កីឡាអន្តរជាតិ
អន្តរជាតិ
AFC Asian Cup៖ ម៉ាឡេស៊ី​ប្តឹង​ជំទាស់ AFC ក្រោយ​សម្រេច​ឲ្យ​ប្រកួត​នៅ​ព្យុងយ៉ាង​
11, May 2017 , 7:19 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​ប្តឹង​ជំទាស់​នឹង​ការសម្រេច​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ដោយ​ឲ្យ​ខ្លួន​លេង​ជាមួយ​កូរ៉េខាងជើង​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​នៃ​ពានរង្វាន់​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ​២០១៩​។​



​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វី​អាស៊ី​(AFC) បានប្រកាសថា​ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង​នឹង​ទទួល​ស្វាគមន៍​ក្រុម​ម៉ាឡេស៊ី​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ពាន AFC Asian Cup ឆ្នាំ​២០១៩ នា​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៧ នា​កីឡាដ្ឋាន Rungrado May Day នៅ​រដ្ឋធានី​ព្យុងយ៉ាង​។ ការ​សម្រេស​នេះ​សមាគមន៍​កីឡាបាល់ទាត់​ម៉ាឡេស៊ី (FAM) បាន​សម្តែង​ការមិន​ពេញចិត្ត និង​បាន​ប្តឹង​ទៅនឹង​ការសម្រេច​របស់ AFC​។

FAM ព្រួយបារម្ភ​អំពី​សុ​ន្តិ​សុខ​របស់​កីឡាករ​ខ្លួន ហើយ​លើកឡើងថា​ការប្រកួត​រវាង​កូរ៉េខាងជើង និង​ម៉ាឡេស៊ី​គួរតែ​ធ្វើឡើង​នៅក្នុង​ទឹកដី​កណ្តាល​ល្អជា​ជាង​ធ្វើ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​។ ការព្រួយបារម្ភ​នេះ​ដោយសារ​កន្លងមក​ម៉ាឡេស៊ី​មាន​បញ្ហា​ការទូត​ជាមួយ​កូរ៉េខាងជើង​ជុំវិញ​ករណី​ឃាតកម្ម​លើ​លោក​គីម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​លោក គីម ជុង​អ៊ុន​។​



​ជុំវិញ​ឃាតកម្ម​លើ​លោក​គីម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន កាលពី​ខែកុម្ភៈ​កន្លងទៅ បាន​បង្កឱ្យមាន​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំងពីរ ដោយមាន​ការហាម​ប្រាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើដំណើរ​ចាក​ចេញពី​ប្រទេស ហើយ​ថែមទាំង​មាន​ការដក​ឯកអគ្គរ​ដ្ឋ​ទូត​ចេញ​រៀងៗ​ខ្លួន​ទៀតផង​។​

​ប៉ុន្តែ​ក្រោយពី​ដោះស្រាយ​បញ្ហា​ការទូត​រវាង​ប្រទេស​ទាំងពីរ​រួចរាល់ ដោយ​ម៉ាឡេស៊ី​បាន​យល់ព្រម​បញ្ជូន​សព​លោក គីម ជុង​ណា​ម ទៅ​ឲ្យ​កូរ៉េខាងជើង​វិញ​តាម​សំណើរ​របស់​ក្រុង​ព្យុងយ៉ាង ហើយ​កូរ៉េខាងជើង​ក៏​ព្រម​ដោះលែង​ប្រជាជន​ម៉ាឡេស៊ី​ឲ្យ​ត្រឡប់​ទៅវិញ​ទើប​កម្តៅ​ន​យោ​យ​បាយ​ប្រទេស​ទាំងពីរ​ក៏បាន​ធូរស្រាល​វិញ​ផងដែរ​។​

​សូមបញ្ជាក់ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​នេះ ដើម្បី​បាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត​។ ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​នេះ​ចែកចេញជា​៦​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ដោយ​កូរ៉េខាងជើង និង​ម៉ាឡេស៊ី​ស្ថិ​ន​នៅ​ពូ​ល​B ត្រូវ​ជួប លី​បង់ និង​ហុងកុង​៕


Tag:
 ​បាល់ទាត់​
  AFC Asian Cup
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com