុខចិត្ត​ចូលរួម​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​ថ្មី ខ្លះ​ក៏​សុខចិត្ត​បន្ត​កាន់​អាវុធ​ធ្វើជា​ក្រុម​ឧទ្ទាម​ទ័ពព្រៃ​សងសឹក​ក្រុម​សកម្មប្រយុទ្ធ​គ្រឹ​ស្ត Anti-Balaka ទៀត​។​

​ចំណែក​ក្រុម​សកម្មប្រយុទ្ធ​ដែល​កាន់សាសនា​គ្រឹ​ស្ត Anti-Balaka ដែល​តាំងខ្លួន​ជា​អ្នកប្រឆាំង​ក្រុម​ម៉ូ​ស្លី​ម​នោះ​បន្តសកម្មភាព​វាយប្រហារ​និង​ធ្វើទុក្ខបុកម្នេញ​លើ​បណ្តា​សហគមន៍​ម៉ូ​ស្លី​ម​នៅ​ទូទាំងប្រទេស​។ ដូច្នេះហើយ​ទើប​ក្រុម​នេះ​បន្ត​សងសឹក​គ្នា​ទៅវិញទៅមក​ជាមួយ​ក្រុម​ប្រដាប់អាវុធ Seleka មួយចំនួន​ដែល​មិន​ចូលរួម​ជាមួយ​ទាហាន​រដ្ឋាភិបាល​ខាងលើ​នោះ​។ បើតាម​ក្រុម​សិទ្ធិមនុស្ស​ក្រុម​ប្រដាប់អាវុធ​ទាំងពីរ​សុទ្ធតែ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ដូចគ្នា​។​

​ដោយសារ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ព្រោះ​ការប្រយុទ្ធ​មិនមាន​ថមថយ នៅ​ខែមេសា​ឆ្នាំ ២០១៤ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានសម្រេច​បង្កើត​កង​ម្លាំ​ង​ថែរក្សា​សន្តិភាព MINUSCA  (The UN Multidimensional Integrated Stabilization Mission in the Central African Republic)  ដែលមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហភាព​អាហ្វ្រិក និង​កម្លាំង​បារាំង​ដែលមាន​វត្ត​មាននៅ​ទីនោះ​ស្រាប់​។

​នៅ​ដើមឆ្នាំ ២០១៦ ដូច​បាន​គ្រោងទុក ការបោះឆ្នោត​ប្រធានាធិបតី​ត្រូវបាន​រៀបចំឡើង​។ លោកស្រី Catherine Samba-Panza ចុះ​ចេញពី​តំណែង ហើយ​ប្រធានាធិបតី​ថ្មី Faustin-Archange Touadéra​ឡើងកាន់​កាប់​ប្រទេស​វិញ​ម្តង​នៅ​ខែមីនា​ឆ្នាំ ២០១៦​។ លោក Touadera ដែល​ធ្លាប់​បម្រើ​ការងារ​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៣ បានដាក់​ចេញ​គោលនយោបាយ​ផ្សះផ្សា​ជាតិ​និង​ទទូច​ឲ្យ​ក្រុម​ឧទ្ទាម​ចូលរួម​បង្កើត​សន្តិភាព​ដោយ​រំសាយ​អាវុធ​ផងដែរ ប៉ុន្តែ​ក្រុម​សកម្មប្រយុទ្ធ​អតីត​ក្រុម Seleka និង​ក្រុម Anti-Balaka សុទ្ធតែ​ពហិកា​ចូលរួម​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព​នេះ​។​ហេតុនេះហើយ​រដ្ឋាភិបាល​ក្រុង Bangui ដែល​បានទទួល​ការ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​នៅតែ​មិនមាន​អំណាច​ពេញលេញ​គ្រប់គ្រង​ប្រទេស​ទាំងមូល​នៅឡើយ​។​

​គេ​នៅ​ឃើញ ក្រុម​សកម្មប្រយុទ្ធ​ទាំងពីរ​ខាងលើ​ដែល​នៅមាន​អាវុធ​ក្នុង​ដៃ​បន្ត​ប្រព្រឹត្ត​អំពើហិង្សា​ប្រដាប់អាវុធ និង វាយប្រហារ​លើ​ក្រុម​កងកម្លាំង​រក្សា​សន្តិភាព ក្រុមការងារ​មនុស្សធម៌ ជា​ហូរហែរ និង​បង្ក​ឲ្យ​សណ្តាប់​ធ្នាប់និង​សន្តិសុខធ្លាក់​ដុនដាប​កាន់តែ​អាក្រក់​ទៅ។ នៅ​ខែមករា​ឆ្នាំ ២០១៧ ក្រុម​ទាហាន​រក្សា​សន្តិភាព​ពីរ​នាក់​ត្រូវបាន​ក្រុម​ឧទ្ទាម​សម្លាប់​។ នៅ​ថ្ងៃ​ចន្ទ​ទី ៨ ខែ ឧសភា ក្រុម​ឧទ្ទាម Anti-Balaka បាន​វាយប្រហារ​លើ​កងកម្លាំង​ថែរក្សា​សន្តិភាព MINUSCA ដែល​បណ្តាល​ឲ្យ​កងទ័ព​មួក​ខៀវ​ខ្មែរ​៤​នាក់​ស្លាប់ របួស​១​នាក់ រីឯ​ទ័ព​ម៉ា​រ៉ុ​ក បាត់​ខ្លួន​១​នាក់ និង​របួស​៧​នាក់​។ ជាមួយគ្នានេះ ភាគី​ខាង​ឧទ្ទាម ត្រូវបាន​រាយការណ៍​ថា ស្លាប់​៨​នាក់​៕


Tag:
 ​ឯកសារ​
  ឧទ្ទាម Anti-Balaka
  កងទ័ព​មួក​ខៀវ​
© រក្សាសិទ្ធិដោយ thmeythmey.com