អន្តរជាតិ
ស្ថាប័ន FBI រង្គោះរង្គើ ដោយសារ ត្រាំ បណ្តេញ Comey ពី​តំណែង
11, May 2017 , 9:26 am        
រូបភាព
​នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) លោក James Comey ត្រូវបាន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បណ្ដេញ​ចេញពី​តំណែង ដែលជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។ មិនមាន​មូលហេតុ​ច្បាស់លាស់​នេះ​ការបញ្ចប់​តំណែង​លោក Comey ត្រូវបាន​បញ្ចេញ​ឡើយ ប៉ុន្តែ​អាចទាក់ទង​នឹង​ការស៊ើបអង្កេត​ការ​លូកលាន់​កិច្ចការ​បោះឆ្នោត​ពី​សំណាក់​រុស្ស៊ី​។ គេ​ក៏​មិនទាន់​ដឹងថា​លោក ត្រាំ ជ្រើសរើស​នរណា​ជានា​យក FBI ថ្មី​ដែរ​។​



​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) កំពុងស្ថិត​ក្នុងស្ថានភាព​រង្គោះរង្គើ​ខ្លាំង ដោយសារ​ការបញ្ចប់​តំណែង​លោក James Comey ជា​នាយក​ការិយាល័យ​នេះ​។ បុគ្គលិក FBI ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​ដោយសារ​រឿងនេះ ដ្បិត​លោក ដូ​ណា​ល់ ត្រាំ សម្រេចចិត្ត​បណ្ដេញ​លោក Comey ដោយ​ភ្លាមៗ​ពេក​។ ចំណែកឯ​ក្រុម​ប្រជាធិបតេយ្យ ក៏បាន​រិះគន់​ខ្លាំងៗ​លើ​ការសម្រេចចិត្ត​នេះដែរ​។  

​បើទោះជា​ក្នុង​លិខិត​បញ្ចប់​តំណែង​បានលើកឡើង​ថា​នេះ​ជាការ​ស្ដារ​ទំនុកចិត្ត​ប្រជាជន​ឡើងវិញ​ក្ដី មូលហេតុ​សំខាន់​នៃ​ការបណ្ដេញចេញ​នេះ ទំនង​ជាមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេត​ជុំវិញ​ការ​លូកដៃ​មក​ចូល​ការបោះឆ្នោត​ពី​សំណាក់​រុស្ស៊ី​។ លោក Comey ដែល​ត្រូវបានតែងតាំង​ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា គឺ​កំពុង​ដឹកនាំ​ការស៊ើបអង្កេត​យុទ្ធនាកា​រ​របស់លោក ត្រាំ ថា​មាន​ជាប់ទាក់ទង​ជាមួយ​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦ ឬ​យ៉ាងណា​។​

​ក្រុម​ប្រជាធិបតេយ្យ​បាន​ហៅ​ការបញ្ចប់​តំណែង​នេះ ជាការ​បិទបាំង​ការស៊ើបអង្កេត​ការរៀបចំ​លទ្ធផល​បោះឆ្នោត​ដែល​ដឹកនាំ​ដោយ​លោក Comey ផ្ទាល់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក ត្រាំ បានសម្រេច​ចិត្ត​បែបនេះ ដោយ​មិន​ផ្ដល់ដំណឹង​មុន​ឡើយ សូម្បីតែ​លោក Comey ក៏​ភ្ញាក់ផ្អើល​ផងដែរ​។ មន្ត្រី FBI ត្រូវបាន​កោះប្រជុំ​បន្ទាន់​ភ្លាមៗ​ក្រោយ​ចេញ​ដំណឹង​បញ្ចប់​តំណែង​នេះ និង​កំពុង​រង់ចាំ​មេដឹកនាំ​ថ្មី​។​

​តាមពិតទៅ អាណត្តិ​លោក Comey នៅសល់​ជាង ៦​ឆ្នាំ​ទៀត​ឯណោះ​។ លោក គឺជា​មន្ត្រី​អនុវត្ត​ច្បាប់​ទី​៣ ដែល​ត្រូវ​លោក ត្រាំ បណ្ដេញចេញ ចាប់តាំងពី​លោក​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា​។ មន្ត្រី​២ នាក់​ទៀត​ដែល​ត្រូវ​បណ្ដេញចេញ​ដែរនោះ គឺ​លោក Preet Bharara រដ្ឋអាជ្ញា​តំបន់​នៅ​សង្កាត់​ខាងត្បូង​នៃ​ទីក្រុង New York និង​លោកស្រី Sally Yates អតីតរដ្ឋមន្ត្រី​ស្ដីទី​ក្រសួងយុត្តិធម៌​។ 

​ក្នុង​លិខិត​បញ្ចប់​តំណែង លោក ត្រាំ និយាយថា លោក​សម្រេចចិត្ត​បែបនេះ​បន្ទាប់ពី​ទទួល​ការផ្ដល់​យោបល់​ពី​រដ្ឋមន្ត្រី​យុត្តិធម៌ Jeff Sessions និង​អនុរដ្ឋមន្ត្រី Rod Rosenstein​។ ប៉ុន្តែ​លោក​មិនទាន់​សម្រេចចិត្ត​រក​អ្នក​ជំនួស​តំណែង​លោក Comey នៅឡើយ​។ យ៉ាងណាក្ដី បេក្ខជន​ណាក៏ដោយ ដែល​ត្រូវបាន​លោក ត្រាំ ជ្រើសរើស នឹងត្រូវ​រង់ចាំ​ការសម្រេចចិត្ត​ពី​សំណាក់​ព្រឹទ្ធសភា​សិន មុន​ចូលកាន់​តំណែង ដែល​គេ​រំពឹងថា ក្រុម​ប្រជាធិបតេយ្យ នឹង​បង្ក​ព្យុះភ្លៀង​មិនខានឡើយ​៕  


Tag:
 អាមេរិក​
  FBI
  James Comey
© រក្សាសិទ្ធិដោយ thmeythmey.com